ខែ​ក្តៅ អ្នក​ប្រើ​ស្មាតហ្វូន ត្រូវ​ជៀស​ទម្លាប់​អាក្រក់ ៤ នេះ បើ​មិន​ចង់​ជួប​បញ្ហា​ធំ!

  • 2019-04-01 01:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​ក្តៅ​ខ្លាំង​ មិន​ត្រឹម​តែ​បង្ក​ជា​បញ្ហា​សុខភាព​ដល់​អ្នក​នោះ​ទេ លើស​ពី​នេះ​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ចំនួន​ ក៏​អាច​រង​ឥទ្ធិពល​ពី​សីតុណ្ហភាព​ខ្ពស់​ហួស​កម្រិត​នៅ​ជុំវិញ​វា​ដូច​គ្នា។ ជា​ពិសេស​សម្រាប់​ស្មាតហ្វូន​ដែល​អ្នក​កាន់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ បើ​អ្នក​មិន​ប្រយ័ត្ន​នូវ​ទម្លាប់​មួយ​ចំនួន នោះ​អាច​នឹង​បង្ក​ហានិភ័យ​ រហូត​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រូវ​ខូចខាត​ ឬ​គាំង​លែង​ដំណើរការ​ដល់​បាត់​ទិន្នន័យ​ក៏​មាន។

Sabay ណែនាំ​ឲ្យ​ម្ចាស់​ស្មាតហ្វូន​គ្រប់​រូប គួរ​បញ្ចៀស​ទម្លាប់​អាក្រក់ ៤ យ៉ាង​ដូច​ខាង​ក្រោម សម្រាប់​ការ​ប្រើប្រាស់​ស្មាតហ្វូន​នា​រដូវ​ក្តៅ៖

១. កុំ​ទុក​ស្មាតហ្វូន​ចោល​ក្នុង​រថយន្ត

រថយន្ត​ដើរ​តួ​មិន​ខុស​ពី​ផ្ទះ​កញ្ចក់​នៅ​ក្រោម​អាកាសធាតុ​ក្តៅ​ខ្លាំង ដោយ​ការ​សិក្សា​មួយ​បង្ហាញ​ថា​រថយន្ត​ដែល​ចត​ចោល​នា​រដូវ​ក្តៅ អាច​ឡើង​សីតុណ្ហភាព​ដល់​ខ្ទង់ ៤៦ អង្សា​សេ ដែល​នេះ​ផ្ទុយ​ស្រឡះ​ពី​ការ​ហាមប្រាម​របស់ Apple ដោយ​ធ្លាប់​កំណត់​ថា​ទូរសព្ទ iPhone ដែល​ប្រើប្រាស់​នៅ​សីតុណ្ហភាព​ក្រោម ៣៥ អង្សា​សេ​ គឺ​ជា​សីតុណ្ហភាព​ដ៏​សមស្រប​បំផុត។

២.កុំ​សាក​ទូរសព្ទ​ចោល​ក្រោម​ពន្លឺ​ព្រះអាទិត្យ

ជា​ធម្មតា​ហើយ​អំឡុង​ពេល​សាក​ថ្ម ម៉ាស៊ីន​ណា​ក៏​ងាយ​នឹង​ឡើង​កម្តៅ​ដែរ ប៉ុន្តែ​បើ​ឧបករណ៍​នោះ​រង​កម្តៅ​ពី​បរិវេណ​ខាង​ក្រៅ​បន្ថែម​ទៀត​នោះ វា​នឹង​អាច​បង្ក​បញ្ហា​កាន់​តែ​ធំ​ឡើង​ដល់​ផ្នែក​ខាង​ក្នុង​ម៉ាស៊ីន រហូត​អាច​ឈាន​ដល់​ការ​ផ្ទុះ​ឆេះ​ក៏​មាន ប្រសិន​ណា​ផ្នែក​ថ្ម​កំពុង​រង​បញ្ហា​ស្រាប់។

៣.កុំ​សាក​ទូរសព្ទ​ទុក​ចោល​ក្រោម​ខ្នើយ

ស្រដៀង​នឹង​ហេតុផល​ខាង​លើ ការ​សាក​ទូរសព្ទ​ទុក​ចោល​ក្រោម​ខ្នើយ ភួយ ឬ​របស់​ហប់​ណា​មួយ​នៅ​អាកាសធាតុ​ក្តៅ​ហួតហែង​បែប​នេះ វា​នឹង​ហប់​ខ្យល់​ខ្លាំង រហូត​អាច​បង្ក​ឲ្យ​ផ្ទុះ​ឆេះ ដូច​ករណី​ធ្លាប់​កើត​មាន​កន្លង​មក​នៅ​ក្រៅ​ស្រុក។ បែប​នេះ​គួរ​ជ្រើស​យក​ទីតាំង​សមស្រប​ណា​មួយ ដូច​ជា​សាក​ចោល​លើ​តុ​ឬ​ផ្ទៃ​រឹង​លាត​ស្មើ​ដែល​មាន​សភាព​ត្រជាក់។

៤. ពេល​ស្មាតហ្វូន​ឡើង​កម្តៅ​ខ្លាំង កុំ​យក​ដាក់​ក្នុង​ទូ​ទឹក​កក​ឲ្យ​សោះ

បម្លាស់​ប្តូរ​សីតុណ្ហភាព​លឿន​ជ្រុល​ក៏​ជា​បញ្ហា​សម្រាប់​ស្មាតហ្វូន​ដូច​គ្នា ដោយ​ជម្រើស​ល្អ​បំផុត​ត្រង់​ចំណុច​នេះ គឺ​អ្នក​គួរ​បិទ​ម៉ាស៊ីន​ចោល ហើយ​រក្សា​ទុក​នៅ​ទីតាំង​ត្រជាក់​សម​ល្មម​ណា​មួយ​មុន​លើក​យក​មក​ប្រើប្រាស់​សារ​ជា​ថ្មី។

ប្រភព: http://time.com/5319693/phone-smartphone-heat-hot/?fbclid=IwAR2y6UuLA5ngoRRHuhZtlXyQcJ9Tc4w9tBkDVffwsLHlMn0an8KtblX-oBk

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម