នេះៗ! ៧ស្នៀត ដើរលេងនៅថៃសប្បាយចាស់ដៃហើយ អស់លុយតិច
- 2019-05-03 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះៗ! ៧ស្នៀត ដើរលេងនៅថៃសប្បាយចាស់ដៃហើយ អស់លុយតិច
ចន្លោះមិនឃើញ
ការដើរលេងទៅប្រទេសថៃ កំពុងទទួលការពេញនិយមពីប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមានលទ្ធភាពមធ្យម ឬអ្នកមានជីវភាពធូរធារ។ នេះបើតាមប្រភពពីក្រុមអ្នកទេសចរណ៍ខ្មែរដែលចូលចិត្តធ្វើដំណើរកម្សាន្តទៅបរទេស ពិសេសទៅទីក្រុងបាងកក ប្រទេសថៃ។
កញ្ញា ស្រី សុភារី វ័យ២៩ឆ្នាំ ជាអ្នកធ្វើការក្នុងវិស័យឯកជនមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ បានប្រាប់គន្លឹះវៃឆ្លាត ៧ចំណុច មកកាន់ Sabay ដើម្បីជាការចែករំលែកបទពិសោធន៍ ចាយលុយត្រូវខ្ទង់ និងមានសុវត្ថិភាព។
មុនទៅដើរលេងនៅថៃឲ្យសប្បាយចិត្ត និងមិនជះលុយចោល សូមដឹង៧ស្នៀតងាយៗនេះ ត្រៀមទុកមុនក្នុងដៃ។ ជាក់ស្ដែង វាពិតជាប្រភពព័ត៌មាន ដ៏មានប្រយោជន៍ និងអាចជួយសន្សំច្រើន ជាជាងយកលុយទៅចាក់ចោលនៅបរទេសហួសហេតុ តែមិនបានអ្វីដែលយើងចង់បានទៀត ឬនាំទុក្ខដាក់ខ្លួនក៏ថាបាន។
១. ដូរលុយបាតថៃ
នេះជារឿងសំខាន់ត្រូវដឹង ព្រោះនៅថៃគេមិនប្រើរូបិយប័ណ្ណផ្សេង សម្រាប់ចរាចរណ៍ទូទៅទេ។ អ្នកដំណើរខ្មែរយើងបើចង់ទៅថៃ អាចមាន២ជម្រើសដើម្បីដូរលុយបាតទុកមុន ១. ដូរពីខ្មែរទៅឲ្យហើយ បើចង់ស្រួលខ្លួន។ ២. ដូរនៅថៃ អ្នកក៏អាចចាំទៅដូរលុយបាតនៅព្រលានយន្តហោះ ដូចជាព្រលានសុវណ្ណភូមិ (សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ) ព្រោះអត្រាដូរលុយ អាចលើសគ្នាតិចតួច បើធៀបនឹងការដូរពីខ្មែរយើងទៅ ប៉ុន្តែបើដូរនៅកន្លែងផ្សេង អត្រាដូរលុយ គឺខុសគ្នាច្រើន ឬនិយាយឲ្យស្រួលស្ដាប់ គឺខាតទឹកខ្លាំង។
មួយវិញទៀត ក្រោយដូរលុយបាតរួចរាល់ នៅថៃស្រុកគេក៏និយមចាយកាក់ដែរ ដូច្នេះអ្នកក៏ត្រូវត្រៀមលក្ខណៈ លៃលកចាយឲ្យអស់តាមវិធីនានា ដើម្បីចាយកាក់ឲ្យអស់ កុំឲ្យពិបាកយកមកដូរវិញ ព្រោះនៅខ្មែរមិនងាយមានកន្លែងដូរឲ្យវិញទេ។
២. ប្រយ័ត្នជាប់គុក ព្រោះតែបាចចំណីសត្វព្រាបនៅទីសាធារណៈ
រឿងធំ កុំចេះតែហ៊ាន! អ្នកទៅប្រទេសថៃ គួរតែកត់សម្គាល់ និងចងចាំថា ការឲ្យចំណីសត្វព្រាបនៅទីសាធារណៈ អាចនាំឲ្យអ្នកជួបបញ្ហាធំ ដោយសារតែរដ្ឋាភិបាលបានរឹតបន្តឹងបទបញ្ជាប្រឆាំងនឹងសកម្មភាពនេះ បន្ទាប់ពីមានការព្រួយបារម្ភពីបញ្ហាសុខភាពធ្ងន់ធ្ងរ និងការកើនឡើងខ្លាំងនៃចំនួនសត្វព្រាប។
យោងតាមប្រភពព័ត៌មាន worldofbuzz បានឲ្យដឹងថា អ្នកដែលរំលោភលើបទបញ្ជានេះ អាចត្រូវពិន័យជាប្រាក់ចំនួន ២៥ ០០០បាត ឬប្រហែល ៧៧០ដុល្លារ ឬក៏អាក្រក់ជាងនេះទៅទៀតនោះ គឺជាប់គុក ៣ខែ។ សកម្មភាពដ៏តឹងរ៉ឹងប្រឆាំងមិនឲ្យចំណីសត្វព្រាបនៅទីសាធារណៈ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញសេចក្ដីបង្គាប់កាលពីខែកញ្ញា ឆ្នាំ២០១៨។
៣. មធ្យោបាយធ្វើដំណើរទៅមក ឲ្យដល់ដីថៃ
អ្នកគួរដឹងមុនបានទៅដល់ដីថៃ ដោយសុវត្ថិភាព និងមិនលើសខ្ទង់ចាយលុយ។ បើនិយាយដល់ចំណុចនេះ គឺមាន២ជម្រើសឲ្យអ្នកស្រួលសម្រេចចិត្តមិនស្មុគស្មាញ។ ទី១គឺ ជិះឡានក្រុង សរុបចំណាយធ្វើដំណើរទាំងទៅមក អស់ប្រហែល ៥០ដុល្លារ និងត្រូវប្រើពេលប្រមាណ ជាង១០ម៉ោង ទើបទៅដល់ទីក្រុងបាងកក ប្រទេសថៃ។ មធ្យោបាយនេះ ហត់នឿយ និងអស់កម្លាំងបន្តិច សម្រាប់ដំណើរដ៏វែងឆ្ងាយ បើអ្នកចង់សន្សំលុយកាក់។
ចំណែកទី២ គឺមធ្យោបាយជិះយន្តហោះវិញ ប្រើពេលតែជាង៤០នាទី ប៉ុន្តែចាយលុយរាងច្រើន ប្រមាណជិត ២០០ដុល្លារ ឬលើសនេះ (ករណីទៅមកចំរដូវកាលឈប់សម្រាក)។ តែមធ្យោបាយនេះ គឺស្រួលខ្លួន មានសុវត្ថិភាពខ្ពស់ មិនទ្រោមខ្លួន ហើយអាចចំណេញពេលច្រើនបើធៀបនឹងការជិះឡានក្រុង។
៤. បណ្ដុំតំបន់សម្រាក និងហាងញ៉ាំអាហារឆ្ងាញ់ ៗ អស់លុយតិច
បើតាមការសាកសួរ ខ្មែរយើងភាគច្រើន គឺសម្រុកទៅសម្រាក និងស្គាល់តំបន់ Pratunam។ មិនខុសទេ! ទីនោះនៅចំកណ្ដាលក្រុង ហើយប្រមូលផ្ដុំហាងលក់អាហារញ៉ាំ ស្នាក់នៅ និងអាចដើរទិញទំនិញស្រួលទៀត។ បើគិតពីកន្លែងស្នាក់នៅ ករណីទៅច្រើនគ្នា អាចគេងនៅផ្ទះសំណាក់ ឬកន្លែងដែលអនុញ្ញាតឲ្យគេងរួមគ្នាបាន។ ឧទាហរណ៍ បើអ្នកទៅលេង៣យប់ គឺចំណាយប្រមាណជាង ១០០០ថៃបាត្រ ឬស្នើជាង ៣០ដុល្លារម្នាក់។
ចំណែកហាងអាហារកម្រិតល្មមៗ ឬលក់តាមផ្លូវវិញរសជាតិ និងអនាម័យ គឺអាចទទួលយកបាន ចាយលុយប្រហែល ៥ ទៅ១០ដុល្លារយ៉ាងច្រើន ក្នុង១ពេល។ បើអ្នកចូលហាង តូច ឬធំ គឺត្រូវចាយច្រើនជាងនេះ ក្នុង១ពេល ម្នាក់អស់ប្រហែល ៣០ដុល្លារ ឬលើសនេះក៏ថាបាន។
៥. តំបន់កម្សាន្ត និងទិញទំនិញដ៏សម្បូរបែប
សម្រាប់អ្នកទើបទៅថៃថ្មីថ្មោងលើកទី១ កុំឲ្យពិបាកស្មុគស្មាញ អ្នកអាចទៅផ្សារទំនើប Platinum-mallឬ Big-C-mallសម្រាប់អ្នកចង់ទិញរបស់កម្រិតមធ្យម តម្លៃចាប់ពី ១០ ទៅ ២០ដុល្លារឡើងទៅ និងងាយដើររក ព្រោះទីនេះ ចាត់ទុកជាតំបន់ប្រមូលផ្ដុំហាងទំនិញ ពិសេសសំលៀកបំពាក់ជាច្រើនប្រភេទ ដែលមានទាំងលក់រាយ ឬបោះដុំ។
តែបើអ្នកចង់បានទំនិញ ដែលមានតម្លៃថោកជាងនេះ តម្លៃចន្លោះពី ៣ ទៅ៥ដុល្លារវិញ អ្នកអាចដើរទៅរកនៅតំបន់ផ្សាររាយរង ក្នុងម្ដុំ Pratunam ដែលនៅជិតផ្សារទំនើប Platinum-mall ដែរ។
៦. ពេទ្យពិនិត្យសុខភាព
ជ្រុលជាទៅដើរលេងហើយ ក៏ត្រូវចេះស្រឡាញ់សុខភាពដែរ។ បើតាមប្រភពពី អ្នកបកប្រែភាសាថៃ ដែលជាជនជាតិខ្មែរ លោក សុខ សុផារ៉ា បានប្រាប់ Sabayថា ពេទ្យនៅថៃ ដែលភ្ញៀវខ្មែរនិយមទៅលេងផង និងទៅពិនិត្យសុខភាពផង គឺមាន២ ប្រភេទ គឺពេទ្យឯកជន និងពេទ្យរដ្ឋ សរុប៧មន្ទីរពេទ្យ ល្បីដែលខ្មែរយើងនិយមទៅបំផុត។ ចំណែកតម្លៃក៏ខុសគ្នាតាមនឹងដែរ គឺចាប់ពី ១០០ដុល្លារ រហូតដល់ជាង ១៥០០ដុល្លារអាមេរិក សម្រាប់ការពិនិត្យសុខភាពម្ដង តាមកញ្ចប់សុខភាព។
៧មន្ទីរពេទ្យនៅបាងកក មានឈ្មោះដូចជា៖
មន្ទីរពេទ្យ Phyathai1 Hospital-1
មន្ទីរពេទ្យ Phyathai1 Hospital-2
មន្ទីរពេទ្យ Bumrungrad International
មន្ទីរពេទ្យ Rama
មន្ទីរពេទ្យ Bangkok Hospital
មន្ទីរពេទ្យស្ដេចChulalongkorn Memorial
មន្ទីរពេទ្យ Siriraj Piyamaharajkarun (មាន២ផ្នែកគឺរដ្ឋ និងឯកជន)។
៧. សេវាធ្វើដំណើរក្នុងប្រទេសថៃ
មធ្យោបាយមាន ៤ប្រភេទសំខាន់ ដែលអ្នកគួរមានព័ត៌មានក្នុងដៃ មុនពេលជាន់ដល់ដីថៃភ្លាមៗ ព្រោះស្រុកនេះ ភាគច្រើនគេមិនសូវប្រើការបើកបរបែបឯកជនទេ។ នៅថៃគេនិយមបំផុតមានដូចជា Tuk Tuk ឡានតាក់ស៊ី ម៉ូតូឌុប និងរថភ្លើងលើអាកាស។ ក្នុងចំណោម ៤នេះ គឺមានតែរថភ្លើងលើអាកាស ដែលចាយលុយតិច ហើយអាចគេចចេញពីរឿងកកស្ទះចរាចរណ៍ និងអាចជិះទៅច្រើនកន្លែងបាន មិនថាដើរលេង ឬទៅពេទ្យទេ។
ការជិះរថភ្លើងលើអាកាសវាពិតជាចំណេញមែន តែអ្នកក៏គួរដឹងរឿងទាំងនេះមុនដែរ ចៀសវាងជិះខុសខ្សែ ហួសគោលដៅ នាំខាតលើសដើម៖
ហាមថតរូបក្នុងតំបន់ហាមឃាត់មួយចំនួន នៃតាមស្ថានីយ
រក្សាសុវត្ថិភាពជាចម្បង ចៀសវាងការទៅឈរ ឬអង្គុយចាំកៀកនឹងផ្លូវរថភ្លើងពេក អាចនាំគ្រោះថ្នាក់ដល់ជីវិត។