Van Dijk ទម្លាយ​ពី​មូលហេតុ​ដែល​ស្ទើរ​តែ​គ្មាន​កីឡាករ​ណា​អាច​​ឆ្លង​ផុត​ពី​រូបគេ

  • 2019-05-12 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​ជួយ Liverpool ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ២​ឆ្នាំ​ជាប់ៗ​គ្នា ខ្សែ​ការពារ​រូប​នេះ​ត្រូវ​បាន​គេ​និយាយ​ច្រើន​បំផុត​​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន ថា​​ស្ទើរ​តែ​គ្មាន​កីឡាករ​ណា​អាច​ឆ្លង​ផុត​កីឡាករ​កម្ពស់​ ១,៩៣ ម៉ែត្រ​នេះ​ឡើយ។

​​ចូល​លេង​បាន ៤,២៨៥នាទី ក្នុង​ចំណោម ៤៨​ប្រកួត និង​ទើប​តែ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​នៅ Premier Leauge កីឡាករ​ហូឡង់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ការពារ​ដែល​បិទ​បាន​ល្អ​បំផុត។

និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ Sky Sports ដែល​បាន​ជីក​សួរ​​ថា​មាន​គេ​រិះគន់​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក​រូប​នេះ Van Dijk ឆ្លើយ​តប​នឹង​ការ​រិះគន់​ថា "មាន​គេ​និយាយ​ថា​ខ្ញុំ​រត់​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ...វា​មិន​ពិត​ទេ តាម​ពិត​ទៅ​ខ្ញុំ​ចង់​ឲ្យ​ប្រាកដ​ថា គ្មាន​នរណា​ម្នាក់​អាច​ឆ្លង​ផុត​ខ្ញុំ"។

​Van Dijk ក៏​បាន​ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​រូប​គេ​អាច​បិទ​ខ្សែ​ប្រយុទ្ធ​បាន​យ៉ាង​ល្អ ហើយ​ទាំង​នោះ​ក៏​មក​ពី​បទពិសោធន៍​​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ ធ្លាប់​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​កាល​ពី​វ័យ​ក្មេង។

ត្រង់​នេះ​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​សំដី​ Didier Drogba ដែល​ធ្លាប់​លើក​ឡើង​ថា ខ្សែ​ការពារ​ដែល​​​​​អតីត​​ខ្សែ​ប្រយុទ្ធ Chelsea ​ខ្លាច​បំផុត​ក្នុង​អាជីព​គឺ​ Gerard Pique។ Pique ក៏​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​នៅ Man Utd មុន​ទៅ​លេង​ជា​ខ្សែ​ការពារ​នៅ Barcelona។

Van Dijk បាន​និយាយ​ថា "វិធី​ការពារ​របស់​ខ្ញុំ​ គឺ​តែងតែ​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​នោះ​ជា​ពេល​ដែល​ខ្ញុំ​ព្យាយាម​ដណ្ដើម​បាល់​ចេញ​ពី​ពួកគេ។ វិធី​នេះ​ដំណើរការ​រលូន​ណាស់​នៅ​រដូវ​កាល​នេះ។ ខ្ញុំ​ចាំ​ថា​ នៅ​ពេល​ខ្ញុំ​លេង​ជា​ខ្សែ​ប្រយុទ្ធ វា​តែងតែ​មិន​ល្អ​ឡើយ​នៅ​ពេល​អ្នក​ស្ទាក់ស្ទើរ​ដោយសារ​មាន​គេ​​​​បង្ខំ​​ឲ្យ​​អ្នក​សម្រេច​ចិត្ត"។

បន្ទាប់​ពី​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ការពារ​ហើយ កីឡា​ករ​ហង្ស​ក្រហម​និយាយ​បែប​ដាក់​ខ្លួន​វិញ​ថា​ "​វា​មិន​តែងតែ​ដំណើរ​ការ​ទេ...ប៉ុន្តែ​ខ្ញុំ​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​នេះ"៕

អាន៖ Virgil Van Dijk​ ពី​ក្មេង​រត់​តុ​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​របស់ Premier League ​

អាន៖ ១០ ក្រុម​គ្រង​តំណែង​អធិរាជ Facebook របស់​ពិភពលោក ខណៈ Real Madrid ឈរ​លេខ​១

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត