បែក​ធ្លាយ Facebook ឲ្យ​ក្មេងៗ ២០ ដុល្លារ​រាល់​ខែ​ដើម្បី​តាមដាន​ទិន្នន័យទូរសព្ទ​របស់​ពួក​គេ

  • 2019-01-30 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​របស់ TechCrunch បាន​ឲ្យ​ដឹង​ថា Facebook បាន​ដំណើរ​ការ​កម្មវិធី​ទាញ​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន ពី​ក្រុម​យុវជន​ដែល​ខ្លួន​ឲ្យ​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់ ២០ ដុល្លារ​ក្នុង​មួយ​ខែ ដោយ​កម្មវិធី​នេះ​ដំណើរ​ការ ៣ ឆ្នាំ​មក​ហើយ។ ក្នុង​របាយការណ៍​នោះ​បាន​លើក​ឡើង​ថា Facebook បាន​ឲ្យ​លុយ​ប្រហែល​ជា ២០ ដុល្លារ​ ​ប្រចាំខែ ដល់​ក្រុម​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ១៣ ដល់ ២៥ ឆ្នាំ ជា​ថ្នូរ​នឹង​ការ​ឲ្យ​ដំឡើង​កម្មវិធី Faceboook Research នៅ​ក្នុង​ទូរសព្ទ​របស់​ពួក​គេ​រួម​មាន​ទាំង iOS និង Android។ កម្មវិធី​នោះ នឹង​បញ្ជូន​ទិន្នន័យ​ទាក់​ទង​នឹង​ការ​ឆែក​អ៊ីនធឺណិត និង​ការ​តាម​ដាន​ទូរសព្ទ​ពួក​គេ​ ទៅ​កាន់​ Facebook វិញ។

កម្មវិធី Facebook Research នេះ​នឹង​ដំឡើង custom root certified ដែល​អាច​ឲ្យ​ Facebook មើល​ឃើញ​នូវ សារ e-mails ការ​ស្វែង​រក​ក្នុង​គេហទំព័រ និង​សកម្មភាព​នានា​ក្នុង​ការ​ឆែក​អ៊ីនធឺណិត។ កាន់​តែ​លើស​នោះ គឺ​កម្មវិធី​នេះ​បាន​ស្នើសុំ​ឲ្យ​អ្នក​ប្រើប្រាស់​ថត​អេក្រង់ (Screenshot) បញ្ជី​ដែល​ខ្លួន​ធ្លាប់​បញ្ជា​ទិញ​ទំនិញ​លើ Amazon ឲ្យ​មើល​ទៀត​ផង។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ដែល​គេ​ទើប​ដឹង​ថា Facebook ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដោយ​របៀប​នេះ​ឡើយ។ កាល​ពី​មុន Facebook ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​តាម​រយៈ​សេវកម្ម VPN មួយ​របស់​ខ្លួន​ឈ្មោះ Onava Protect។ កាល​នោះ ទិន្នន័យ​ដែល​បាន​តាម Onava Protect មាន​ប្រយោជន៍​ខ្លាំង​ណាស់​ដល់ Facebook ព្រោះ​វា​អាច​ឲ្យ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ដឹង​ពី​សន្ទុះ​របស់​គូ​ប្រជែង​ទាំង​ថ្មី​ទាំង​ចាស់ ដោយ​វា​ផ្ដល់​ឧកាស​ឲ្យ Facebook អាច​ពិចារណា​ក្នុង​ការ​ទិញ​យក​ ឬ​ក៏​ធ្វើ​តាម​សេវាកម្ម​ដែល​គូ​ប្រជែង​ខ្លួន​មាន។ មិន​យូរ​ប៉ុន្មាន Facebook ក៏​សម្រេច​ដក Onava Protect ចេញ​ពី App Store ដោយ​សារ Apple បាន​ចាប់​ផ្ដើម​លើក​ឡើង​ថា Onava Protect បាន​បំពាន​គោលការណ៍​ប្រមូល​ទិន្នន័យ​របស់​ខ្លួន។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ