រឿង​រ៉ាវ​ពី​ក្រោយ​ជីវិត​ Zhao Wei កំពូលតារា​ស្រី​គ្រង​តំណែង​ជា​សេដ្ឋីនី​ស្លាប់​រស់​នឹងការងារ​របស់​ចិន

  • 2019-01-31 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិភពលោក​នេះ​ មនុស្ស​ខ្លះ​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ស្ដុក​ដោយសារ​ប្រាជ្ញា​វៃឆ្លាត​ ស្របពេល​អ្នក​ខ្លះ​ទៀត​មាន​បាន​ដោយសារ​ សម្រស់​ បូក​រួម​នឹង​ទេពកោសល្យ​ផ្សេងៗ។ សម្រាប់​តារា​ចិន​ Vicki Zhao ឬ​ Zhao Wei វិញ​ នាង​បាន​ទាំង​ព្រម​ ទាំង​រូប​សម្ផស្ស​ និង​គំនិត​វៃ​ឆ្លាត។

តារា​ស្រី​រូបនេះ​ ឈរ​ជើង​យ៉ាង​រឹង​មាំ​លើ​វិថី​សិល្បៈ​ (ក្នុង​នោះ​រួមមាន​ការងារ​សម្ដែង​ ចម្រៀង​ អ្នកដឹកនាំ​រឿង​ តារា​ម៉ូដែល) និង​វិថី​ជំនួញ​ ក្នុង​នាម​ជា​សហគ្រិន។ សម្រាប់​វិស័យ​សិល្បៈ​ Zhao Wei ត្រូវ​គេ​អ្នក​គាំទ្រ​ឲ្យ​ឈ្មោះ​ថា​ជា​ "កំពូលតារា​តំណាង​ជាតិ” ប៉ុន្តែ​ក្នុង​ពិភព​ជំនួញ​វិញ​ នាង​មាន​រហស្សនាម​ថា​ជា "អ្នក​ជំនួញចិន​ឆ្នើម​ Show-Business Buffet” តាមគំរូ​និមិត្តរូប​មហាសេដ្ឋី​អ្នក​ជំនួញ​អាមេរិក​ឈ្មោះ​ Warren Buffet។

និយាយ​ពី​ទ្រព្យ​សម្បត្តិ​វិញ​ នាង​និង​ស្វាមី​ដែល​ជា​អ្នក​ជំនួញ​ដែរ​ឈ្មោះ Huang Youlong មាន​រហូត​ទៅ​ដល់​ជាង​ ១ពាន់លាន​ដុល្លារ។ ក្នុង​នោះ​មួយ​ចំណែក​ធំ​ គឺ​ជា​ភាគហ៊ុន​ចំណេញ​បាន​ពី​ក្រុមហ៊ុន​ Alibaba Picture ក្រោយ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​មហាសេដ្ឋី​ដែល​ជា​មិត្តជិតស្និទ្ធ​ Jack Ma កាល​ពី​ឆ្នាំ ២០១៤។ នេះ​បើ​តាម​អ្វី​ដែល​បាន​បញ្ជាក់​ក្នុង​ទស្សនាវដ្ដី Forbes។

មួយ​វិញ​ទៀត​ បើ​តាម​វិបសាយ​ Next Shark បាន​ឲ្យ​ដឹង​ថា​ ជំនួញ​ក្នុងដៃ​ប្ដី​ប្រពន្ធ​ ១​គូ​នេះ​មាន​ដូចជា អចលនទ្រព្យ​ ផលិតផល​ស្រាទំពាំងបាយជូរ​បារាំង និង​មាន​ហាង​លក់​ពេជ្រ​សិង្ហបុរី។ ក្រៅ​ពី​នោះ​ បើ​ គិត​តែ​ Zhao Wei តែ​ម្នាក់​ នាង​មាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​នាម​ជា​តារាម៉ូដែល​ស្ប៉តពាណិជ្ជកម្ម​ប្រចាំ​ផលិតផល​ម៉ាក​ល្បីៗ​ជាង​ ១២០​ ជុំវិញ​ពិភពលោក។

ទាក់ទង​នឹង​ជីវិត​គ្រួសារ​វិញ​ តួ​ស្រី​ត្រចៀកកាំនេះ​ បាន​រៀបការ​ជាមួយ​ស្វាមី​អ្នក​ជំនួញ​កាល​ពី​ឆ្នាំ ២០០៨ និង​បាន​ទទួល​កូនស្រី​ដំបូង​កាល​ពី​ខែ​មេសា ឆ្នាំ ២០១០។ តារា​ស្រី​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​ Anhui រូបនេះ​ ក៏ធ្លាប់​ធ្វើ​ការជា​គ្រូមត្តេយ្យ​ដែរ កាល​ពី​អាយុ​ ១៧ឆ្នាំ។ កាល​ពី​ក្មេង​ នាង​ក៏​ចាប់​អារម្មណ៍​នឹង​ការ​សម្ដែង​ដែរ​ ប៉ុន្តែ​មិនដែល​ជឿជាក់​លើ​សម្រស់​ខ្លួន​ឯង​ ថា​ស្អាត​ល្មម​អាច​ធ្វើ​តារា​បាន​ទេ។

កាល​ពី​អាយុ​ ២០ឆ្នាំ នាង​​ប្រឡង​ចូល​សាលា​ភាពយន្ត​ដ៏​ល្បី​របស់​ចិន និង​ទទួល​បាន​ពិន្ទុខ្ពស់​ទៀត។ សម្រាប់​ជំហាន​ចូល​សិល្បៈ​ រឿង​ដែល​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បីល្បាញ​សុសសាយ​នោះ​គឺ ពេល​នាង​សម្ដែង​ជា​ តួ "ត្រចៀកកាំ” ក្នុង​រឿង​ "ព្រះនាងយេយេ” ជាមួយ​ Alec Su, Ruby Lin, Fan Bingbing និង​តារា​ប្រុសស្រី​ល្បីៗ​ផ្សេង​ទៀត។ តាមរយៈទឹកដៃសម្ដែង​ក្នុង​រឿង​នេះ​ហើយ​ ទើប​នាង​បាន​ក្លាយ​ជា​តារា​ស្រី​វ័យក្មេង​ជាងគេ​ដែល​ឈ្នះ​ពាន​ “Golden Eagle”​និង​ពាន​ធំៗជា​ច្រើនទៀត។

ងាក​ចូល​ការងារ​ជា​អ្នក​ដឹកនាំ​រឿង​ តារា​ស្រី​កាន់​ព្រះពុទ្ធ​សាសនា​រូបនេះ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ឆ្នាំ ២០១៣ តាមរយៈ​រឿង​ "So Young” និង​ជា​លទ្ធផល​បាន​ទទួល​ភាព​ជោគជ័យ​គួរ​សម។

ទោះបីមមាញឹក​នឹង​ការងារ​ជា​ច្រើន ក៏តារាស្រីកើតថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៧៦រូបនេះ ​មិនភ្លេច​ញែក​ខ្លួន​ជួយ​សង្គម​ដែរ។ ដោយ​ក្នុង​នោះ​ នាង​បាន​ចូលរួម​ជាមួយ​មូលនិធិ​ China Youth Foundation តាម​រយៈគម្រោង​នៃក្ដី​សង្ឃឹម ក៏ដូចជាមូលនិធិកុមារ​ និង​កាកកបាទក្រហមចិនជាដើម៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី