លីក​បាល់បោះ៖ Mekong Tigers ដើរ​ចេញ​ពី​ទីលានទាំង​ការ​ប្រកួត​មិន​ទាន់​ចប់

  • 2014-11-17 23:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Mekong Tigers បាន​បោះ​បង់​ការ​ប្រកួត​ចោល​ ដោយ​​​ដើរ​ចេញ​ពី​ទីលាន​នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ​ដែល​នៅ​សល់​ ដោយ​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​អាជ្ញាកណ្ដាល​ ក្នុង​ការ​ប្រកួត​លីក​បាល់​បោះ​ជ្រើស​រើស​ជើង​ឯក​ជាតិ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​កាល​ពី​រសៀល​​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​​ទៅ​នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

 

លោក​ Michael Dibbern មន្ត្រី​ព័ត៌មាន​របស់​លីក​បាល់​បោះ​ជាតិ​បាន​រៀប​រាប់​ថា  ការ​ប្រកួត​បាន​ដំណើរ​ការ​ធម្មតា​ ហើយ​​ក៏​ជិត​ចប់​ទៅ​ហើយ​ដែរ​ ប៉ុន្មាន​នាទី​មុន​នោះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​​ពេល​ប្រកួត​ដែល​បាន​បណ្ដាល​ឲ្យ​កីឡាករ​របស់​ក្រុម​ Pate 310 ម្នាក់​រង​របួស​ ប៉ុន្តែ​លោក​អាជ្ញា​កណ្ដាល​មិន​បាន​ផ្អាក​ការ​ប្រកួត​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​កីឡាករ​របស់​ក្រុម​ Pate 310 មួយ​ចំនួន​​មិន​ពេញ​ចិត្ត​ ហើយ​បាន​​​តវ៉ា​នឹង​​លោក​អាជ្ញាកណ្ដាល។ សម្លេង​តវ៉ា​នៅ​តែ​កើត​មាន​ ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ប្រកួត​ ដែល​បាន​ធ្វើ​ឲ្យ​កីឡាករ​ខាង​ក្រុម​ Mekong Tigers មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាកណ្ដាល​ដែល​មិន​បាន​ពិន័យ​លើ​កីឡាករ​​ក្រុម​ Pate 310 ចំពោះ​ការ​តវ៉ា​ដែល​រំខាន​ដល់​ការ​ប្រកួត​នេះ។

 

ចំពោះ​លោក​អាជ្ញាកណ្ដាល​គ្មាន​វិធានការ​យ៉ាង​ណា​ចំពោះ​ការ​តវ៉ា​នោះ​ទេ​ កីឡាករ​ក្រុម​ Mekong Tigers ក៏​យក​លេស​នេះ​ដើម្បី​ដើេរ​ចេញ​ពី​ទីលាន​តែ​ម្ដង​ ដោយ​បោះ​បង់​​ម៉ោងប្រកួត​​ដែល​នៅ​សល់ ១:៣០នាទី។​ បន្ទាប់​ពី​ការ​ដើរ​ចេញ​ លោក​អាជ្ញាកណ្ដាល​ក៏​បាន​ផ្ដល់​ជ័យ​ជម្នះ​ដល់​ក្រុម​ Pate 310 ខណៈ​​ក្រុម​​នេះ​កំពុង​នាំ​មុខ​លើ​ក្រុម​ Mekong Tigers ក្នុង​លទ្ធផល​ ៦២​ ទល់​នឹង​​ ៥៤។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Michael Dibbern មន្ត្រី​ព័ត៌មាន​របស់​លីក​បាល់​បោះ​ជាតិ។

 Mekong Tigers ដើរ​ចេញ​ពី​ទីលានដោយ​បោះ​បង់​ការ​ប្រកួត

ដូច្នេះ​នៅ​ប្រកួត​ទី​១​នេះ​ ជ័យ​ជម្នះ​បាន​ទៅ​លើ​ក្រុម​ Pate 310 ជា​ស្វ័យ​ប្រវត្តិ​ ហើយ​មាន​តែ​រង់​ចាំ​អ៊ុត​មើល​លទ្ធផល​នៅ​ប្រកួត​ទី​២​ ប៉ុណ្ណោះ​ មុន​ពេល​ដឹង​ថា​ក្រុម​ណា​នឹង​មាន​លទ្ធភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី