ប៉ូលិសហុងកុងសម្ដែងការព្រួយបារម្ភ ក្រោយអ្នកតវ៉ានាំគ្នាប្រមូលដុំឥដ្ឋ និងបង្គោលដែកពីតាមផ្លូវ (វីដេអូ)

  • 2019-06-12 06:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​តាន​តឺង​នៅ​ក្នុង​ទីក្រុង​ហុងកុង កាន់​តែ​បន្ដ​កើន​ឡើង​ក្រោយ​បាតុកម្ម​ប្រឆាំង​ច្បាប់​បត្យាប័ន​ថ្មី​មាន​អ្នក​ចូលរួម​ច្រើន​ជាង ១​លាន​នាក់។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា បាតុករ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​មក​បោះ​តង់​សម្រាក​នៅ​សួន​ច្បារ Tamar និង​ចាប់​ផ្ដើម​បិទ​ចរាចរ​ទៅ​កាន់​អគារ​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​គ្រោង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើ​ការ​សម្រេច​ច្បាប់​បត្យាប័ន​ថ្មី​។ ចំណែក​ឯ​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​កំពុង​កើត​ឡើង ដោយ​ក្រុម​អ្នក​តវ៉ា​នៅ​ផ្លូវ Tim Mei បាន​នាំ​គ្នា​គាស់​ឥដ្ឋ​ដែល​ក្រាល​ផ្លូវ​ថ្មើរ​ជើង មក​ធ្វើ​ជា​ជញ្ជាំង​ទប់​ទល់​ជា​មួយ​ប៉ូលិស។ ក្រៅ​ពី​នេះ បង្គោល​ដែក​ជា​ច្រើន​ដើម​នៅ​តាម​ផ្លូវ ក៏​ត្រូវ​បាន​អ្នក​តវ៉ា​នាំ​គ្នា​ប្រមូល​ផ្ដុំ​យក​មក​គរ​ត្រៀម​ទប់ទល់​នឹង​ប៉ូលិស។

ក្រឡេក​មក​ខាង​​រដ្ឋាភិបាល​វិញ ប៉ូលិស​ចំនួន​ជាង ៥​ពាន់​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ និង​ឆ្លាស់​វេន​គ្នា​រយៈ​ពេល ១២​ម៉ោង​ម្ដង ខណៈ​ពេល​ដែល​ប៉ូលិស​ជាង ៣២០ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដក​មក​ពី​តំបន់ ៥​នៃ​ទីក្រុង​ហុងកុង​ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​អ្នក​តវ៉ា។ យោង​តាម​ប៉ូលិស​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ពួកគេ​មិន​ទាន់​ទទួល​បទ​បញ្ជា​ណា​មួយ​ដើម្បី​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​នោះ​ទេ ខណៈ​ដែល​ប៉ូលិស​ឈរ​ការពារ​ការិយាល័យ​កណ្ដាល​រដ្ឋាភិបាល និង​មិន​ទាន់​មាន​សកម្មភាព​នៅ​ឡើយ។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី និង​ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី