នៅ​ ស្រីពៅ​ កំពុង​ប្រឹង​ហាត់​ខ្លាំង​ក្បាច់​ដោះ​ឃ្លេ​ និង​ចាប់​ឃ្លេ​ត្រៀម​ទប់ទល់​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​

  • 2019-01-24 03:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ កំពុង​ហ្វឹកហាត់​ខ្លាំង​ជា​ពិសេស​ស្នៀត​ដោះ​ឃ្លេ​ និង​ចាប់​ឃ្លេ​របស់​ដៃគូ​ ដើម្បី​ត្រៀម​ខ្លួន​ប្រជែង​ជ័យជម្នះ​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​ Rika Ishige​ នា​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ​នៅ​សង្វៀន​លំដាប់​ពិភពលោក​ One Championship។​

កីឡា​ការិនី នៅ​ ស្រីពៅ

ស្រីពៅ​ បាន​លើក​ឡើង​ថា​ ឥលូវ​នេះ​កំពុង​ផ្ដោត​ខ្លាំង​លើ​ការ​ហ្វឹកហាត់​នៅ​កម្រាល​ ដូច​ជា​ការ​ហាត់​ដោះ​ឃ្លេ​ ឬ​ចាប់​ឃ្លេ​ ក៏​ដូច​ជា​រៀនបត់បែន​ខ្លួន​ ឬ​សម្រប​ខ្លួន​នៅ​ពេល​ដែល​ដួល​លើ​កម្រាល។​ ការ​ហាត់​ក្បាច់​ទាំង​នេះ​ហាក់​ពិបាក​បន្តិច​ ព្រោះ​ជា​ក្បាច់​ថ្មី​សម្រាប់​ខ្លួន​ វា​ខុស​ពី​ការ​ហ្វឹកហាត់​សកល​ ឬ​គុន​ខ្មែរ។​

ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៨​ រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​បាន​មើល​វីដេអូ​ប្រកួត​របស់​ដៃគូ​រួច​ហើយ​ទាំង​ឈ្នះ​ និង​ចាញ់​ ហើយ​មើល​ឃើញ​ថា​គេ​ល្អ​ចាប់​ ប៉ុន្តែ​រៀង​អន់​មុខ​បន្តិច​ រី​ឯ​កម្លាំង​ភាគច្រើន​បាន​តែ​ទឹក​១​នោះ​ទេ។​ ស្រីពៅ​ ជឿជាក់​ខ្លួន​ឯង​ថា​ ប្រសិន​បើ​ទប់ទល់​ទឹក​ទី១​ និង​ការ​ចាប់​ឃ្លេ​របស់​ដៃគូ​នៅ​ទឹក​ទី១​បាន​ គឺ​មាន​សង្ឃឹម​ច្រើន​ថា​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​នា​ការ​ប្រកួត​លើក​នេះ។​

កីឡា​ការិនី នៅ​ ស្រីពៅ

រំលឹក​ដែរ​ថា​ នៅ​ ស្រីពៅ​ ជា​កីឡា​ការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល​ និង​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​ដែល​មាន​ថ្មី​ដៃ​ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទាំង​នៅ​កម្ពុជា​ ក៏​ដូច​ជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​ កីឡា​ការិនី​រូប​នេះ​នឹង​ត្រូវ​​ប្រកួត​មិត្តភាព​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជាជា​មួយ​ជើង​ខ្លាំង​ថៃ​ Rika Ishige ​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ២០១៩​ ក្នុង​កម្មវិធី​ One។​ ការ​ប្រកួត​នេះ​ដឹកនាំ​ដោយ​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ ម្ចាស់​ក្លឹប​ប្រដាល់​ Cambodian Top Team៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី