Abramovich ទម្លាយ​ថា​លោក​អាច​ទិញ​ក្លឹប Arsenal មិន​មែន​ Chelsea ទេ​ តែ​ដោយសារ​កំហុស​​ធនាគារ​ស្វីស

  • 2019-01-06 13:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប Chelsea លោក Roman Abramovich អាច​ទិញ​​ក្លឹប Arsenal​ កាល​ពី​១៦​ឆ្នាំ​មុន មិន​មែន​ក្លឹប​ Chelsea នោះ​ទេ​តែ​ដោយសារ​កំហុស​របស់​ធនាគារ​ស្វីស។

ការ​ទម្លាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ថ្មី​មួយ​មាន​ចំណង​ជើង​ថា “The Club” សរសេរ​ដោយ​អ្នកនិពន្ធ​២​នាក់​របស់ Wall Street Journal ។

​​ខ្លឹមសារ​សៀវភៅ​ដែល​ត្រូវ​បាន​ដកស្រង់​ដោយ The Sun បាន​រៀបរាប់​ថា កាល​ពី​ឆ្នាំ ២០០៣ Abramovich បាន​ជួល​ធនាគារ​ស្វីស UBS ដើម្បី​ពិនិត្យ​មើល​សេដ្ឋកិច្ច​នៃ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​នៅ​អង់គ្លេស។

ការ​រក​ឃើញ​មួយ​របស់​ធនាគារ​ខាង​លើ​បាន​រាយការណ៍​ប្រាប់​លោក Abramovich ថា​ "ក្លឹប​កាំភ្លើង​ធំ Arsenal មិន​សម្រាប់​លក់​ទេ"។

ហេតុ​ដូច្នេះ​ Abramovich បាន​ងាក​ទៅ​ទិញ Chelsea ក្នុង​តម្លៃ ១៤០ លាន​ផោន (ប្រហែល ១៧៨ លាន​ដុល្លារ) ដោយ​ចាប់​តាំង​ពី​ពេល​នោះ​មក ក្លឹប​តោ​ខៀវ​បាន​ឈ្នះ​ពាន Premier League ៥​លើក និង Champions Leauge ១លើក ពោល​គឺ​នៅ​ឆ្នាំ​ដែល​មហាសេដ្ឋី​រូប​នេះ​បាន​កាន់កាប់ Stamford Bridge ក្លឹប​ Chelsea បាន​​ឈរ​លេខ​២ នៅ​រដូវ​កាល ២០០៣-០៤ ជា​ឆ្នាំ​ដែល Arsenal លើក​ពាន​មាស ហើយ​ត្រឹម​១​ឆ្នាំ​បន្ទាប់ Chelsea ក្លាយ​ជា​ម្ចាស់​ជើង​ឯក Premier League ហើយ​ចាប់​ផ្តើម​ក្លាយ​ជា​ក្លឹប​​ដ៏​ខ្លាំង​មួយ​នៅ​អង់គ្លេស។

Abramovich ភរិយា​របស់​លោក Irina ហើយ​និង​កូន​ប្រុស​ពួកគេ​នៅ​ Stamford Bridge ឆ្នាំ​២០០៧

តាមពិត Abramovich ក៏​ធ្លាប់​បាន​ជួប​ជាមួយ​ម្ចាស់​ក្លឹប Tottenham ដែរ​មុន​សម្រេច​ចិត្ត​ទិញ Chelsea ប៉ុន្តែ​កាល​ណោះ ខណៈ​ពេល​ដែល​រថយន្ត Mercedes របស់​លោក​កំពុង​បរ​នៅ​លើ​មហាវិថី​ Tottenham លោក​ក្រឡេក​មើល​ខាង​ក្រៅ​រថយន្ត ហើយ​និយាយ​ជា​ភាសា​រុស្ស៊ី​ថា "ទីនេះ​ពិបាក​ជាង​ Omsk” ជា​ទី​ដែល​លោក​មាន​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ស៊ីប៊េរី៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត