ចំណុច​ខ្លាំង​មួយ​នេះ​ ទាំង​គ្រូ​-កីឡាករ​ថៃ​ និងខ្មែរ​មួយ​ចំនួន​សរសើរ​ ឡៅ​ ចន្រ្ទា​ មិន​ដាច់​ពី​មាត់​...

  • 2019-01-30 03:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​ ដែល​មាន​សមត្ថភាព​ខ្លាំង​កម្រ​និង​ចាញ់​មិន​ថា​ការ​លេង​ពាន​រង្វាន់​ ខ្សែក្រវាត់​ ឬ​ការ​ប្រកួត​មិត្តភាព​ផ្សេងៗ​នា​ពេល​កន្លង។​ កីឡាករ​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​ គឺ​មាន​ស្នៀត​ប្រយុទ្ធ​គ្រប់​គ្រឿង​មិន​ថា​កណ្ដាប់ដៃ​ ទាត់​ កែង​ ជង្គង់​ នោះ​ទេ​គឺ​សុទ្ធតែ​គេ​បញ្ចេញ​បាន​គ្រប់​ពេល។​

ឡៅ ចន្រ្ទា​ ប្រកួតកន្លងទៅ

ដោយ​ឡែក​ចំណុច​ខ្លាំង​មួយ​ ឬ​ជា​ចំណុច​ពិសេស​បំផុត​របស់​ ចន្រ្ទា​ ដែល​អ្នក​ដឹកនាំ​កីឡាករ​ថៃ​ ឬ​គ្រូ​ថៃ​ដែល​បាន​មក​ស្រុក​ខ្មែរ​ រួម​ទាំង​អ្នក​ប្រដាល់​រៀមច្បង​ដូច​ជា​ រឿង​ សោភ័ណ្ឌ​ ឡុង​ សុភី​ ឡុង សុវណ្ណឌឿន និង​កីឡាករ​ក្នុង​ស្រុក​ កីឡាករ​បរទេស​(ថៃ)​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ គឺ​ភាព​រឹងមាំ​ ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ចាប់​អោប​ កាច់​វ៉ៃ​ជង្គង់​តែ​ម្ដង​ ដែល​មិន​ងាយ​កីឡាករ​ណា​ហ៊ាន​លេង​ស្នៀត​នេះ​តទល់​រហូត​បាន​ឡើយ។​ ពេល​ចាប់គ្នា​ម្ដងៗ​គឺ​ ឡៅ​ ចន្រ្ទា​ រឹង​ណាស់​មិន​ងាយ​កាច់​រូបគេស្រួលៗនោះ​ឡើយ​(ដៃ​រឹង)​ ខណៈ​ការ​ដោះ​ឃ្លេ​ ឬ​រើ​បម្រាស​ក៏​រហ័ស​ និង​លឿន​ទៀត​ផង ចំណុចនេះហើយដែលគេសរសើរ និង​សិស្សប្អូនក្រោយៗរៀនតាម។​ ការ​លើក​ឡើង​ត្រង់​ចំណុច​នេះ​បាន​ លុះ​ត្រា​តែ​អ្នក​ធ្លាប់ហ្វឹកហាត់​ចាប់​ឡាំ​ជា​មួយ​ ធ្លាប់​ប្រកួត​ជា​មួយ​ ឬ​ជា​គ្រូ​ជើង​ចាស់​មាន​បទ​ពិសោធ​ច្រើន​ទើប​អាច​បក​ស្រាយ​ ឬ​វិភាគ​បានច្បាស់បែប​នេះ។​

ឡៅ ចន្រ្ទា​ ប្រកួតកន្លងទៅ

បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ បច្ចុប្បន្ន​នេះ​គេ​អាច​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៧​ ឬ​ ៦៩​ គីឡូក្រាម។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​ខាង​លើ​នេះ​មាន​ខ្សែក្រវាត់​ ៣គ្រឿង​ ទី១​ ខ្សែក្រវាត់​របស់​សង្វៀន​ CTN​ ទី២ ខ្សែក្រវាត់​របស់​សង្វៀន​ PNN​ ទី៣ ខ្សែក្រវាត់​របស់​សង្វៀន​បាយ័ន​ និង​ជា​ម្ចាស់​ពាន​រង្វាន់​ រួម​ទាំង​មេដាយ​ថ្នាក់​ជាតិ​ជា​ច្រើន​គ្រឿង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​