ឯម​ ឡេងលី​ ហាត់​ពេញ​តែ​ម្ដង​ រំពឹង​យក​ឈ្នះ​ការ​ប្រកួត​មិត្តភាព​យប់​នេះ​

  • 2019-01-25 03:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មាឌ​ធំ​កំពុង​ឡើង​កូដ​ ឯម​ ឡេងលី​ ហ្វឹកហាត់​ពេញលេញ​បាន​ល្អ​ គិត​ទៅ​ប្រហែល​១០​ថ្ងៃ​ដែរ ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​មិត្ត​អន្តរជាតិ​យប់​នេះ​ជា​មួយ​ថៃ​ ហើយ​រំពឹង​ខ្ពស់​ថា​នឹង​អាច​យក​ឈ្នះ​បាន​ថែម​ទៀត​ផង។​

រូបភាពរបស់ ឯម វុត្ថា​

លោក​ ឯម​ វុត្ថា​ គ្រូ​ប្រដាល់​របស់​ ឡេងលី​ បាន​ឲ្យ​ដឹង​ថា​ មិន​ថា​តែ​កូន​សិស្ស​រូប​នេះ​ទេ ពោល​គឺ​មាន​ទាំង​ ចាន់​ ប៊ុនហឿន​ និង​ ចាន់​ ប៊ុនលាភ​ ក៏​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ​សម្រាប់​ការ​ប្រកួត​រៀងៗ​ខ្លួន​សប្ដាហ៍​នេះ។​ ពួក​គេ​ហ្វឹកហាត់​បាន​ប្រហែល​១០​ថ្ងៃ​ និង​ហាត់​បាន​ជាប់​លាប់​ល្អ​ណាស់​ ទាំង​ហាត់​យក​ស៊ុហ្វ​ រួម​និង​ហាត់​ស្នៀត​ប្រយុទ្ធ។​

តាម​រយៈ​ការ​បង្វឹក​ដោយ​ផ្ចិតផ្ចង់​ ថែទាំ​បាន​ល្អ​នេះ​ គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​និរោធន៍​មាន​ជ័យ​រំពឹង​កូន​សិស្ស​របស់​ខ្លួន​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​ទាំង​ស្មារតី​ ទឹកចិត្ត​ប្រយុទ្ធ​ និង​ក្បាច់​ស្នៀត​ផង​ដែរ​នា​ប៉ុន្មាន​ខែ​នេះ។​

រូបភាពរបស់ ឯម វុត្ថា​

រំលឹក​ដែរ​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​យប់​នេះ​មាន​ពីរ​គូ​គឺ​ ពេជ្រ​ សីហា​ ប៉ះ​ Petchchhartchai​ ប្រភេទ​ទម្ងន់​ ៧០​គីឡូក្រាម​ ចំណែក​១គូ​ទៀត​នោះ​ ឯម​ ឡេងលី​ ប៉ះ​ Jacsksiam Gym​ ប្រភេទ​ទម្ងន់​ ៧០​គីឡូក្រាម​ដូច​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​