Real តប​ដោយ​កំហឹង​នឹង​ Pochettino ​ថា​ពួកគេ​មិន​ឲ្យ​ Spurs ស្នាក់នៅ​កន្លែង​ហ្វឹកហាត់​ត្រៀម UCL

  • 2019-05-25 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ឆ្លើយ​តប​ដោយ​កំហឹង​ចំពោះ​ការ​លើក​ឡើង​របស់​លោក Mauricio Pochettino គ្រូ​បង្វឹក Tottenham ដែល​បាន​ចោទ​ថា​​ក្លឹប​យក្ស​អេស្ប៉ាញ​មិន​ឲ្យ​ក្លឹប​មក​ពី​ក្រុង​ឡុងដ៍​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​របស់​ពួកគេ​មុន​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League។

Spurs ត្រូវ​បាន​កំណត់​ឱ្យ​ប្រើ​កន្លែង​ហ្វឹកហាត់​នៅ Valdebebas របស់​កីឡដ្ឋាន​ក្លឹប Real Madrid ដើម្បី​ត្រៀម​​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ក្រុម Liverpool នៅ​រដ្ឋធានី​របស់​អេស្ប៉ាញ​នា​ថ្ងៃ​ទី ១ ខែ​មិថុនា។

Pochettino បាន​ប្រាប់​វិទ្យុអេស្ប៉ាញ El Partidazo de Cope ថា​ម្ចាស់​ក្លឹប Real គឺ​លោក Florentino Pérez បាន​ច្រាន​ចោល​សំណើ​សុំ​ឱ្យ​ក្រុម​​មាន់​ខ្នាយ​មាស​សម្រាក​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​កីឡា​របស់ Real Madrid ។ នេះ​បើ​តាម The Guardian។

"ខ្ញុំ​បាន​ស្នើ Florentino អនុញ្ញាត​ឱ្យ​ពួក​យើង​បាន​សម្រាក​ហ្វឹកហាត់​ក្នុង​មជ្ឈមណ្ឌល​កីឡា ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​អាច​ដេក​នៅ​ទីនោះ​បាន​លុះត្រា​ណា​ខ្ញុំ​ក្លាយ​ជា​គ្រូ​បង្វឹក​របស់ Real Madrid សិន"។ Pochettino បាន​និយាយ។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្លឹប​អធិរាជ​ស​​ធ្វើ​ឡើង​ភ្លាមៗ​កាល​ពីថ្ងៃ​សុក្រ ដែល​សរសេរ​ថា "Real Madrid CF មានការភ្ញាក់ផ្អើល​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គ្រូ​បង្វឹក Tottenham Hotspur លោក Mauricio Pochettino អំពី​ការ​ស្នើសុំ​មួយ​ដែល​ធ្វើ​ឡើង​ចំពោះ​ក្លឹប​របស់​យើង​ដើម្បី​ឱ្យ​ក្រុម​របស់​គាត់​អាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់ Real Madrid ក្នុង​ឱកាស​នៃ​ការ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​Champions League"។

“Real Madrid CF ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា វា​មិន​ពិត​ទាំង​ស្រុង​ដែល​សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង។ ក្លឹប​របស់​យើង​តែងតែ​បង្ហាញ​ពី​លទ្ធភាព​ពេញ​លេញ​របស់​ខ្លួន​ក្នុង​ការ​បំពេញ​តាម​សំណើ​ទាំងអស់​ដែល​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ ក្លឹបAtlético de Madrid ក្លឹប Liverpool និង Tottenham Hotspur "។

សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​បន្ថែម​ទៀត​ថា UEFA បាន​ស្នើសុំ​ Real Madrid ឲ្យ​ជួយ​សម្រួល​ទីតាំង​ហ្វឹកហាត់​​ដល់​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​២ ​ក្លឹប​​ក៏​បាន​សហការ​ ហើយ​តាម​គម្រោង Tottenham នឹង​ប្រើ​មជ្ឈមណ្ឌល​ហ្វឹកហាត់​របស់ Real នៅ​ថ្ងៃ​ទី ៣០ និង ៣១ ខែ​ឧសភា ខណៈ​ដែល Liverpool នឹង​ប្រើប្រាស់​វា​នៅ​ព្រឹក​ថ្ងៃ​ទី ១ ខែ​មិថុនា៕

អាន៖ Van Dijk ៖ អាថ៌កំបាំង​អាច​បិទ​ខ្សែ​ប្រយុទ្ធ​បាន​យ៉ាង​ល្អគឺ ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​បង្កើតជម្រើស

អាន៖ ចំណុច​៦​នេះ​នឹង​កំណត់​ថា​ក្លឹប​មាន​ទោស​ឬ​អត់​ក្នុង​ការ​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ជា​អនីតិជន​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត