អ្នកជំនាញបង្ហើបពីរបៀបប្រមូលព័ត៌មានត្រឹមត្រូវពីអចលនទ្រព្យដើម្បីកុំឲ្យវិនិយោគខុសខាតឡុងចុង

  • 2019-04-22 06:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វិនិយោគ​លើ​អចលនទ្រព្យ តែង​ត្រូវ​ការ​លុយ​ធំ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែន​ទែន កុំ​ចេះតែ​ជ្រួល​តាម​គេ​ញាក់ ឃើញ​គេ​ដាក់​ត្រូវៗ ដាក់​តាម​គេ​នោះ អាច​ខុស។ យើង​ខ្លួន​ឯង​​ត្រូវ​ចេះ​ស៊ើបសួរ​ព័ត៌មាន និង​វិភាគ​ទិន្នន័យ​ឲ្យ​ច្បាស់​លាស់​សិន ថា​ទីតាំង​ដែល​យើង​ទិញ​ល្អ​សម្រាប់​រស់​នៅ​ ឬ ធ្វើអាជីវកម្ម ឬ អាច​មាន​ហាង​ឆេង​នៅ​ថ្ងៃ​មុខ​ជាដើម»។ នេះ​ជា​ការ​លើកឡើង​របស់​ លោក​ សួស ចិន្តា រដ្ឋ​លេខាធិការ​សមាគម អ្នក​វាយ​តម្លៃ និង ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​ [CVEA] ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​របស់​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​ឆ្នាំ ២០១៩​ រៀប​ចំ ដោយ ក្រុមហ៊ុន Realestate.com.kh

ពាក់​ព័ន្ធ​នឹង​កង្វល់​កប់​លុយ​លើ​ការ​វិនិយោគ​ដីធ្លី លោក​សង្កត់​ធ្ងន់​ថា​៖ «ជា​ទូទៅ​អចលនទ្រព្យ​ទាំងអស់​សុទ្ធ​តែ​មាន​តម្លៃ​គោល​របស់​វា (ហាងឆេង) គ្រាន់​តែ​ថា​វា​ជា​នឹង​មាន​ហាង​ឆេង​កម្រិត​ណា ឡើង​ថ្លៃ​ឆាប់ៗ ឬ ត្រូវ​ចាំ​យូរ​រាប់​ខែ ឬ ឆ្នាំ។ កន្លែង​ដែល​កំពុង​មាន​ហាង​ឆេង​ស្រាប់​ មើល​ទៅ​ឃើញ​ចំណេញ​លើគោក អីចឹង​ច្បាស់ជា​ថ្លៃ​កប់​ពពក។ សម្រាប់​អ្នក​រកស៊ី​វិនិយោគ​អចលនទ្រព្យ​គេ​តែង​រក​មើល​កន្លែង​ដែល​ធូរ​ថ្លៃ តែ​អាច​មាន​ហាង​ឆេង​នា​ពេល​អនាគត។»

«ចំណុច​សំខាន់​ត្រូវ​ចង់​ចាំ​នោះ គឺ ត្រូវ​វិនិយោគ​នៅ​តំបន់​ណា​ដែល​មាន​ដង្ហើម​សេដ្ឋកិច្ច​ ឧទាហរណ៍​ដូចជា ក្បែរ​ផ្សារ រោងចក្រ សាលារៀន ទីប្រជុំជន ឬ នៅ​ក្បែរ​គម្រោង​អភិវឌ្ឍ​ធំៗ​ណា​មួយ​។ សំខាន់​មួយ​ទៀត​នោះ ប្រសិន​បើ​អ្នក​ទិញ​ដី​ធូរ​ថ្លៃ​នៅ​តំបន់​ឆ្ងាយៗ ត្រូវ​មើល​ពី​ផលប្រយោជន៍​ដែល​អ្នក​អាច​ទាញ​ចេញ​បាន​ពី​ដី ឬ​ផ្ទះ​នោះ​បាន​មុន​ពេល​លក់​ចេញ​វិញ ដូចជា ដី​នោះ​អាច​ដាំដំណាំ ឬ​ធ្វើ​កសិកម្ម​បាន​ឬ​អត់ ឬ ក៏​ផ្ទះ​នោះ​អាច​ជួល​ស្នាក់​នៅ ឬ ធ្វើ​ឃ្លាំង​បាន​ឬ អត់​ ជា​ដើម។ សកម្មភាព​ផ្សេងៗ​ដែល​អ្នក​ធ្វើ​លើ​ដី​ដែល​ខ្លួន​បាន​វិនិយោគ​នោះ នឹង​បន្ថែម​តម្លៃ​ដល់​ដី ឬ​ផ្ទះ​របស់​អ្នក»។ លោក​បញ្ជាក់​បន្ថែម។

លោក​ សួស ចិន្តា រដ្ឋ​លេខាធិការ​សមាគម អ្នក​វាយ​តម្លៃ និង ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​ [CVEA]

ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់​ និង​គ្រប់​ជ្រុង​ជ្រោយ​ពី​អចលនទ្រព្យ អ្នក​វិនិយោគ គួរ​​ទៅ​ប្រឹក្សា​យោបល់​ពី​ភ្នាក់​ងារ​អចលនទ្រព្យ​ណា​មួយ​ដែល​មាន​ជំនាញ​ត្រឹមត្រូវ ចុះ​បញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ ដែល​យល់​ដឹង​ពី​ច្បាប់​ភូមិបាល និង​មាន​វិជ្ជាជីវៈ​លើ​ការ​វាយ​តម្លៃ​អចលនទ្រព្យ តួយ៉ាង​ក្នុង​សមាគម អ្នក​វាយ​តម្លៃ និង ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​ [CVEA] មាន​ភ្នាក់​ងារ​អចលនទ្រព្យ​ជាង ១០០ក្រុមហ៊ុនរង់ចាំប្រឹក្សាយោបល់​អ្នក។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក Thomas O’Sullivan ជា​នាយក​ប្រតិបត្តិ​របស់ Realestate.com.kh ក៏​បន្ថែម​ថា៖ « ការ​តាម​ដាន​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក៏​អាច​ជា​ទុន​សំខាន់​មួយ​ក្នុង​ការ​ជួយ​ដល់​ការ​វិនិយោគ​អចលនទ្រព្យ​ដែរ ។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា​បន្ត ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ​ដែល​ផ្តល់​ចំណេះដឹង​ប្រជាពលរដ្ឋ​ជុំវិញ​វិស័យ​អចលនទ្រព្យ។»

«នៅ​ថ្ងៃ​សុក្រ ទី២៦ និង ថ្ងៃសៅរ៍ ទី​២៧ មេសា ២០១៩នេះ ​​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា (ឬ Home and Lifestyle Expo 2019 ) នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នឹង​​ប្រមូល​ផ្តុំ​គម្រោង​អចលនទ្រព្យ​ជា​ច្រើន​ជុំវិញ​កម្ពុជា ដាក់​មួយ​កន្លែង​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​​សម្រាប់​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​អចលនទ្រព្យ»។

លោក Thomas O’Sullivan ជា​នាយក​ប្រតិបត្តិ​របស់ Realestate.com.kh​​

លោក​បន្តថា​៖ «ក្នុង​ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា​ ក៏​មាន​វគ្គ​សិក្ខាសាលា​ចែក​រំលែក​ចំណេះ​ដឹង​ពី​វិស័យ​អចលនទ្រព្យ​អប់រំ​អ្នក​ចូល​រួម​ឲ្យ​ចេះ​មើល​ទីផ្សារ ដើម្បី​ឲ្យ​ការ​វិនិយោគ​ច្បាស់​លាស់ និង​ជោគជ័យ​ដោយ​​​វាគ្មិន​ក្នុង​កម្មវិធី ក្រៅ​ពី​អ្នក​ជំនាញ​អចលន​ទ្រព្យ​ហើយ​ ក៏​មាន​អ្នក​ច្បាប់​ អ្នក​ធនាគារ​ Developer ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណៈ​ពិសេស​ៗរបស់​គម្រោង​របស់​គេ។ ​លើស​ពី​នេះ ​ដើម្បី​ទិញ​បាន​តម្លៃ​សមរម្យ គឺ​ចូល​រួម​ទិញ​ក្នុង​ឱកាស​ពិព័រណ៍​នេះ​ នឹង​ទទួល​បាន​ប្រូម៉ូ​សិន​ជាច្រើន ទិញ​ក្នុង​ឱកាស​នោះ គឺ​តម្លៃ​ខុស​គ្នា​ពី​យើង​ដើរ​ទិញ​តាម​គម្រោង​ដោយ​ខ្លួនឯង»៕

អត្ថបទ៖ លីដា