តើ ឆន សុវណ្ណរាជ និយាយ​អ្វី​ខ្លះ​ពី​ ប៊ុត សីហា ម្ចាស់​ពាន The Voice Cambodia?

  • 2014-11-17 21:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coach ឆន សុវណ្ណរាជ បាន​ប្រាប់ ​Sabay មុន​នេះ​បន្តិច​ថា រយៈ​ពេល​ ១ ​យប់​ទៅ​ហើយ ប៉ុន្តែ​ លោក​នៅ​តែ​មាន​អារម្មណ៍​រំភើប​រីករាយ ចំពោះ​ជ័យជម្នះ​របស់​បេក្ខជន ប៊ុត សីហា ក្នុង​នាម​ជា​អ្នក​បង្ហាត់បង្ហាញ​ដោយ​ផ្ទាល់​តាំង​ពី​ដើម​រហូត​មក។

 

លទ្ធផល​នៅ​ពេល​នេះ បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង និង ​ពុះពារ​គ្រប់​ឧបសគ្គ​តាំង​ពី​វគ្គ​ដំបូង និង​ ឆ្លង​កាត់​វគ្គ​ជា​ច្រើន​ទៀត​ក្នុង​​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១។

សុវណ្ណរាជ និយាយ​ថា៖ “សីហា មាន​សំឡេង​ប្លែក មិន​យក​ត្រាប់​តាម​នរណា​ម្នាក់​ទេ។ ហេតុផល​នេះ​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ និង​ជ្រើសរើស​គាត់​តាំង​ពី​ដំបូង"។

 

ទោះ​បី​ជា​យ៉ាង​ណា ក្រៅ​ពី​ចំណុច​ខ្លាំង​មាន​ស្រាប់ បេក្ខជន ប៊ុត សីហា ក៏​នៅ​មាន​ចំណុច​ខ្សោយ​មួយ​ចំនួន ដូច​កូន​ក្រុម​ទាំង​ ១២ ​នាក់ ​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ​សម្រាប់​យុវជន​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ អាច​ធ្វើ​បាន​ល្អ រាល់​បទ​ចម្រៀង​មាន​លក្ខណៈ​លំបាក​ទាំង​ឡាយ ដែល​ Coach បាន​ជ្រើសរើស​ឲ្យ​ច្រៀង​ជា​រៀងរាល់​សប្ដាហ៍ និង ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ទៀត​ផង។

 

“ចំណុច​ខ្លាំង​គាត់​មាន​អស់​ហើយ តែ​មាន​ចំណុច​ខ្សោយ​ជា​ច្រើន ដែល​បាន​កែប្រែ​បន្ត​បន្ទាប់​រហូត​ទទួល​បាន​លទ្ធផល​ដូច​ពេល​នេះ​អញ្ចឹង"។ សុវណ្ណរាជ បញ្ជាក់​យ៉ាង​ដូច្នេះ។

 

ជាមួយ​គ្នា​នោះ Coach ខាង​លើ​រំលឹក​ថា មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ក្នុង​ការ​បង្ហាត់បង្ហាញ​ចំពោះ​បទ​ចម្រៀង​នីមួយៗ ដល់​កូន​ក្រុម​ទាំង​អស់ រួម​ទាំង​បេក្ខជន ប៊ុត សីហា ដែល​ទើប​ទទួល​បាន​ប្រាក់​ចំនួន​១០០​លាន​រៀល និង​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ពេល​នេះ​ក្ដី។

 

លោកបន្ដ​​ថា រាល់​បច្ចេកទេស​ទាំង​អស់ ឆ្លង​កាត់​បទ​ពិសោធន៍​កន្លង​មក បាន​ផ្ទេរ​ទៅ​បេក្ខភាព​គ្រប់​រូប​អស់​ហើយ ព្យាយាម​ធ្វើ​យ៉ាង​ណា ឲ្យ​ពូក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ប្រលង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី ​១ ​នេះ។ ឬ​យ៉ាង​ហោច​ណាស់ ពួក​គេ​អាច​មាន​សមត្ថភាព​បន្ថែម​ទៀត ដែល​អាច​បន្ត​អាជីព​ចម្រៀង​តាម​ទី​កន្លែង​នានា​ផង​ដែរ។

 

យ៉ាង​ណា ឆន សុវណ្ណរាជ នៅ​តែ​អរគុណ​ចំពោះ​ផលិតកម្ម​ហង្ស​មាស បាន​នាំ​យក​​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ពិភព​លោក​នេះមក​កម្ពុជា ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កូន​ខ្មែរ​គ្រប់រូប មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​របស់​ពូក​គេ។ ជា​ពិសេស​អ្នក​គាំទ្រ​បេក្ខជន ប៊ុត សីហា ទាំង​អស់​តាម​រយៈ​​ការ​ផ្ញើ​សារ​បោះ​ឆ្នោត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ នាំ​ឲ្យ​កូន​ក្រុម​របស់​ខ្លួន​ជោគជ័យ​ក្នុង​កម្មវិធី The Voice Cambodia ក្នុង​រដូវ​កាល​ទី​១​នេះ៕

 

មើល​វីដេអូ ប៊ុត សីហា លើក​ពាន​យប់មិញ​នេះ

ស្ដាប់​បទ"ស្រាលាញ់​បង​គ្មាន​អនាគត​ទេ" របស់ ខេមរៈ សិរីមន្ត និង​ ប៊ុត សីហា យ៉ាង​ម៉េច​ដែរ?

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម