ឡុង​ សំណាង​ បាន​ឱកាស​លេង​ខ្សែក្រវាត់​លើក​ទី៣ ក្នុង​អាជីព​របស់​ខ្លួន​

  • 2019-01-07 07:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ ឡុង​ សំណាង​ បាន​ឱកាស​ជា​លើក​ទី៣ ចូល​លេង​ខ្សែក្រវាត់​ទម្ងន់​ ៦៣,៥​ នៅ​សង្វៀន​ CTN​ ដែល​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០១៩​ សប្ដាហ៍​មុន​នេះ។​

ថ្ងៃ​សន្និសីទ​សារព័ត៌មាន​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ពោជ ​វិចិត្រ​ ប្រធាន​ផ្នែក​លក់​របស់​ CBS​ ថា​តាម​រយៈ​កម្មវិធី​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ថ្មី​របស់​សង្វៀន​ CTN​ នេះ​ កីឡាករ​គុន​ខ្មែរ​ទាំង​អស់​មាន​ឱកាស​កសាង​សមត្ថភាព​ និង​បង្កើន​បទ​ពិសោធ​បន្ថែម​ដែល​ខ្លួន​មាន​ពេល​បច្ចុប្បន្ន។​ ក្រៅ​ពី​មាន​ការ​ប្រកួត​សន្សំ​ពិន្ទុ​២គូ​ជា​រៀងរាល់​សប្ដាហ៍​ហើយ​នោះ​ ពី​កម្មវិធី​ក៏​មាន​គូ​មិត្តភាព​អន្តរជាតិ​អម​ផង​ដែរ​ ដើម្បី​បម្រើ​ទស្សនីយភាព​បន្ថែម​ទៀត។​

តំណាង​របស់​ CBS​ រូប​នេះ​ក៏​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​គុន​ខ្មែរ​ និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ Zorus ដែល​ចូលរួម​សហការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រកួត​នេះ​ឡើង ដើម្បី​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​ក្បាច់​គុន​មួយនេះ​កាន់​តែ​រីកចម្រើន​ថែម​ទៀត​។​

កីឡាករ ឡុង​ សំណាង

បញ្ជាក់​ដែរ​ថា កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ Zorus ទម្ងន់​ ៦៣,៥​គីឡូក្រាម​នេះ​ គឺ​មាន​ជើង​ខ្លាំង​របស់​កម្ពុជា​ ៤រូប​ រួម​មាន​ ឡុង​ សំណាង​ ផាន់​ គ្រាន់​ ឌុម​ កែវដា​ និង​ ពុយ​ វណ្ណៈ​ ចំណែក​បរទេស​គឺ​ថៃ​ទាំង​៤រូប​តែ​ម្ដង។​ នេះ​ជា​លើក​ទី៣ហើយ​សមា្រប់​កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ ដែល​បាន​លេង​ខ្សែក្រវាត់​ បន្ទាប់​ពី​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​នៅ​សង្វៀន​ផ្សេង និង​មួយកម្មវិធី​ទៀតនោះធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ។ ​ថ្ងៃ​អាទិត្យ​ ទី១៣​ មករា​ ២០១៩​ ចាប់ពីម៉ោង៨ព្រឹកតទៅ ឡុង​ សំណាង​ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជុំ​ទី១​របស់​ខ្លួន៕​

អត្ថបទ៖ នួន ស៊ីណា​