កីឡាករ​របស់​ក្លឹប Bolton មិន​ព្រម​ចូល​ទីលាន និង បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល

  • 2019-04-28 05:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាល​ដ៏​ចម្រូងចម្រាស​របស់​ Bolton ឈាន​ទៅ​ដល់​លុប​ការ​ប្រកួត​​ក្នុង​ដី​ទល់​នឹង​ក្រុម Brentford នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​កីឡាករ​មិន​ព្រម​ចូល​ទីលាន និង ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល។

Bolton ពី​ក្លឹប​ដែល​ធ្លាប់​ឈរ​លើ Atletico Madrid, Man City និង PSG ជា​ដើម​កាល​ពី​ឆ្នាំ​២០០៨ ឥឡូវ​នេះ​បាន​ធ្លាក់​ពី​លីគ​លំដាប់​ទី​២​នៅ​អង់គ្លេស​ទៅ​លីគ​លំដាប់​ទី​៣​កាល​ពី​សប្ដាហ៍​មុន ហើយ​ខណៈ​ពេល​ដែល​ក្លឹប​កំពុង​​រៀបចំ​នីតិវិធី​ដើម្បី​ប្តូរ​ម្ចាស់ ព្រោះ​ម្ចាស់​មុន​ប្រកាស​ក្ស័យធន បញ្ហា​ប្រាក់ខែ​បុគ្គលិក និង កីឡាករ​នៅ​មិន​ត្រូវ​បាន​ទូទាត់​​នៅ​ឡើយ​គិត​ចាប់​​តាំង​ពី​ខែ​​មីនា​មក​ម្ល៉េះ។

Ken Anderson បាន​មក​ធ្វើ​ជា​ម្ចាស់​ក្លឹប Bolton ក្នុង​ឆ្នាំ ២០១៦

Ken Anderson ម្ចាស់​ក្លឹប​​ចាស់​របស់ Bolton ​បាន​យល់ព្រម​លក់​ក្លឹប​ឲ្យ​ទៅ Laurence Bassini បុរស​ដែល​​ធ្លាប់​ប្រកាស​ក្ស័យធន​ចំនួន​២​ដង​ទៅ​ហើយ។ គេ​មិន​ច្បាស់​ទេ​ថា​ម្ចាស់​ថ្មី​នេះ អាច​នឹង​ប្រសើរ​ ឬ ក៏​ដូច​ម្ចាស់​ក្លឹប​ចាស់​ទេ ពីព្រោះ​សុទ្ធ​តែ​ជា​អ្នក​ជំនួញ​មាន​ប្រវត្តិ​រូប​មិន​ល្អ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​កីឡាករ​បាន​ឲ្យ​ដឹង​ថា​ "វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្លឹប​របស់​យើង​ត្រូវ​បាន​គេ​ចងក្រង​ជា​ឯកសារ​យ៉ាង​ល្អ។ ជា​ការ​ពិត យើង​ជា​កីឡាករ​​ទាំង​អស់​គ្នា នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​​ឈ្នួល​ខែ​មីនា​នៅ​ឡើយ"។

“បុគ្គលិក​គ្រូ​បង្វឹក​ចំនួន ៥ នាក់​របស់​យើង​ក៏​មិន​ទាន់​បាន​​​ប្រាក់​ឈ្នួល​ខែ​មីនា​ដែរ។ យើង​បាន​ខិតខំ​ប្រឹងប្រែង​បន្ត​ការ​ហ្វឹកហាត់ និង ព្យាយាម​លេង​ក្នុង​កំឡុង​ពេល​វេលា​ដ៏​លំបាក​នេះ​ ប៉ុន្តែ​ហាក់​ដូចជា​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួក​យើង​​សោះ"។

"យើង​គិត​ថា​ ការ​​ផ្ទេរ​ក្លឹប​នេះ​​អាច​នឹង​ជា​ដំណោះស្រាយ​សម្រាប់​ពួក​យើង ប៉ុន្តែ​​នៅ​តែ​គ្មាន​ដំណោះស្រាយ ហើយ​យើង​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ទេ។ ស្ថានភាព​នេះ​​បាន​បង្កើត​ឱ្យ​មាន​បញ្ហា​ស្មារតី​ ផ្លូវចិត្ត និង ហិរញ្ញ​វត្ថុ​សម្រាប់​មនុស្ស​​​ដែល​គ្មាន​កំហុស​ដោយសារ​ពួកគេ"។

ចាប់​តាំងពី​លោក Ken Anderson បាន​មក​ធ្វើ​ជា​ម្ចាស់​ក្លឹប Bolton ក្នុង​ឆ្នាំ ២០១៦ បុរស​ដែល​មាន​មូលនិធិ​តិចតួច ហើយ​គ្មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុម Bolton Wanderers បាន​ធ្វើ​ឲ្យ​ក្លឹប​ជំពាក់​បំណុល​​គេ​វ័ណ្ឌក។ ទីបំផុត ក៏​សម្រេច​ចិត្ត​លក់​ក្លឹប​ឲ្យ​​អ្នក​ដែល​ប្រកាស​ក្ស័យធន​២​ដង និង ធ្លាប់​ជាប់​បម្រាម​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ទៀង​ផង៕

អាន៖ Bolton ៖ ពី​ក្លឹប​ធ្លាប់​ឈរ​លើ Man City, PSG ក្លាយ​ជា​ក្លឹប​ស្ទើរ​លែង​មាន​អ្នក​គាំទ្រ​ទៅ​ទស្សនា

អាន៖ លេង ២៦ ប្រកួត ចាញ់ទាំង ២៦ តែ​ក្រុម Antigua Barracuda បាន​ធ្វើ​រឿង​មួយ​ឲ្យ​គូ​ប្រកួតគោរព

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី