វៀតណាម​រៀប​ចំ​ផលិត​ស្មាតហ្វូន 5G

  • 2019-05-10 06:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​កញ្ញា​ Le Thi Thu Thuy ដែល​ជា​អនុប្រធាន​​សម្ព័ន្ធ Vingroup បាន​​ឲ្យ​ដឹង​ថា​បន្ថែម​ពី​លើ​ត្រកូល​ស្មាតហ្វូន VSmart សម្ព័ន្ធ​ដ៏​ធំ​របស់​វៀតណាម​មួយ​នេះ កំពុង​សហការ​ជា​មួយ​​ក្រុមហ៊ុន​​សហរដ្ឋអាមេរិក​ជា​ដៃ​គូ ក្នុង​ការ​ផលិត​ស្មាតហ្វូន 5G។

អនុប្រធាន​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត សម្ព័ន្ធ​ក៏​មាន​គម្រោង​ថា​នឹង​បញ្ចេញ​លក់​ Tablet និង​កំពុង​ស្រាវជ្រាវ​លើ​ការ​ផលិត​ម៉ាស៊ីន​ត្រជាក់, ទូរទស្សន៍, ទូ​ទឹកកក, ឧបករណ៍ IoT, កាមេរ៉ា​ផង​ដែរ។ កញ្ញា​បន្ថែម​ថា​ Vingroup បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សម្រប​នឹង​ការ​ផ្លាស់​ប្ដូរ​នៃ​បច្ចេកវិទ្យា​ តាម​រយៈ​ការ​សាងសង់​​ក្រុមហ៊ុន​ផលិត​យានយន្ត​ Vinfast និង​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Vinsmart ជា​ដើម។

គួរ​ដឹង​ថា​ក្រុមហ៊ុន Vinfast បាន​បញ្ចេញ​រថយន្ត​ និង​ម៉ូតូ​ដំបូង​របស់​ខ្លួន​ជា​ច្រើន​ម៉ូដែល​មក​ហើយ ដោយ​នៅ​​ចុង​ឆ្នាំ ២០២០ រំពឹង​ថា​បង្ហាញ​រថយន្ត​ និង​ម៉ូតូ ១០ ម៉ូដែល​បន្ថែម​ទៀត​លើ​ទីផ្សារ។ ចំពោះ​​ផ្នែក​ស្មាតហ្វូន​វិញ ក្រុមហ៊ុន​ Vinsmart រំពឹង​នឹង​បញ្ចេញ​ឧបករណ៍​ស៊េរី​ថ្មី​ចំនួន ១២ ម៉ូដែល​ផង​ដែរ​នៅ​ឆ្នាំ ២០១៩។

បច្ចុប្បន្ន​នេះ Vinsmart កំពុង​រៀប​ចំ​សាង​សង់​រោងចក្រ​ផលិត​ទូរសព្ទ ដែល​មាន​សមត្ថភាព​ផលិត​ ១០០ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ហើយ​ដំណាក់​កាល​ដំបូង​នឹង​សាក​ល្បង​ផលិត​ ៣០ លាន​គ្រឿង​សិន​ក្នុង​មួយ​ឆ្នាំ៕​​

ចុចអាន៖

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង