តារា​ស្រី​ល្បីៗ ៩​ដួង មាន​គូ​ស្នេហ៍​ជា​ប្រុស​ក្មេង ​អាយុ​ខុស​គ្នា​ឆ្ងាយ

  • 2014-11-17 21:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចាស់​ស្រឡាញ់​ស្រី​ក្មេង​គឺ​ជា​រឿង​ដែល​គេ​ធ្លាប់​ឮ​ឡើង​ស៊ាំ​ត្រចៀក​ទៅ​ហើយ ហើយ​ជួន​កាល​បុរស​មាន​វ័យ​ស្មើ​ឪពុកឬ​តា របស់​ដៃ​គូ​​ខ្លួន​ក៏មាន។ តែ​ឥលូវ​ នារី​ចាស់​ៗ​​ដែល​ស្រឡាញ់​ដៃគូ​ជា​ប្រុស​ក្មេង​ៗ ក៏​មាន​ច្រើន​ណាស់​ដែរ។ ជាក់​ស្ដែង​តារា​ស្រី​ល្បី​ៗ​នៅ​អាមេរិក​ចំនួន​ ៩រូប​ខាង​ក្រោម​នេះ​សុទ្ធ​តែ​មាន​គូ​ស្នេហ៍​ជា​ប្រុស​ក្មេង​ជាង​ខ្លួន ប៉ុន្តែ​ភាគ​ច្រើន​គឺ​មិន​បាន​យូរ​អង្វែង​ឡើយ៖​

 

១. Julianne Moore និង Bart Freundlich (អាយុ​ខុស​គ្នា​៩ឆ្នាំ)

 

 

ក្រោយ​អាពាហ៍ពិពាហ៍​ទី​មួយ​មិន​សម​ប្រកប តារា​សម្ដែង Julianne Moore បាន​ជួប​នឹង​គូ​ស្នេហ៍​ថ្មី​​គឺ​អ្នក​ដឹកនាំ​រឿង Bart Freundlich ដែល​មាន​វ័យ​ក្មេង​ជាង​នាង​៩​ឆ្នាំ។ ក្រោយ​ពី​មាន​កូន​ប្រុស​ម្នាក់ និង​កូន​ស្រី​ម្នាក់​ពួក​គេ​បាន​សម្រេច​ចិត្ត​រៀបការ​នឹង​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ក្នុង​រយៈ​ពេល ១១ឆ្នាំ​ចុង​ក្រោយ​នេះ។

 

២. Janet Jackson និង Wissam Al Mana (អាយុ​ខុស​គ្នា ៩ឆ្នាំ)

 

បន្ទាប់​ពី​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដល់​ទៅ​២​ដង តារា​ចម្រៀង Janet Jackson ជា​ប្អូន​ស្រី Michael Jackson បាន​រៀបការ​ជាមួយ​មហាសេដ្ឋី​ផ្នែក Fashion ឈ្មោះ Wissam Al Mana ដែល​មាន​អាយុ​តិច​ជាង​នាង ៩​ឆ្នាំ នៅ​ឆ្នាំ​២០១២។ ទោះ​ជា​យ៉ាង​ណា​គូ​ស្នេហ៍​មួយ​គូ​នេះ​មិន​សូវ​បង្ហាញ​​មុខ​ជាមួយ​គ្នា​ជា​សាធារណៈ​ឡើយ។

 

៣. Paris Hilton និង River Viiperi (អាយុ​ខុស​គ្នា ១១ឆ្នាំ)

 

តារា​ចម្រៀង​និង​សម្ដែង​អាមេរិក​វ័យ ៣៣ឆ្នាំ Paris Hilton បាន​សាង​ស្នេហ៍​ជាមួយ​តារា​ម៉ូដែល​អេស្ប៉ាញ River Viiperi ដែល​មាន​វ័យ​ក្មេង​ជាង​នាង ១១​ឆ្នាំ ​រយៈ​ពេល​២​ឆ្នាំ។ បើ​ទោះ​ជា​គេ​មិន​ធ្លាប់​ឮ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្នេហា​របស់​អ្នក​ទាំង​ពីរ ប៉ុន្តែ​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៤​នេះ គេ​ឃើញ​រូបថត​ Paris Hilton ឱប​ថើប​ជាមួយ​ប្រុស​ថ្មី​លើ​ឆ្នេរ​ខ្សាច់ Malibu ជា​ច្រើន​សន្លឹក​លេច​ផ្សាយ​លើ​សារព័ត៌មាន​នានា រួម​ទាំង​សារ​លើ Instargram មួយ​ចំនួន​ពី Viiperi ដែល​បង្ហាញ​ថា​ពួក​គេ​ចប់​គ្នា​ហើយ។

៤. Mariah Carey និង Nick Cannon (អាយុ​ខុស​គ្នា ១១ឆ្នាំ)

 

មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​១១​ឆ្នាំ តារា​ចម្រៀង Mariah Carey និង​តារា​សម្ដែង Nick Cannon បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨ និង​មាន​កូន​ភ្លោះ​ប្រុស​ម្នាក់ ស្រី​ម្នាក់​ជាមួយ​គ្នា។ ខណៈ​ដែល​គេ​គិត​ថា​ស្នេហា​របស់​តារា​ទាំង​ពីរ​ដួង​ហាក់​ដូច​ជា​រឹង​មាំ គូ​ស្នេហ៍​មួយ​គូ​នេះ​ក៏​បាន​ប្រកាស​លែងលះ​គ្នា​ជា​ស្ថាពរ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤​កន្លង​ទៅ។​

 

៥. Demi Moore និង Ashton Kutcher (អាយុ​ខុស​គ្នា ១៦ឆ្នាំ)

 

តារា​សម្ដែង​វ័យ ៥២ឆ្នាំ Demi Moore និង​តារា​សម្ដែង​វ័យ៣៦ឆ្នាំ Ashton Kutcher បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០៥។ ដំបូង​អ្នក​ទាំង​ពីរ​ហាក់​ដូច​ជា​គូ​ស្នេហ៍​ដ៏​ស្មោះស្ម័គ្រ ដោយ​កូន​ស្រី​ទាំង ៣​របស់ Moore បាន​ទទួល​ស្គាល់​ Kutcher ជា​ឪពុក​ចុង​ស្រប​ច្បាប់​ទាំង​អស់​គ្នា ហើយ​ស្វាមី​ដើម​របស់​នាង​គឺ Bruce Will ក៏​បាន​អបអរសាទរ​ចំពោះ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ដែរ។ ប៉ុន្តែ​ក្រោយ​ពី​រស់​នៅ​ជាមួយ​គ្នា ៨ឆ្នាំ​ ស្នេហា​របស់​ពួក​គេ​ក៏​ដើរ​ដល់​ផ្លូវ​បំបែក។

 

៦. Jennifer Lopez និង Casper Smart (អាយុ​ខុស​គ្នា ១៨ឆ្នាំ)

 

តារា​ចម្រៀង និង​សម្ដែង​អាមេរិក Jennifer Lopez ត្រូវ​បាន​គេ​ប្រដូច​នឹង​តារា​សម្ដែង​ជើង​ចាស់ Elizabeth Taylor ប៉ុន្តែ​មិនមែន​ដោយ​សារ​សម្រស់​ ឬ​ក៏​ទេពកោសល្យ​ឡើយ គឺ​ព្រោះ​តែ​អ្នក​ទាំង​ពីរ​បរាជ័យ​ស្នេហា​ច្រើន​ដង​ដូច​គ្នា។ Jennifer Lopez ធ្លាប់​រៀប​អាពាហ៍ពិពាហ៍ ៣​លើក និង​ធ្លាប់​ភ្ជាប់​ពាក្យ​យ៉ាង​ហោច​ណាស់​ម្ដង ប៉ុន្តែ​បច្ចុប្បន្ន​នាង​នៅ​តែ​មិន​រក​ឃើញ​ស្នេហ៍​ពិត​នៅ​ឡើយ។ មុន​បែក​គ្នា​កាល​ពី​ពីរ​បី​ខែ​មុន តារា​ស្រី​វ័យ ៤៥​ឆ្នាំ​រូប​នេះ បាន​ទាក់ទង​ជាមួយ​អ្នក​រាំ​របស់​ខ្លួន​គឺ Casper Smart ដែល​មាន​វ័យ​ក្មេង​ជាង​នាង​ ១៨​ឆ្នាំ បាន​រយៈ​ពេល ៣​ឆ្នាំ។

 

៧. Madonna និង Timor Steffens (អាយុ​ខុស​គ្នា ២៩ឆ្នាំ)

 

តារា​ចម្រៀង​អាមេរិក Madonna បាន​រៀបការ​ចំនួន​ពីរ​លើក​ ដែល​ស្វាមី​ទាំង​ពីរ​សុទ្ធ​តែ​មាន​អាយុ​តិច​ជាង​នាង។ ប៉ុន្តែ​គូ​ស្នេហ៍​ពីរ​នាក់​ចុង​ក្រោយ​នេះ​គឺ​កាន់​តែ​ក្មេង​ជាង​នាង​កាន់​តែ​ខ្លាំង។ តារា​ចម្រៀង​វ័យ ៥៦​ឆ្នាំ Madonna បាន​ធ្លាប់​ទាក់ទង​ជាមួយ​អ្នក​រាំ​របស់​ខ្លួន​ដែល​មាន​វ័យ​ក្មេង​ជាង ៣០ឆ្នាំ ហើយ​បច្ចុប្បន្ន​នាង​កំពុង​ទាក់ទង​ Timor Steffens ដែល​មាន​វ័យ​ក្មេង​ជាង​នាង​ ២៩ឆ្នាំ។​

 

៨. Sharon Stone និង Martin Mica (អាយុ​ខុស​គ្នា ៣០ឆ្នាំ)

 

ស្ថិត​ក្នុង​វ័យ ៥៦ឆ្នាំ តារា​សម្ដែង Sharon Stone មើល​ទៅ​មាន​មន្ត​ស្នេហ៍​មិន​ចាញ់​តារា​វ័យ​ខ្ទង់​២៥​ឆ្នាំ​នោះ​ទេ។ ចំណែក​មនុស្ស​ប្រុស​ដែល​នាង​ស្រឡាញ់​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​មាន​វ័យ​ក្មេង​ជាង​នាង។ Stone ធ្លាប់​ទាក់ទង​ជាមួយ Chrisian Slater ដែល​មាន​អាយុ​ក្មេង​ជាង​នាង ១០​ឆ្នាំ។ ប៉ុន្តែ​ចុង​ក្រោយ​នេះ​នាង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​កាន់​តែ​ខ្លាំង ដោយ​បច្ចុប្បន្ន​ នាង​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​ម៉ូដែល​សញ្ជាតិ​អាហ្សង់ទីន Marin Mica ដែល​មាន​វ័យ​ក្មេង​ជាង​នាង​ដល់​ទៅ​៣០​ឆ្នាំ។​​​

 

៩. Susan Sarandon និង Jonathan Bricklin (អាយុ​ខុស​គ្នា ៣១ឆ្នាំ)

បន្ទាប់​ពី​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​លើក​ដំបូង រួម​ទាំង​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​​​អាយុ​ស្របាល​គ្នា​ជា​ច្រើន​នាក់​ទៀត តារា​សម្ដែង​ម្ចាស់​ពាន​រង្វាន់ OSCAR ឆ្នាំ​១៩៩៥ Susan Sarandon ក៏​សម្រេច​ចិត្ត​ទាក់ទង​ជាមួយ​បុរស​ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួន​វិញ​ម្ដង។ ចំណង​ស្នេហ៍​រយៈ​ពេល​វែង​បំផុត​របស់​នាង​គឺ​ជាមួយ Tim Robbins ដែល​នាង​បាន​រួមរស់​ជាមួយ​ជាង ២១ឆ្នាំ និង​មាន​កូន​២​នាក់។ ចំណែក​មិត្ត​ប្រុស​ដែល​នាង​កំពុង​ទាក់ទង​បច្ចុប្បន្ន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​នាង​ឈ្មោះ Jonathan Bricklin ដែល​មាន​វ័យ​ក្មេង​ជាង​នាង​ដល់​ទៅ​៣១​ឆ្នាំ។ ពួក​គេ​បាន​ទាក់ទង​គ្នា​ជិត​មួយ​ឆ្នាំ​ហើយ ៕

 

អានអត្ថបទ៖ Miley Cyrus និង​កូន​ប្រុស Arnold ថើប​មាត់​គ្នា​បញ្ជាក់​ចំណង​ស្នេហ៍​​ដ៏​​ផ្អែមល្ហែម

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ therichest