Man Utd បាន​ទម្លាយ​ថា​ Diego Simeone អាច​នឹង​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ពួកគេ

  • 2019-01-13 03:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​និយាយ​ថា​លោក Diego Simeone ស្ថិត​ក្នុង​បញ្ជី​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សាភិបាល​​របស់​ពួកគេ​ដើម្បី​ស្វែង​រក​គ្រូ​បង្វឹក​​កាន់​តំណែង​យូរ​អង្វែង​ជំនួស​លោក Jose Mourinho ។ នេះ​បើ​តាម The Mirror ទើប​បាន​ចុះ​ផ្សាយ​ថ្ងៃ​នេះ។

គ្រូ​បង្វឹក​អាហ្សង់ទីន​រូប​នេះ​កំពុង​ពិភាក្សា​ជាមួយ​ក្លឹប Atletico Madrid របស់​លោក​អំពី​ការ​បន្ត​កិច្ចសន្យា​ដែល​នៅ​សល់​តែ​១៨​ខែ ប៉ុន្តែ​រឿង​នេះ​មិន​បាន​បញ្ឈប់​ភ្នាក់ងារ​​ក្នុង​ការ​ទាក់ទង​​លោក Simeone ដើម្បី​ទទួល​ការងារ​នៅ Old Trafford ឡើយ។

លោក Mauricio Pochettino ដែល​នឹង​ដឹកនាំ​ក្រុម Tottenham ធ្វើ​តេស្ត​សមត្ថភាព​លោក Ole Gunnar Solskjaer នៅ Wembley រាត្រី​នេះ គឺ​ជា​បេក្ខជន​នាំ​មុខ​គេ​សម្រាប់​ជម្រើស​​គ្រូ​បង្វឹក​ថ្មី​​របស់​ក្រុម​បិសាច​ក្រហម តែ​យ៉ាង​ណា​ក្តី Man Utd នឹង​ពិចារណា​គ្រប់​ជម្រើស​ទាំង​អស់​របស់​ពួកគេ។ ប្រភព​ខាង​លើ​បន្ត។

ក្លឹប​បិសាច​ក្រហម​ដឹង​ច្បាស់​ហើយ​ថា បើ​ទោះ​ជា Pochettino បង្ហាញ​ពី​ឆន្ទៈ​ចូលរួមជាមួយពួកគេក៏​ដោយ ក៏​មិន​ធានា​ថា​លោក​អាច​ដក​ខ្លួន​ចេញ​ពី​ White Hart Lane បាន​ដែរ។

សារព័ត៌មាន​អង់គ្លេស​ខាង​លើ​បាន​រាយការណ៍​ថា ម្ចាស់​ក្លឹប​ Spurs លោក Daniel Levy យ៉ាងហោច​ណាស់​បាន​​បាន​ទម្លាក់​លុយ ៥០ លាន​ផោន (៦៤ លាន​ដុល្លារ)​ លើ​​អម្រែក​ស្មា​លោក Pochettino ដើម្បី​ឃាត់​លោក​ទុក។

ប្រសិន​បើ​លោក Pochettino ពិបាក​ដក​ខ្លួន ដូច្នេះ Simeone ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ក្លាយ​ជា​ជម្រើស​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បាន។

គ្រូបង្វឹកវ័យ ៤៨ ឆ្នាំ​រូបនេះ​បាន​ដឹកនាំ Atletico តាំង​ពី​ឆ្នាំ ២០១១ ដោយ​បាន​ជួយ​ក្លឹប​ឈ្នះ​ជើង​ឯក La Liga ១លើក Europa League ២​លើក និង ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ២​លើក ខណៈ​ដែល Solskjaer គឺ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់ Man Utd បាន​ដឹកនាំ​ក្រុម​ឈ្នះ​ទាំង​៥​ប្រកួត ហើយ​ក្រុម​កីឡាករ​មួយ​ចំនួន​ថា​លោក​​​គួរ​តែ​ទទួល​បាន​ការងារ​នេះ​ជា​អចិន្ត្រៃយ៍៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត