និស្សិត​ខ្មែរ​ឈ្នះ​អាហារូបករណ៍​បរទេស​ពីរ​ផ្ទួន​គ្នា​ទៅ​​សិក្សា​ជំនាញ​ដែល​ខ្មែរ​ត្រូវ​ការ​បំផុត

  • 2014-11-17 21:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត ​ខ្មែរ​មក​ពី​ជនបទ​មួយ​រូប​បាន​ជាប់​អាហារូបករណ៍​បរទេស​ពីរ​ដង​ផ្ទួន​គ្នា​ ទៅ​សិក្សា​ជំនាញ ​ដែល​ត្រូវ​ការ​ចាំ​បាច់​បំផុត​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ ស្រុក​ នោះ​គឺ​ទាក់​ទង​នឹង​ឧស្សាហកម្ម​កៅស៊ូ។ ឡាយ មករា​ មាន​ស្រុក​កំណើត​នៅ​​ស្រុក​កោះសូទិន ​ខេត្ត​កំពង់ចាម​ កំពុង​តែ​សិក្សា​ថ្នាក់​អនុបណ្ឌិត​​ផ្នែក​​វិស្វករ​ឧស្សាហកម្ម​កៅស៊ូ​ នៅ​សាកល​វិទ្យាល័យ​ Universiti Sains Malaysia (USM)​ ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​មិន​ទាន់​នឹង​ចប់​ស្រួល​បួល​ផង​ យុវជន​រូប​នេះ​បាន​ទទួល​អាហារូបករណ៍​មួយ​ទៀត​ ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​វិស្វករ​វិទ្យាសាស្ត្រ​រូបធាតុ​ប្លាស្ទិក​ នៅ​ប្រទេស​អេស្ប៉ាញ​ទៀត។ ​តើ​យុវជន​រូប​នេះ​ធ្វើ​ម៉េច​ អាច​ឈ្នះ​អាហារូបករណ៍​ផ្ទួន​គ្នា​បែប​ហ្នឹង​ទៅ​សិក្សា​ជំនាញ​ដែល​ខ្មែរ​ កំពុង​ត្រូវ​ការ?

 

មុន​បាន​អាហារូបករណ៍​ទៅ​ម៉ាឡេស៊ី​

 

 

ក្រោយ ​បញ្ចប់​បាក់ឌុប​ជាមួយ​និទ្ទេស​ C ​ពី​វិទ្យាល័យ​កោះសូទិន​ក្នុង​ឆ្នាំ​២០០៥​ ឡាយ មករា ​ខាត​ពេល​មួយ​ឆ្នាំ​ ព្រោះ​មិន​បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ភ្លាម​ទេ​ ដោយសារ​តែ​មក​ចុះ​ឈ្មោះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ) ​យឺត​ពេល។ យុវជន​រូប​នេះ​អាច​សិក្សា​នៅ​សាកល​វិទ្យាល័យ​ឯកជន​នានា​នៅ​ពេល​នោះ​បាន​ ប៉ុន្តែ​​ត្រូវ​ឪពុកម្ដាយ​ខ្លួន​ជំទាស់​ ព្រោះ​គាត់​ចង់​ឲ្យ​រៀន​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ជាង។ ថ្វី​ត្បិត​តែ​ មករា ​​នៅ​​ក្រៅ​សាកលវិទ្យាល័យ​មួយ​ឆ្នាំ​មែន​ ប៉ុន្តែ​យុវជន​រាង​ស្ដើង​រូប​នេះ​មិន​ចំណាយ​ពេល​អត់​ប្រយោជន៍​ឡើយ។ គេ​បាន​ទៅ​រៀន​បំប៉ន​មុខ​វិជ្ជា ​រូបវិទ្យា ​គណិតវិទ្យា ​និង​គីមីវិទ្យា ​នៅ​សាលា​ជ័យថាវី​ ព្រម​ទាំង​បាន​បំប៉ន​ភាសា​អង់គ្លេស​របស់​ខ្លួន​ទៀត​ផង។

 

ដោយ ​មាន​ក្ដី​ស្រមៃ​ចង់​​ក្លាយ​ជា​វិស្វករ​តាំង​ពី​តូច​មក​ និង​ដោយ​មើល​ឃើញ​ថា ​កម្ពុជា​មាន​ធនធាន​ប្រេង​និង​រ៉ែ​ជា​ច្រើន​ ប៉ុន្តែ​ខ្វះ​ខាត​ធនធាន​មនុស្ស​ខាង​ផ្នែក​នេះ​ នៅ​ឆ្នាំ​២០០៦​ មករា ក៏​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​ភូគព្ភសាស្ត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ តាម​ពិត​ទៅ​ មុន​ពេល​ចូលរៀន​នៅ​តិចណូ​ ពោល​គឺ​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០០៦ ​មករា​ បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ក្រោម​ការ​ ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​រុស្ស៊ី​ ប៉ុន្តែ​យុវជន​រូប​នេះ​សុខ​ចិត្ត​បោះបង់​អាហារូបករណ៍​នោះ​ចោល​ ដោយសារ​តែ​ក្រុម​គ្រួសារ​របស់​ខ្លួន​បារម្ភ​ពី​បញ្ហា​សុខភាព ​ព្រោះ​អាកាសធាតុ​នៅ​ទីនោះ​ត្រជាក់​ខ្លាំង​ពេក។ ណា​មួយ​ឮ​ដំណឹង​មិន​ល្អ​ថា​ និស្សិត​​មួយ​ចំនួន​នៅ​ទីនោះ​​មិន​អាច​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បាន​ឡើយ​ ព្រោះ​បើ​ប្រឡង​ធ្លាក់​ គេ​នឹង​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ហើយ។​ ​ដូច្នេះ​ មករា​ ក៏​បង់​លុយ​សិក្សា​នៅ​តិចណូ​រហូត​ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​២០១១​ ដែល​រយៈ​ពេល​៥​ឆ្នាំ ​នៃ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នេះ ​មករា​ ស្នាក់​នៅ​អន្តេវាសិកដ្ឋាន​របស់​វិទ្យាស្ថាន​ ដោយ​បង់​ថ្លៃ​ឈ្នួល​១២​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

 

ស្វែង​រក​អនុបណ្ឌិត​លើ​ជំនាញ​ដ៏​កម្រ​នៅ​ម៉ាឡេស៊ី

 

វិទ្យាស្ថាន ​បច្ចេកវិទ្យា​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ផ្ដល់​ អាហារូបករណ៍​ជា​ច្រើន​​ដូច​ជា ​AUN​ ឬ​SEED.Net (សម្រាប់​សិក្សា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ មាន​ថៃ​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី…) AUF​(សម្រាប់​ទៅ​សិក្សា​នៅ​បារាំង) និង​ Erasmus mundus ​(ទៅ​សិក្សា​នៅ​អឺរ៉ុប​) ​ជា​ដើម​។ អំឡុង​ពេល​កំពុង​សិក្សា​នៅ​តិចណូ ​យុវជន​ដែល​មាន​ឪពុក​ជា​នាយក​សាលា​បឋម​សិក្សា​រូប​នេះ​មាន​គម្រោង​រួច​ជា​ ស្រេច​ថា​នឹង​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ទៅ​​បន្ត​ថ្នាក់​អនុបណ្ឌិត​ នៅ​ក្រៅ​ប្រទេស ​បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ​ ប៉ុន្តែ​មិន​រំពឹង​ទុក​មុន​ថា​ជាប់​ទេ​ ព្រោះ​ត្រូវ​ប្រជែង​ជាមួយ​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ផ្សេង​ៗ​ទៀត​នៃ​ បណ្ដា​ប្រទេស​ក្នុង​តំបន់។

 

នៅ​ខែ​សីហា​ ចុង​ឆ្នាំ​២០១១​ យុវជន​រូប​នេះ​បាន​ឈ្នះ​អាហារូបករណ៍​​​ដូច​បំណង ​ក្រោម​គម្រោង​របស់​ JICA ​ដែល​មាន​ឈ្មោះ​ថា​ (AUN/SEED.Net = Asean University Network/ Southeast Asia Engineering Education Development Network)​ ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​​នៅ​ម៉ាឡេស៊ី ​លើ​ជំនាញ​វិធីសាស្ត្រ​ ក្នុង​ការ​បន្ថែម​សារធាតុ​គីមី​​ដើម្បី​បង្កើន​គុណភាព​កៅស៊ូ​ស្ងួត​កម្ពុជា​ សម្រាប់​អនុវត្ត​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​​ដើម្បី​ផលិត​ កៅស៊ូ​ កង់ឡាន​ ខ្សែ​ក្រវាត់​ ខ្សែពាន​ បំពង់​ទឹក​ និង​ទ្រនាប់​ម៉ាស៊ីន​ជា​ដើម។ ពេល​នោះ​មាន​និស្សិត​ស្រី​កម្ពុជា​ពីរ​នាក់​ផ្សេង​ទៀត​ក៏​ជាប់​ទៅ​ម៉ាឡេស៊ី​ ដែរ​ ប៉ុន្តែ​ពួក​គេ​រៀន​ជំនាញ​ផ្សេង​គ្នា​ ពោល​គឺ​ជំនាញ​ពាក់ព័ន្ធ​នឹង​កៅស៊ូ​នេះ​មាន​តែ​ មករា ​ម្នាក់​ប៉ុណ្ណោះ​។នៅ ​ម៉ាឡេស៊ី ​មករា ​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​របស់​សាកល​វិទ្យាល័យ​ដែល​ខ្លួន​រៀន​ គឺ​ Universiti Sains Malaysia​ ដោយ​ត្រូវ​បង់​ថ្លៃ​ឈ្នួល​៥០​ដុល្លារ ​ក្នុង​មួយ​ខែ​ ហើយ​ត្រូវ​ធ្វើ​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង ​ប៉ុន្តែ​មិន​ជា​បញ្ហា​ទេ ​ព្រោះ​ ​មករា ​ទទួល​បាន​ប្រាក់​អាហារូបករណ៍​​១៩០០​រីងហ្គីត​ (លុយ​ម៉ាឡេស៊ី) ក្នុង​មួយ​ខែ ​ឬ​ប្រមាណ​៦០០​ដុល្លារ​អាមេរិក​ ដែល​ផាត់​ថ្លៃ​ចំណាយ​ទៅ ​យុវជន​រូប​នេះ​អាច​សល់​ប្រហែល​២០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ​ៗ។

 

យុវជន ​ដែល​មាន​កំណើត​នៅ​លើ​ដី​កោះ​ល្បី​ខាង​ដំណាំ​ថ្នាំ​ជក់​រូប​នេះ​ ឲ្យ​​ដឹង​​ថា​ ការ​សិក្សា​នៅ​ទីនោះ​ប្រើប្រាស់​ភាសា​អង់គ្លេស​សុទ្ធ​ ហើយ​​និស្សិត​ត្រូវ​ប្រឡង​ឲ្យ​​បាន​ពិន្ទុ​ C+ ​ឡើង ​ប៉ុន្តែ​សាកលវិទ្យាល័យ​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ចការ​ស្រាវជ្រាវ​ជាង​ការ​​ប្រឡង​ពីព្រោះ​និស្សិត​ថ្នាក់​អនុបណ្ឌិត​នៅ​ទីនោះ​​សិក្សា​ក្នុង​នាម​ជា​អ្នក​ ស្រាវជ្រាវ។ ​រីឯ​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​ក៏​មិន​ជា​បញ្ហា​ចោទ​ដែរ​ ព្រោះ​ប្រជាជន​នៅ​ទីនោះ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ណាស់។

 

មិន​ទាន់​នឹង​ចប់​ស្រួល​បួល​ផង​ គេ​ឲ្យ​អាហារូបករណ៍​មួយ​ទៀត

 

ថ្នាក់ ​អនុបណ្ឌិត​របស់​ មករា ​នឹង​បញ្ចប់​នៅ​ខែ​សីហា​ ឆ្នាំ​២០១៣​នេះ។ ខណៈ​ដែល​ការ​សិក្សា​នៅ​ម៉ាឡេស៊ី​​មិន​ទាន់​​ទាំង​ចប់​ស្រួលបួល​ផង យុវជន​​វ័យ​ក្មេង​រូប​នេះ​ ទទួល​បាន​អាហារូបករណ៍​មួយ​ទៀត​ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​រូបធាតុ​ប្លាស្ទិក​ រយៈ​ពេល​៣​ឆ្នាំ​ នៅ​ប្រទេស​អេស្ប៉ាញ ​​ក្រោម​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​ Erasmus Mondus Techno Project II។ សាកលវិទ្យាល័យ​ដែល​ មករា ត្រូវ​ទៅ​សិក្សា​នោះ​ មាន​ឈ្មោះ​ថា​ University of Girona។

 

មករា ​ប្រាប់​ថា ​ខ្លួន​ឈ្នះ​អាហារូបករណ៍​នេះ​តាម​រយៈ​​ការ​ដាក់​ពាក្យ​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត​ ដោយ​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាមទារ​យ៉ាង​ប្រុងប្រយ័ត្ន​​ ដូច​ជា​​បំពេញ​ពាក្យ​សុំ​ ដាក់​ព្រឹត្តិបត្រ​ពិន្ទុ​ពី​ឆ្នាំ​ទី​១​ដល់​ទី​៥​នៅ​តិចណូ​ ​ព្រឹត្តិបត្រ​ពិន្ទុ​​ថ្នាក់​អនុបណ្ឌិត​ ​បទពិសោធន៍​ស្រាវជ្រាវ Motivation Letter & Research Proposal, Recommendation, វិញ្ញាបនបត្រ​ភាសា​អង់គ្លេស ​និង​ភាសា​បារាំង​ ព្រម​ទាំង​​វិញ្ញាបនបត្រ​​​​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការងារ ​និង​ការ​រៀន​​វគ្គ​ខ្លី​ៗ​។ នៅ​ថ្ងៃ​ទី​៨ ​ខែ​កញ្ញា​ខាង​មុខ​នេះ​ គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ហើយ។ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​នៅ​​ប្រទេស​អឺរ៉ុប​មួយ​នេះ ​ មករា​ ប្រាប់​ថា​ទទួល​បាន​ប្រាក់​អាហារូបករណ៍​ ១៥០០​អឺរ៉ូ​ ដែល​ស្មើ​នឹង​​ជិត​ពីរ​ពាន់​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ។ មករា ​បន្ត​ថា​ ខែ​ដំបូង​នៅ​អេស្ប៉ាញ​ គេ​ត្រូវ​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​របស់​សាកល​វិទ្យាល័យ​សិន​ ដោយ​ត្រូវ​បង់​ថ្លៃ​ឈ្នួល​ដល់​ទៅ​​៣៥០​អឺរ៉ូ​ឯណោះ​ក្នុង​មួយ​ខែ​។ ដោយសារ​តែ​ថ្លៃ​ឈ្នួល​ខ្ពស់​បែប​នេះ ​មករា ​ប្រាប់​ថា​នឹង​ប្ដូរ​ទៅ​រក​ជួល​ផ្ទះ​នៅ​ខាង​ក្រៅ​​សាលា​វិញ​​​នៅ​ខែ​ បន្ទាប់។ ទាក់ទង​នឹង​ជំនាញ​ខាង​ វិទ្យាសាស្ត្រ​រូបធាតុ​ប្លាស្ទិក​នេះ​ មករា ​និយាយ​ថា ​ខ្លួន​មិន​មែន​និស្សិត​ខ្មែរ​ទី​១​ទេ​ដែល​ចាប់​ជំនាញ​នេះ។ តាម​ដឹង​ មាន​និស្សិត​ខ្មែរ​៣​នាក់​មក​ហើយ​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ ដែល​ក្នុង​នោះ​មាន​ម្នាក់​បញ្ចប់​​​ថ្នាក់​បណ្ឌិត​ផ្នែក​ស៊ីម៉ង់​ និង​ពីរ​នាក់​ទៀត​បញ្ចប់​​ខាង​ដីឥដ្ឋ។

 

ចង់​យក​ជំនាញ​មក​អភិវឌ្ឍ​កម្ពុជា

 

បច្ចុប្បន្ន​ភាគ​ច្រើន​នៃ​ជ័រកៅស៊ូ​ធម្មជាតិ​របស់​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ ប្រទេស​វៀតណាម ​ម៉ាឡេស៊ី​ សិង្ហបុរី ​និង​កូរ៉េ​ខាងត្បូង ​ដោយសារ​តែ​ដំណើរ​ការ​​​​កែច្នៃ​​កៅស៊ូ​របស់​កម្ពុជា​ឲ្យ​​ស្រប​ទៅ​តាម​ ស្តង់ដារ​អន្តរជាតិ​​នៅ​មាន​កម្រិត​នៅ​ឡើយ។ ដោយ​មើល​ឃើញ​ត្រង់​ចំណុច​នេះ​ មករា ​បញ្ជាក់​ថា ​ក្រោយ​ពេល​បញ្ចប់​ថ្នាក់​បណ្ឌិត​វិទ្យាសាស្ត្រ​រូបធាតុ​ប្លាស្ទិក​នេះ​ រូប​គេ​នឹង​យក​ចំណេះ​ដឹង​នេះ​មក​​ប្រើ​នៅ​កម្ពុជា​ដោយ​ធ្វើ​ការ​ក្នុង​ផ្នែក ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍”​ (Research & Development) ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​នៅ​កម្ពុជា​ ដើម្បី​​ជួយ​​ធ្វើ​ឱ្យ​កៅស៊ូ​ កម្ពុជា​អាច​​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ កៅស៊ូ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​​បាន​ ជា​ពិសេស​កៅស៊ូ​ស្ងួត​។

 

ប៉ុន្តែ​ពេល​ត្រលប់​មក​ដល់​កម្ពុជា​វិញ​ភ្លាម​ មករា​ ប្រហែល​ជា​ត្រូវ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​ កម្ពុជា​សិន​ ព្រោះ​រូប​គេ​​​បាន​ជាប់​កិច្ចសន្យា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ​វិទ្យាស្ថាន​ នេះ។ការ​ផ្តាំ​ផ្ញើ​ចំពោះ​​និស្សិត​ដែល​ចង់​បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេសក្នុង ​នាម​ជា​និស្សិត​មក​ពី​ជនបទ​ស្រុក​ស្រែ​ចម្ការ​ម្នាក់​ មករា ​សូម​ផ្ដាំផ្ញើ​ទៅ​កាន់​សិស្ស​និស្សិត​ក្រីក្រ​ទាំង​អស់​កុំ​អស់​សង្ឃឹម​ និង​កុំ​បាក់​ទឹកចិត្ត។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ត្រូវ​តស៊ូ​​ខិតខំ​រៀន​សូត្រ ​ពីព្រោះ​មាន​អាហារូបករណ៍​ច្រើន​ណាស់​កំពុង​រង់​ចាំ​អ្នក​មាន​សមត្ថភាព។​

 

ទន្ទឹម​នឹង​នេះ​ មករា ​ចង់​ចែក​រំលែក​គន្លឹះ​ខ្លះ​ៗ ​ដើម្បី​ត្រៀម​ប្រជែង​យក​អាហារូបករណ៍​ទៅ​ក្រៅ​ ប្រទេស​ថា ​ជា​ដំបូង​និស្សិត​គ្រប់រូប​ត្រូវ​ពង្រឹង​ភាសា​អង់គ្លេស​របស់​ខ្លួន ​(​អាហារូបករណ៍​ខ្លះ​ទាមទារ​ពិន្ទុ​ TOEFL ឬ IELTS)​ ហើយ​ត្រូវ​មាន​ពិន្ទុ​មធ្យម​សរុប ​(GPA)​ យ៉ាង​តិច​៣.០០​ពី​សាកល​វិទ្យាល័យ​​ក្នុង​ស្រុក។ ​បន្ថែម​ពី​លើ​​នេះ ​គេ​ត្រូវ​​ឧស្សាហ៍​ចូល​មើល​គេហទំព័រ​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​ផ្ដល់​ អាហារូបករណ៍​ ឬ​សាកសួរ​និស្សិត​ដែល​កំពុង​រៀន​នៅ​បរទេស​ស្រាប់​ ប្រសិន​បើ​ស្គាល់។ ជា​ពិសេស​ និស្សិត​ត្រូវ​អាន​យ៉ាង​យក​ចិត្ត​ទុកដាក់​អំពី​​លក្ខខណ្ឌ​ជ្រើស​រើស​ និង​ព័ត៌មាន​ផ្សេង​ៗ​​ទៀត​ដែល​ពាក់ព័ន្ធ​ មុន​នឹង​ដាក់​ពាក្យ​ស្នើ​សុំ៕

 

ចុច​ត្រង់​នេះ​ អាន​អត្ថបទ តែ រតនៈ​៖រៀន​ខ្សោយ​មិន​មែន​ជា​ចំណោទ​​ធំ​ទេ​ តែ​​ការ​តាំង​ចិត្ត​​ជា​រឿង​សំខាន់ ​

អត្ថបទ​៖ យ៉ុង ម៉ុងហាក់

អត្ថបទថ្មី