សិង្ហបុរី​ខុស​ពី​ខ្មែរ មុន​ទិញ​ម៉ូតូ​កម្លាំង​​ខ្លាំង​ជិះ ត្រូវ​ប្រឡង ៣ ដំណាក់​កាល​ តេស្ត​សមត្ថភាព

  • 2019-06-10 02:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សិង្ហបុរី​ខុស​ពី​កម្ពុជា​ ត្រង់​ថា​ មិន​មែន​ឲ្យ​តែ​មាន​លុយ​ចង់​ទិញ​ម៉ូតូ​ធន់​ណា​ជិះ​បាន​តាម​អំពើ​ចិត្ត​​បាន​នោះ​ទេ ​គឺ​ត្រូវ​មាន​​សមត្ថភាព​បើកបរ​ស៊ី​គ្នា​នឹង​កម្លាំង​ម៉ូតូ។

simple-sleep8

លោក Derrick ដែល​ជា​ប្រជាជន​សិង្ហបុរី​និង​បច្ចុប្បន្ន​កំពុង​ជិះ​ម៉ូតូ​ផ្សងព្រេង ៦ ប្រទេស​ជាង ៣០ ថ្ងៃ បញ្ជាក់​ថា ​មុន​នឹង​ទិញ​ជ្រើស​រើស​ទិញ​ប្រភេទ​កម្លាំង​ម៉ូតូ​យក​មក​ប្រើប្រាស់​ ប្រជាជន​សិង្ហបុរី​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​មាន​បី​ដំណាក់​កាល។

ដំណាក់​កាល​ទី ១ (Class 2B)៖ នេះ​ជា​កម្រិត​មូលដ្ឋាន សម្រាប់​អ្នក​ជិះ​ម៉ូតូ​លើក​ដំបូង។ ពលរដ្ឋ​ត្រូវ​ប្រឡង​យក​ប័ណ្ណ​បើកបរ ដែល​អនុញ្ញាត​ឲ្យ​ជិះ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន ២០០សេសេ ​ចុះ​ក្រោម។ ដំណាក់​កាល​នេះ ដើម្បី​ឲ្យ​អ្នក​បើកបរ​មាន​បទ​ពិសោធន៍​ឲ្យ​បាន​ច្រើន​ជាមួយ​ម៉ូតូ។ បើ​ចង់​ប្រឡង​​នៅ​​ដំណាក់​កាល​ទី ២ ត្រូវ​រង់​ចាំ​មួយ​ឆ្នាំ។

ដំណាក់​កាល​ទី ២ (Class A)៖ បន្ទាប់​ពី​មាន​បទ​ពិសោធន៍​ស្ទាត់​ជាមួយ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន​ក្រោម ២០០សេសេ​ បាន ​១ ឆ្នាំ​ អ្នក​បើកបរ​​មាន​សិទ្ធ​អាច​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដំណាក់​កាល​ទីពីរ​នេះ​បាន។ Class 2A អនុញ្ញាត​ឲ្យ​បើកបរ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន​ចន្លោះ​ពី ២០០សេសេ ទៅ ៤០០ សេសេ ប៉ុណ្ណោះ។

ដំណាក់​កាល​ទី ៣ (Class 2)៖ ក្រោយ​កាន់​ប័ណ្ណ​បើកបរ​ដំណាក់​កាល​ ២ បាន​មួយ​ឆ្នាំ អ្នក​បើកបរ​មាន​សិទ្ធ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដំណាក់​កាល​ទី ៣ នេះ​បាន ហើយ​អាច​ជិះ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន​ធំ​កម្រិត​ណា​ក៏​បាន។

Derrick បន្ថែម​ថា កន្លង​មក​ច្បាប់​នៅ​សិង្ហបុរី​ធ្លាប់​អនុញ្ញាត​ឲ្យ​អ្នក​មាន​អាយុ ១៦ ឆ្នាំ​បើកបរ​ម៉ូតូ​បាន តែ​មក​ដល់​ពេល​ឥឡូវ​ចាប់​ពី​អាយុ ១៨ឆ្នាំ​ឡើង​ទើប​អនុញ្ញាតិ​បើកបរ​ម៉ូតូ​។ ដោយ​សារ​អត្រា​អ្នក​បើកបរ​វ័យ​ក្មេង ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កើនឡើង ទើប​រដ្ឋាភិបាល​កំណត់​ឲ្យ​មាន​ការ​ប្រឡង​បើកបរ​ជា ៣ ដំណាក់​កាល ដើម្បី​ឲ្យ​អ្នក​បើកបរ​ក្មេងៗ​មាន​ជំនាញ​បើកបរ​ច្បាស់​លាស់​និង​សមស្រប​ទៅ​នឹង​កម្លាំង​ម៉ូតូ​ដែល​ពួកគេ​ប្រើប្រាស់៕

អត្ថបទ៖ ប៉ែត ផាន់និត