ចាន់ គង្ការ៖ អ្នក​ប្រកបការងារ​វិស័យ​ហ្វេសិន​និង​ម៉ូដែល​ នៅ​តែ​រង​ពាក្យ​រិះគន់​ថា​បំផ្លាញ​វប្បធម៌

  • 2019-01-18 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​ជ័យ​លាភី​កម្មវិធី​ប្រកួត​ប្រជែង​ម៉ូដែល​លំដាប់​ពិភពលោក​ Cambodia's Next Top Model ចាន់​ គង្ការ សព្វ​ថ្ងៃ​កំពុង​តែ​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​ ដោយ​តែង​តែ​មាន​គម្រោង​ថ្មីៗ​ជា​បន្ត​បន្ទាប់។ ជុំវិញ​អាជីព​ជា​ម៉ូដែល​ គង្ការ នៅ​តែ​រង​សម្ពាធ​ពី​សំណាក់​មហាជន​ខ្លះៗ​រិះគន់​​ថា វិស័យ​នេះ​កំពុង​តែ​បំផ្លាញ​វប្បធម៌​ខ្មែរ។

ថ្លែង​មក​កាន់​ Sabay តារា​រូប​ស្រស់​នេះ​បាន​បញ្ជាក់​ថា ចំពោះ​វិស័យ​ហ្វេសិន​និង​ម៉ូដែល​ ការ​គាំទ្រ​និង​ទទួល​ស្គាល់​នៅ​ប្រទេស​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​។ បញ្ហា​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​វិស័យ​នេះ​ខ្លះ សម្រេច​ចិត្ត​បោះ​បង់​ចោល​ក្ដី​ស្រមៃ​របស់​ខ្លួន ទោះ​បី​ជា​មាន​ទេពកោសល្យ​។ គង្ការ​ បន្ថែម​ទៀត​ថា វិស័យ​ម៉ូដែល​នេះ​គួរ​តែ​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន ដោយ​សារ​តែ​បណ្ដា​​ប្រទេស​ជិត​ខាង​យើង ក៏​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​វា​ផង​ដែរ។ អ្វី​ដែល​សំខាន់​គឺ​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ខាង​ក្រៅ​ដឹង​ថា ប្រទេស​កម្ពុជា​ក៏​មាន​ធនធាន​ផ្នែក​ហ្វេស្សិន​ផង​ដែរ។ ការ​ទទួល​ស្គាល់​គឺ​ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​មាន​ទេពកោសល្យ​ថ្មី​បង្ហាញ​ខ្លួន និង​បង្ហាញ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​​ ដែល​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ក្មេង​ៗ​ជំនាន់​​ក្រោយ​។

​​​ជុំ​វិញ​ការងារ​នេះ គង្ការ​ ក៏​ធ្លាប់​មាន​ការ​បាក់​ទឹក​ចិត្ត​ខ្លះ​ដែរ ដោយ​សារ​តែ​ត្រូវ​ឆ្លង​កាត់​ការ​រិះ​គន់​ច្រើន​ ប៉ុន្តែ​នាង​តែង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​ខ្លួន​ឯង គិត​អ្វី​ដែល​ល្អៗ ធ្វើ​រឿង​ល្អៗ​ អាន​សៀវ​ភៅ​ និង​ដើរ​កម្សាន្ត​ជា​ដើម​។ ប៉ុន្តែ​ចំណុច​ដែល​សំខាន់​នោះ​គឺ ការ​ទទួល​ស្គាល់​ថា​ជីវិត​មិន​មែន​ជួប​តែ​រឿង​ល្អ​រហូត​នោះ​ទេ ពេល​ខ្លះ​ជោគជ័យ​និង​ពេល​ខ្លះ​បរាជ័យ​គឺ​ជា​រឿង​ធម្មតា។ លើស​ពី​នេះ​ទៅ​ទៀត​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​គ្រួសារ​ មិត្តភ័ក្ដិ​និង​មិត្រ​រួម​ការងារ​ជាមួយ​គ្នា ជា​វត្ថុ​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន។

ចំពោះ​ឆ្នាំ​ថ្មី​​ តារា​ម៉ូដែល​រូប​ស្រស់​សោភា​នេះ​ក៏​នឹង​មាន​គម្រោង​ថ្មី​ៗ​ទាក់​ទង​នឹង​ហ្វេស្សិន​ ដូច​ជា ផលិត​វីដេអូ​ទាក់​ទង​នឹង​ការ​ស្លៀកពាក់​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​ក៏​ដូច​ជា​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ជា​ដើម​៕

រូបថត​ពី Sovrin និង Ra Yuth ផ្ដល់សិទ្ធិ​ដោយ ចាន់ គង្ការ

អត្ថបទ៖ ធារ៉ូ