៧ វិធី ជួយឲ្យរថយន្តរបស់អ្នកលែងសូវស៊ីសាំងដូចមុន
- 2019-06-03 02:28:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ វិធី ជួយឲ្យរថយន្តរបស់អ្នកលែងសូវស៊ីសាំងដូចមុន
ចន្លោះមិនឃើញ
សាំងឡើងថ្លៃមធ្យមទេ តែងំត្រង់រថយន្តស៊ីសាំងខ្លាំងហ្នឹងតែម្ដង។ អ្នកខ្លះស្ទើរដាច់ខ្យល់ម្ដងៗ ដោយសារតែរថយន្តរបស់ខ្លួនស៊ីសាំងមិនប្រណី។ ចុះបើរឿងរថយន្តស៊ីសាំងនេះជាបញ្ហាដែលធ្វើឲ្យអ្នកឈឺក្បាលសឹងគ្រប់ពេលអញ្ចឹង ម៉េចក៏មិនសាកល្បងធ្វើតាមវិធីទាំង៧យ៉ាងខាងក្រោមនេះទៅមើល៍ រថយន្តអ្នកនឹងលែងស៊ីសាំងដូចមុនមិនខាន។
១. បើកបរក្នុងល្បឿនមធ្យម
ត្រូវចាំថាកាលណាអ្នកបើកកាន់តែលឿន នោះឡានរបស់អ្នកក៏ស៊ីសាំងកាន់តែខ្លាំងផងដែរ។ ម្យ៉ាងទៀតអ្នកក៏គួរតែកុំជាន់ហ្វ្រាំងញឹកញាប់ពេក (បើមិនចាំបាច់ពេលកំពុងបើកបរ) ព្រោះវាក៏ជាហេតុធ្វើឲ្យរថយន្តស៊ីសាំងដែរ។
២. ឧស្សាហ៍ត្រួតពិនិត្យសម្ពាធកង់រថយន្ត
មុននឹងចេញដំណើរទៅទីឆ្ងាយ អ្នកចាំបាច់ត្រូវពិនិត្យមើលកង់រថយន្តជាមុន។ ប្រសិនបើកង់រថយន្តរបស់អ្នកធូរ នោះកម្លាំងវិលនៃកង់នឹងកាន់តែតឹង ជាហេតុនាំឲ្យរថយន្តរបស់អ្នកស៊ីសាំងកាន់តែលឿន។ ជាទូទៅកង់រថយន្តនឹងបាត់បង់សម្ពាធពីមួយថ្ងៃទៅមួយថ្ងៃ ឬប្រហែល ៦ kpa (គីឡូប៉ាស្កាល់-ខ្នាតរង្វាល់ខ្យល់) ក្នុងមួយខែ។
៣. ចាក់សាំងឲ្យពេញធុង
សាំងជាវត្ថុរាវដែលងាយនឹងហើរពេលត្រូវខ្យល់ ដូច្នេះបើធុងសាំងរថយន្តរបស់អ្នកមានសាំងកាន់តែច្រើន នោះសម្ពាធខ្យល់នៅក្នុងធុងក៏កាន់តែតិច ដូច្នេះកម្រិតហើរនៃសាំងមានតិចតួចបំផុត។
៤. ពិចារណាមុននឹងដូរកង់រថយន្តទំនើបទំហំធំ
ការដូរកង់រថយន្តដែលមានទទឹងកាន់តែធំ រឹតតែធ្វើឲ្យរថយន្តរបស់អ្នកស៊ីសាំងទៅវិញទេ ព្រោះកង់រថយន្តកាន់តែធំ កម្លាំងវិលនៃកង់កាន់តែខ្លាំងជាហេតុនាំឲ្យរថយន្តស៊ីសាំងដូចគ្នា។
៥. ចតរថយន្តក្នុងម្លប់ឬត្រូវមានអ្វីគ្របពេលចតហាលថ្ងៃ
បើសិនជាអាច អ្នកគួរតែចតរថយន្តក្នុងម្លប់ ដើម្បីកុំឲ្យធុងសាំងត្រូវថ្ងៃហើយហួតអស់មួយផ្នែក។ ប៉ុន្តែបើសិនជាគ្មានម្លប់ទេ ចាំបាច់ត្រូវមានកំណាត់អ្វីមកគ្របពីលើ តែវាពុំសូវមានប្រសិទ្ធភាពដូចការចតរថយន្តក្រោមម្លប់នោះទេ។
៦. បន្ថយទម្ងន់រថយន្ត
បើសិនជាអ្នកមានអីវ៉ាន់ណាធ្ងន់ៗ និងមិនចាំបាច់ទេ អ្នកគួរតែយកវាចេញទៅ ព្រោះកាលណារថយន្តរបស់អ្នកធ្ងន់ពេក សាំងក៏ត្រូវស៊ីខ្លាំងដែរ (ពេលកំពុងបើកបរ)។ ទម្ងន់អីវ៉ាន់៥០គីឡូក្រាមធ្វើឲ្យរថយន្តរបស់អ្នកស៊ីសាំងបន្ថែម២ភាគរយ។
៧. រក្សាម៉ាស៊ីនរថយន្តរបស់អ្នកក្នុងលក្ខខណ្ឌមួយល្អប្រសើរ
អ្នកត្រូវត្រួតពិនិត្យប្រេងរំអិលរថយន្ត ហ្វ្រាំងដៃ និងអំប្រាយ៉ាហ្សឲ្យបានញឹកញាប់។ ម្យ៉ាងទៀតអ្នកគួរឧស្សាហ៍សម្អាតតម្រងខ្យល់ដើម្បីកុំឲ្យស្ទះខ្យល់ ជាហេតុធ្វើឲ្យរថយន្តរបស់អ្នកដំណើរការមិនស្រួល៕
អត្ថបទទាក់ទង៖