កែវ​ រំចង់​ ត្រៀម​ខ្លួនកន្លះ​ខែ​ សម្រាប់​​ជួប​ប្រេស៊ីល​នៅ​សង្វៀន​ឯកភ្នំ​ថ្ងៃអាទិត្យនេះ

  • 2019-05-31 06:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មិន​ចេះ​ថយ​ កែវ​ រំចង់​ ហ្វឹកហាត់​ត្រៀម​ស្វាគមន៍​បរទេស​នៅ​សង្វៀន​ប្រដាល់​ឯកភ្នំ​ ឯ​ខេត្ត​បាត់ដំបង​លើក​នេះ​កន្លះ​ខែ។​

រូបភាពរបស់ កែវ​ រំចង់

រំចង់​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ឡើង​សង្វៀន​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ គឺ​ត្រៀម​ខ្លួន​រយៈពេល​កន្លះ​ខែ​ ដើម្បី​ទប់ទល់​ជា​មួយ​អ្នក​ប្រដាល់​​ Diego Beneduzzi​ របស់​ប្រទេស​ប្រេស៊ីល​រូប​នេះ។​ អ្នកប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ខាង​លើ​នេះ​ លើក​ឡើង​ពី​សមត្ថភាព​របស់​ Diego​ ថា​គេ​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់។​ គេ​ល្អ​កណ្ដាប់​ដៃ​ ប៉ុន្តែ​ រំចង់​ បាន​ហ្វឹកហាត់​ក៏​ដូច​ជា​រក​ស្នៀត​ដើម្បី​តតាំង​ជា​មួយ​ជើង​ខ្លាំង​របស់​ប្រេស៊ីល​ រូប​នេះ​រួច​ហើយ​ដែរ។​

កែវ រំចង់ ប្រកួតមុនៗ​

អ្នក​លេង​គុន​ខ្មែរ​ចិត្ត​សឿង​រូប​នេះ​ បើ​ទោះ​ជា​ដៃគូ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ រូប​គេ​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ ចាញ់​ឬ​ឈ្នះ​ដឹង​តែ​ល្អ​មើល។​ Diego​ ប្រសិន​ជា​ឈ្នះ​ខ្លួន​ ក៏​ឈ្នះ​មិន​ស្រួល​ដែរ។​ រំចង់​ ក៏​សូម​អភ័យទោស​ដល់​អ្នក​គាំទ្រ​ផង​ដែរ​ ដែល​ការ​ប្រកួត​នៅ​ ឯកភ្នំ​ នេះ​មិន​មាន​ផ្សាយ​ផ្ទាល់​ ឬ​ឡាយ​ជូន​ប្រិយមិត្ត​ទស្សនា​ ប៉ុន្តែ​អាច​រង់ចាំ​មើល​វីដេអូ​ ដែល​ម្ចាស់​កម្មវិធី​កាត់​រួច​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​បាន។​

រូបភាពរបស់​សង្វៀនឯកភ្នំ

រំលឹក​ដែរ​ថា​ កីឡាករ​ កែវ​ រំចង់​ របស់​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ប្រេស៊ីល​ Diego Beneduzzi​ នា​ថ្ងៃ​អាទិត្យ​ ទី២​ ខែ​មិថុនា​ ២០១៩​ នេះ​ហើយ​នៅ​សង្វៀន​ឯកភ្នំ។​ អ្នក​ខេត្ត​បាត់ដំបង​ អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​នៅ​ទីនោះ​បាន។​ នេះ​ជា​លើក​ទី២​ហើយ​ ដែល​កីឡាករ​ កែវ​ រំចង់​ បង្ហាញ​ខ្លួន​នៅ​សង្វៀន​ឯកភ្នំ​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​