Pochettino សារភាពថាលោកអាចនឹងយំពេញ១សប្ដាហ៍បើ Spurs យកឈ្នះ Liverpool
- 2019-05-26 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino សារភាពថាលោកអាចនឹងយំពេញ១សប្ដាហ៍បើ Spurs យកឈ្នះ Liverpool
ចន្លោះមិនឃើញ
Mauricio Pochettino បានសារភាពថាលោកអាចនឹងហូរទឹកភ្នែកពេញ១សប្តាហ៍ប្រសិនបើក្រុម Tottenham គ្រងជើងឯក Champions League នៅរាត្រីថ្ងៃសៅរ៍។
គ្រូបង្វឹករបស់ក្រុម Spurs រំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមរហស្សនាមមាន់ខ្នាយមាសវាយបកយកឈ្នះ Ajax ដោយនឹកស្មានមិនដល់។
លោកយំទឹកភ្នែកហូរជោគថ្ពាល់នៅទឹកដីអាំស្ទែរដាំ ហើយគ្រូបង្វឹកអាហ្សង់ទីនយំខ្សឹកខ្សួលម្តងទៀតពេលលោកធ្វើសន្និសីទកាសែតក្រោយចប់ការប្រកួត ប៉ុន្តែនេះមិនមានអ្វីចម្លែកទេសម្រាប់គ្រូបង្វឹក Tottenham ។
Pochettino បាននិយាយថា "ម្តាយរបស់ខ្ញុំនិយាយមកកាន់ខ្ញុំថា កូនគឺជា អ៊ីឡូរូណា (llorona)” មានន័យថាជាមនុស្សយំច្រើន និង ចូលចិត្តយំ។ នេះបើតាម The Mirror។
“ម្ដាយខ្ញុំនិយាយថា ខ្ញុំសប្បាយ ខ្ញុំយំ ខ្ញុំកើតទុក្ខ ខ្ញុំយំ ម៉ោះ (come on) ឈប់យំ"។ Pochettino បន្ត។
"ពេលខ្លះវាបានកើតឡើង នៅពេលដែលខ្ញុំជិះរថយន្តទៅផ្ទះ ដែលត្រូវធ្វើដំណើរប្រហែល២០នាទី ពីកន្លែងហ្វឹកហាត់ទៅផ្ទះខ្ញុំនៅ Barnet ហើយខ្ញុំស្តាប់ចម្រៀងតាមផ្លូវ ជាចម្រៀងដែលរៀបរាប់ដូចជីវិតរបស់ខ្ញុំកាលពីមុន"។
"ខ្ញុំចាប់ផ្ដើមយំ ហើយនៅពេលខ្ញុំមកដល់ផ្ទះភរិយារបស់ខ្ញុំសួរថា តើមានអ្វីកើតឡើង?"។
"ខ្ញុំនិយាយថា តន្ត្រីមួយចំនួនបានរំឭកបងពីជីវិតកាលពី៣០ឆ្នាំមុន នៅក្នុងប្រទេសអាហ្សង់ទីន ហើយនាងបាននិយាយថា បងឯងឆ្កួតហើយ" ។
“...ប្រសិនបើយើងឈ្នះ Champions League ខ្ញុំមិនដឹងទេ ប្រហែលខ្ញុំនឹងយំពេញ១សប្ដាហ៍"។
Pochettino បន្ថែមថាក្នុងនាមជាគ្រូបង្វឹក លោកតែងខ្វល់ចិត្តច្រើន តែងគិតមុនគេជានិច្ច។
“ជាគ្រូបង្វឹក អ្នកត្រូវតែគិតមុនគេជានិច្ច និង ប្រមើលមើលពីបញ្ហា។ អ្នកតែងតែដាក់ខ្លួនអ្នកគិត៥ឆ្នាំ ១០ឆ្នាំ ឬ ថ្ងៃស្អែក។ យើងត្រូវនាំមុខកីឡាករ និង អ្នកគាំទ្រ"។ លោកបន្ថែម៕
អាន៖ Carragher ចង់ឲ្យយក Coutinho មកវិញព្រោះ Liverpool គ្មានកម្រិតខ្សែបម្រើដែល Man City មាន
អាន៖ Messi ចង់ឲ្យ Barca ទិញខ្សែប្រយុទ្ធ១៦០លានដុល្លារពី EPL ជាងចង់បាន Griezmann