បវរកញ្ញាពិភពលោកម្នាក់ បាត់ខ្លួន ប៉ុន្មានថ្ងៃមុនការប្រឡង
- 2014-11-17 22:14:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាពិភពលោកម្នាក់ បាត់ខ្លួន ប៉ុន្មានថ្ងៃមុនការប្រឡង
ចន្លោះមិនឃើញ
បវរកញ្ញាតំណាងប្រទេសហុងឌុយរ៉ាស់បានបាត់ខ្លួនដោយមិនដឹងមូលហេតុ រយៈពេលតែប៉ុន្មានថ្ងៃមុនពេលកម្មវិធីប្រឡងបវរកញ្ញាពិភពលោក Miss World ចាប់ផ្ដើម។ នេះបើតាមរបាយការណ៍របស់ CNN ។
ប៉ូលិសនៅប្រទេសក្នុងតំបន់អាមេរិកកណ្ដាលមួយនេះបាននិយាយកាលពីថ្ងៃអាទិត្យថា សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកបវរកញ្ញាប្រទេសហុងឌុយរ៉ាស់ ឈ្មោះ María José Alvarado Muñoz និងប្អូនស្រីរបស់នាង ដែលបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ សមាជិកគ្រួសាររបស់នាងបានរាយការណ៍ពីការបាត់ខ្លួននេះកាលពីថ្ងៃសៅរ៍។
លោក Eduardo Zablah ជាអ្នកដឹកនាំកម្មវិធីបវរកញ្ញានៅប្រទេសហុងឌុយរ៉ាស់ បានប្រាប់សារព័ត៌មាន CNN ថា គេបានឃើញបងប្អូនស្រីទាំងពីរនាក់លើកចុងក្រោយ នៅពេលពួកគេឡើងឡានចូលរួមពិធីជប់លៀងមួយកាលពីសប្ដាហ៍មុន។
បេក្ខនារីមកពី ១២០ប្រទេស នឹងត្រូវធ្វើដំណើរទៅទីក្រុងឡុងដុង ប្រទេសអង់គ្លេសសប្ដាហ៍នេះ ដើម្បីចូលរួមវគ្គដំបូងនៃកម្មវិធីប្រឡងបវរកញ្ញា Miss World។ វគ្គផ្ដាច់ព្រ័ត្ររបស់ពួកគេនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែធ្នូ។
Alvarado គឺជានិស្សិតអាយុ ១៩ឆ្នាំពីសាកលវិទ្យាល័យ Santa Bárbara ប្រទេសហុងឌុយរ៉ាស់។ នាងបានយកឈ្នះបេក្ខនារីចំនួន ១៨នាក់ ក្នុងការប្រកួតបវរកញ្ញាពិភពលោកតំណាងប្រទេសហុងឌុយរ៉ាស់ កាលពីខែមេសា ៕
អានអត្ថបទ៖ ឡួយហួស! បរទេសស្លៀកពាក់ខ្មែរ ច្រៀងបទ Price Tag ជាភាសាខ្មែរម៉ាអេម
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ cnn