កម្មវិធី The Voice នៅ​អាស៊ាន មាន​ក្នុង​ប្រទេស​ណា​ខ្លះ?

  • 2014-11-16 22:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី The Voice Cambodia នឹង​បញ្ចប់​រដូវ​កាល​ទី១​ របស់​ខ្លួន នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ​ហើយ បន្ទាប់​ពី​ដំណើរ​ការ​តាំង​ពី​ដើម​ឆ្នាំ​២០១៤ មក និង​ជម្រុះ​បេក្ខជន​ជា​ច្រើន​ចម្រាញ់​បាន​អ្នក​មាន​ទឹក​ដម​សំឡេង​ចុង​ក្រោយ​គេ ៤​នាក់។ នេះ​គឺ​ជា​កម្មវិធី​កម្សាន្ត​មួយ​ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ​ដូច​គ្នា​នេះ​ដែរ ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ាន ក៏​បាន​ទិញ​សិទ្ធិ​រៀបចំ​កម្មវិធី​នេះ​ដូច​កម្ពុជា​ដែរ។

 

​ក្នុង​ចំណោម​ប្រទេស​ទាំង១០ នៅ​អាស៊ាន មាន ៥​ប្រទេស ទិញ​សិទ្ធិ​រៀប​ចំ​កម្មវិធី The Voice ដោយ​ផ្ទាល់ ដែល​ក្នុង​នោះ​រួម​មាន កម្ពុជា ឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន។ ចំពោះ​​ប្រទេស ២​ផ្សេង​ទៀត គឺ​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​សហការ​ផ្សាយ​កម្មវិធី​​ប្រឡង​ចម្រៀង​សម័យ​ទំនើប​នេះ​ជា​មួយ​ប្រទេស​ចិន​ក្នុង​កម្មវិធី The Voice of China។ ចំណែក​ឯ​ប្រទេស ប្រ៊ុយណេ ឡាវ និង​មីយ៉ាន់ម៉ា ពុំ​បាន​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​ដ៏​ពេញ​និយម​នេះ​ទេ។

 

១. ប្រទេស​កម្ពុជា (ឈ្មោះ​កម្មវិធី The Voice Cambodia)

 

 

​កម្មវិធី The Voice ​ទើប​តែ​ចូល​មក​ដល់​​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ​២០១៤ នេះ និង​ជា​រដូវ​កាល​ទី១ តាម​រយៈ​ស្ថានីយ​​ទូរទស្សន៍​ហង្ស​មាស។ កម្មវិធី​នេះ ចាប់​ផ្ដើម​វគ្គ​ជម្រុះ​បេក្ខភាព​ដំបូង​របស់​ខ្លួន​ពី​តំបន់​នានា កាល​ពី​ខែ​មិនា​កន្លង​ទៅ ហើយ​ត្រូវ​បញ្ចប់​រដូវ​កាល​ទី១ នៅ​រាត្រី​ថ្ងៃ​អាទិត្យ​យប់​នេះ។ (ប្រភព៖ thevoicecambodia)

​​​​

២. ប្រទេស​ឥណ្ឌូណេស៊ី (ឈ្មោះ​កម្មវិធី The Voice Indonesia)

 

ឥណ្ឌូណេស៊ី​បាន​នាំ​យក​កម្មវិធី The Voice ចូល​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ២០១៣ តាម​រយៈ​ស្ថានីយ​​ទូរទស្សន៍ Indosiar។ The Voice Indonesia បាន​បញ្ចប់​រដូវ​កាល​ទី​មួយ​របស់​ខ្លួន​ហើយ​កាល​ពី​ឆ្នាំ​មុន ហើយ​ក្នុង​ឆ្នាំ​២០១៤ នេះ កម្មវិធី​រដូវ​កាល​ទី២ កំពុង​ដំណើរ​ការ​បន្ត។ (ប្រភព៖ thevoiceindonesia)

៣. ប្រទេស​ថៃ (ឈ្មោះ​កម្មវិធី The Voice Thailand)

 

 

ថៃ​បាន​នាំ​យក​កម្មវិធី The Voice ចូល​ក្នុង​ប្រទេស​កាល​ពី​ឆ្នាំ២០១២ តាម​រយៈ​ស្ថានីយ​​ទូរទស្សន៍ Channel 3។ ពេល​នេះ កម្មវិធី The Voice របស់​ប្រទេស​ថៃ​បាន​បញ្ចប់ ២​រដូវ​កាល​ហើយ គឺ​ក្នុង​ឆ្នាំ២០១២ និង​២០១៣ ហើយ​​បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​​រដូវ​​កាល​ទី​៣ បន្តទៀត។ (ប្រភព៖ thevoicethailand)

 

៤. ប្រទេស​វៀតណាម (ឈ្មោះ​កម្មវិធី The Voice of Vietnam)

 

ប្រទេស​វៀតណាម បាន​ចាប់​ផ្ដើម​មាន​កម្មវិធី​​ប្រលង​ចម្រៀងThe Voiceតាំង​ពី​ឆ្នាំ២០១២ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​បញ្ចប់​ទៅ ២​រដូវ​កាល​ហើយ។ កម្មវិធី​ The Voice of Vietnam ត្រូវ​បាន​ចាក់​ផ្សាយ​តាម​រយៈ​ស្ថានីយ​​ទូរទស្សន៍ VTV3 HD ។ (ប្រភព៖ gionghatviet)

 

៥. ប្រទេស​ហ្វីលីពីន (ឈ្មោះ​កម្មវិធី The Voice of the Philippines)

 

​កម្មវិធី The Voice បាន​ចូល​ដល់​​ក្នុង​​ប្រទេស​​ហ្វីលីពីន​​កាល​ពី​ឆ្នាំ២០១៣ តាម​រយៈ​ស្ថានីយ​​ទូរទស្សន៍ ABS-CBN។ ពេល​នេះ កម្មវិធី The Voice របស់​ប្រទេស​ហ្វីលីពីន​បាន​បញ្ចប់​រដូវ​កាល​ទី​មួយ​​ក្នុង​ឆ្នាំ២០១៣ ហើយ និង​កំពុង​បន្ត​រដូវ​កាល​ថ្មី​ទី២ ដែល​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០១៥​ខាង​មុខ។ (ប្រភព៖ entertainment)

 

ចំណែក​ឯ​ប្រទេស ២​ទៀត គឺ​ម៉ាឡេស៊ី និង​សិង្ហបុរី ពុំ​មាន​កម្មវិធី​នេះ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​បាន​សហការ​ជាមួយ​ចិន​ផ្សាយ​កម្មវិធី The Voice of China។ ចិន​បាន​ផ្សាយ​កម្មវិធី​នេះ​តាម​រយៈ ស្ថានីយ​​ទូរទស្សន៍ Zhejiang TV ឯ​ម៉ាឡេស៊ី​ផ្សាយ​តាម​រយៈ​ប៉ុស្តិ៍ 8TV2 ហើយ​សិង្ហបុរី​ផ្សាយ​តាម​ស្ថានីយ​​ទូរទស្សន៍ Channel 82 រួម​ទាំង​​​​ប៉ុស្តិ៍​​​ទូរទស្សន៍​ពីរទៀត​របស់​ហុងកុង និង​តៃវ៉ាន់។ តាំង​ពី​ឆ្នាំ២០១២ រហូត​មក​ដល់​ពេល​នេះ The Voice of China បាន​បញ្ចប់​ទៅ ៣​រដូវ​កាល​ហើយ។ (ប្រភព៖ haoshengyin)

 

ចុចអាន៖ បេក្ខនារី​​អាស៊ី ចូល​​​ The Voice អាមេរិក ច្រៀង​ពីរោះ​ដល់​ថ្នាក់​គ្រូ​បង្វឹក​លុត​ជង្គង់​អង្វរ​ឲ្យ​ចូល​ក្រុម​

 

ដោយ៖ គង់ វិសាល

អត្ថបទពេញនិយម