ចៀសវាងមានបញ្ហាថ្ងៃក្រោយ ទិញឡានមួយទឹកជិះ ត្រូវមានឯកសារអ្វីខ្លះ?
- 2019-03-20 02:03:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀសវាងមានបញ្ហាថ្ងៃក្រោយ ទិញឡានមួយទឹកជិះ ត្រូវមានឯកសារអ្វីខ្លះ?
ចន្លោះមិនឃើញ
ទីផ្សារឡានមួយទឹកកាន់តែមានភាពធំទូលាយ។ ពលរដ្ឋដែលមានជីវភាពមធ្យម ដែលមិនមានលទ្ធភាពទិញឡានថ្មីតម្លៃថ្លៃ តែងតែស្វែងរកទិញរថយន្តមួយទឹកសម្រាប់ប្រើប្រាស់ក្នុងរបរអាជីវកម្ម និងប្រើប្រាស់ប្រចាំថ្ងៃ។
ការជ្រើសរើសឡានមួយទឹក ក្រៅពីដឹងពីបច្ចេកទេស និងគុណភាព អ្វីគួរឲ្យបារម្ភមួយទៀតនោះ គឺខ្លាចទិញឡានមួយទឹកដែលមិនស្របច្បាប់ មិនមានប្រភពច្បាស់លាស់ដែលអាចបង្កជាបញ្ហានៅថ្ងៃក្រោយ។
ការទិញឡានមួយទឹកពីអ្នកប្រើប្រាស់ដូចគ្នា ឬពីតាមឃ្លាំង ត្រូវទាមទារអ្វីខ្លះ?
ការទិញឡានមួយទឹក ទោះបីជាការទិញតគ្នាលក្ខណៈឯកជនពីម្ចាស់មួយទៅម្ចាស់មួយ ពីបណ្ដាឃ្លាំងលក់ឡានមួយទឹក និងក្រុមហ៊ុននាំចូលផ្លូវការ ត្រូវមានលិខិតស្នាមបញ្ជាក់ទទួលស្គាល់ដើម្បីទទួលបានភាពស្របច្បាប់អាចបង្ការបញ្ហាប្រើប្រាស់នៅថ្ងៃក្រោយ។ លិខិតស្នាមបញ្ជាក់មានដូចជាកិច្ចសន្យាទិញលក់រវាងអ្នកលក់និងអ្នកទិញ កាតគ្រី និងសន្លឹកឆៀក (ប័ណ្ណបញ្ជាក់គុណភាពរថយន្ត)។ ជាមួយគ្នានេះក៏ត្រូវទៅកាត់ឈ្មោះពីម្ចាស់ដើម ដើម្បីបញ្ជាក់ពីសុពលភាព និងទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់។
រាល់ការទិញលក់ឡានមួយទឹក ចាំបាច់ត្រូវទៅកាត់ឈ្មោះពីម្ចាស់ដើមនៅនាយកដ្ឋានសាធារណការដើម្បីបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់សម្រាប់ការប្រើប្រាស់។ ឯកសារដែលត្រូវស្នើសុំការកាត់ឈ្មោះមាន អត្តសញ្ញាណប័ណ្ណ កិច្ចសន្យាទិញលក់ដែលមានស្នាមមេដៃអ្នកទិញនិងអ្នកលក់។
ការកាត់ឈ្មោះពីម្ចាស់ដើមជារឿងសំខាន់បំផុត ដើម្បីមានការទទួលស្គាល់តាមផ្លូវច្បាប់។ បើសិនគ្មានការកាត់ឈ្មោះ នៅពេលឡានដែលម្ចាស់ថ្មីបានទិញបង្កបញ្ហាណាមួយ ឈ្មោះម្ចាស់ដើមឡានត្រូវទទួលខុសត្រូវលើរាល់បញ្ហាដែលរថយន្តនោះបង្កឡើង។
ម្យ៉ាងទៀតបើសិនម្ចាស់ថ្មីដែលទិញរថយន្តមួយទឹកមិនបានកាត់ឈ្មោះ ហើយចង់លក់រថយន្តឱ្យអ្នកផ្សេងទៀត គឺមិនអាចទៅរួចឡើយ ព្រោះកម្មសិទ្ធិលើរថយន្តនៅស្ថិតលើម្ចាស់ដើមនៅឡើយ៕
ចុចអានអត្ថបទទាក់ទង៖
ម៉ូតូហុងដា MSX125SF និង CB150R ស៊េរីថ្មី ចេញលក់ជាផ្លូវការ
ទស្សនាវីដេអូបង្ហាញច្បាស់ៗ ឡានថ្លៃជាងគេក្នុងលោក មានតែមួយគ្រឿងគត់