ថ្ងៃ​ផ្ដាច់​ព្រ័ត្រ ស្វាយរៀង​ខាប់ មាន​ការ​សម្ដែង​​ពីម្ចាស់​បទ​មាន់​ស្រែ

  • 2019-01-04 04:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​អធិការ​នគរបាល​ក្រុង​បាវិត នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ ក្រុមបាល់ទាត់ សសយក ក្រុង​ស្វាយ​រៀង ក្នុង​វគ្គផ្តាច់ព្រ័ត្រ ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​លើកទី៤ ឆ្នាំ២០១៨ នៅ​ថ្ងៃសៅរ៍ ទី០៥ ខែ​មករា ឆ្នាំ២០១៩ នៅ​ពហុ​កីឡដ្ឋាន ខេត្ត​ស្វាយរៀង វេលាម៉ោង៥:៣០នាទីល្ងាច។

ក្រុមទាំង២ បាន​ឆ្លងកាត់​ឧបសគ្គ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រកួត​របស់​ខ្លួន មុន​​ឈាន​មក​ដល់​វគ្គ​ចុង​ក្រោយនេះ។ ក្រុម​បាល់ទាត់​អធិការ​នគរបាល​ក្រុង​បាវិត ដែល​មាន​មូល​ដ្ឋាន​មក​ពីក្រុងបាវិត ខេត្ត​ស្វាយរៀង បាន​យក​ជ័យជម្នះ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ក្រុម​សុភ័ក្តិ ម៉ូទ័រ FC ជីភូ ក្នុង​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​បច្ចេកទេស ១០-២។ ដោយឡែក​ក្រុម​សសយក ក្រុង​ស្វាយរៀង ដែល​មាន​មូល​ដ្ឋាន​មក​ពី​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង បាន​យក​ជ័យជំនះ​ដោយ​លទ្ធផលបច្ចេក​ទេស ៥-០ លើ​ក្រុម​សសយក ស្រុក​រមាស​ហែក ក្នុងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ នឹង​មាន​ការ​ប្រគុំតន្ត្រី ដោយ​មាន​ការ​ចូល​រួម​ច្រៀង និង​សម្តែង​ដោយ កញ្ញា រ៉ាប៉ី ម្ចាស់​បទ​មាន់​ស្រែ និងDJ Rose ហើយ​ថែម​ទាំង​មាន​ការ​បាញ់​កាំជ្រួច​អបអរសាទរ ក្រុម​ទទួល​បាន​ជយលាភី​ផង​ដែរ។

លើស​ពី​នេះ ក៏​មាន​ការ​ផ្សាយផ្ទាល់ តាម​រយៈទូរទស្សន៍ BTV News សម្រាប់​ផ្តល់​ទស្សនីយភាព​ដល់​អ្នក​គាំទ្រ ដែល​មិន​បាន​ទៅ​មើល​ផ្ទាល់​បាន​ទស្សនា​ផងដែរ។ ពាន​រង្វាន់​ស្វាយ​រៀងខាប់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ មក​ដល់​បច្ចុប្បន្ន ដោយ​មាន​ការ​ផ្តួចផ្តើម​ពី លោក ឌី វិជ្ជា អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង។

នៅ​ក្នុង​ការ​រៀបចំ​លើក​ទី១ ក្នុង​ឆ្នាំ២០១៥ មាន​ក្រុម​កីឡា​ចូល​រួម​ចំនួន​៣៣ ក្នុង​នោះ ក្រុម​បាល់​ទាត់​សសយក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក។ លើកទី២ ក្នុងឆ្នាំ២០១៦ មាន​ក្រុម​កីឡា​ចូលរួម​ចំនួន២៩ក្រុម ដោយ​ក្រុមបាល់ទាត់ សសយក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក។ លើកទី៣ ក្នុង​ឆ្នាំ​២០១៧ មាន​ក្រុម​កីឡា​ចូលរួម​ចំនួន៣៥ក្រុម ដោយ​ក្រុម​បាល់ទាត់ ធារី លីង​គួយ ដែល​មាន​មូល​ដ្ឋាន​មកពីក្រុងបាវិត ខេត្ត​ស្វាយរៀង ជា​ម្ចាស់​ជើងឯក។ ឈាន​ចូល​ដល់​ឆ្នាំ២០១៨ ជា​ការ​រៀបចំ​លើកទី៤ មាន​ក្រុម​កីឡា​ចូលរួម​ចំនួន៥២ក្រុម ដែល​ក្រុម​អធិការ​នគរបាល​ក្រុងបាវិត និង​ក្រុម​សសយក ក្រុង​ស្វាយរៀង នឹង​ដណ្ដើម​គ្នា​ធ្វើ​ជា​ម្ចាស់​ជើងឯក នៅ​ថ្ងៃសៅរ៍ ទី៥ ខែ​មករា ឆ្នាំ២០១៩នេះ។

​នៅ​ក្នុង​លក្ខខ័ណ្ឌ​ចូលរួម​នៅ​ឆ្នាំ២០១៨នេះ ក្រុម​កីឡា​ទាំងអស់​អាចមាន​កីឡាករ​ចាប់ពី​អាយុ១៦ឆ្នាំ​ឡើងទៅ ដោយ​មាន​ចំនួន​ច្រើន​បំផុត២៣នាក់ និង​តិចបំផុត១៧នាក់ ដោយ​០៣នាក់​អាច​នាំ​យក​កីឡាករ មក​ពី​ខេត្ត​ផ្សេង​ក្រៅ​ពី​ខេត្ត​ស្វាយ​រៀង និង​២០​នាក់​ទៀត ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង រឺ​មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​