ជី សិលា៖ ចង់​ជោគជ័យ​ក្នុង​ជំនួញ​ត្រូវ​មាន​សុបិន​ធំ​ តែ​​ចាប់​ផ្ដើម​ពី​តូច​ទៅ

  • 2019-06-25 03:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ចង់​បង្កើត​ជំនួញ​ជោគជ័យ ឈរ​ជើង​បាន​យូរ​ក្នុង​ទីផ្សារ ត្រូវ​​មាន​សុបិន​ធំ តែ​​ចាប់​ផ្តើម​ពី​តូច​ទៅ ធ្វើ​សន្សឹមៗ តែ​ច្បាស់​លាស់​ ចេះ​សម្លឹង​​រក​អ្វី​ថ្មី​មិន​ធ្លាប់​មាន តាម​ដាន​ទំនោរ​អាជីវកម្ម​ក្នុង​ និង​ក្រៅ​ស្រុក»។ នេះ​ជា​ការ​លើក​ឡើង របស់​​លោក ជី សិលា ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ដែល​មាន​ភាគ​ហ៊ុន​ក្នុង​អាជីវកម្ម​ជា​ច្រើន​មុខ តែ​លោក​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​បំផុត​ក្នុង​នាម​លោក​ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ Sabay ដែល​ជា​ក្រុមហ៊ុន​ឌីជីថន​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​។

ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ជំនួញ​ក្នុង​វ័យ​ ២៤ឆ្នាំ តាមរយៈ​អាជីវកម្ម​លក់​ស៊ីឌី​ចម្លង​ជាមួយ​ដើមទុន​ត្រឹម​តែ ៥០០ដុល្លារ គិត​ត្រឹម​ឆ្នាំ ​២០១៩ នេះ​​លោក​បាន​ឈាន​ចូល​វ័យ ៤៥ឆ្នាំ និង​មាន​សមត្ថភាព​អាច​និយាយ​ភាសា ចិន វៀតណាម ​ជប៉ុន និង​អង់គ្លេស ​យ៉ាង​ស្ទាត់​ជំនាញ។

រំលឹក​ដល់​កត្តា​ដែល​នាំ​ឲ្យ​រូប​លោក​ជោគជ័យ​ក្នុង​ជំនួញ​​ឌីចីថល ដែល​ត្រូវ​បាន​មនុស្ស​ជាច្រើន​​នៅ​កម្ពុជា​ មើល​រំលង​កាល​ពី​ជាង ១០ឆ្នាំមុននោះ លោក​បាន​លើក​ឡើង​ថា​ តាម​ពិត​ទៅ​លោក​មិន​ពូកែ​ខាង​បច្ចេកវិទ្យា​នោះ​ទេ​ពេល​បើក​ក្រុមហ៊ុន Sabay ដំបូង​ តែ​ព្រោះ​លោក​បាន​មើល​ឃើញ​និន្នាការ​​ពិភពលោក​ ឃើញ​អ្វី​ដែល​កម្ពុជា​មិន​ទាន់​មាន ហើយ​លោក​ជឿ​ជាក់​ថា​ទំនោរ​នេះ​នឹង​ចូល​មក​ដល់​កម្ពុជា​។

ដើម្បី​អាច​មាន​សមត្ថភាព​មើល​ឃើញ​ថា​ទីផ្សារ​នឹង​ប្រែប្រួល​យ៉ាង​ណា អ្នក​ត្រូវ​​អាន​ និង​ស្រាវជ្រាវ​ឱ្យ​បាន​ច្រើន​​ គួប​ផ្សំ​នឹង​ភាព​វៃឆ្លាត​ រក​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​​ក្នុង​ស្រុក​ និង​ជុំវិញ​ពិភពលោក ហើយ​ត្រូវ​វិភាគ​ថ្លឹងថ្លែង​ថា​តើ​តម្រូវ​ការ​លើ​ទីផ្សារ​ពេល​អនាគត​នឹង​ប្រែប្រួល​យ៉ាង​ណា​បើ​ធៀប​នឹង​បច្ចុប្បន្ន។ លោក​បញ្ជាក់​បន្ថែម។

លោក​ថា​អាជីវកម្ម​លោក​ភាគច្រើន គឺ​បង្កើត​ឡើង​ដើម្បី​ទីផ្សារ​ក្នុង​ស្រុក​ជាមុន ព្រោះ​លោក​ស្គាល់​វា​ច្បាស់ និង​ងាយ​គ្រប់គ្រង ហើយ​ក្រោយ​ទទួល​បាន​ជោគជ័យ​ មាន​គ្រឹះ​រឹងមាំ​ក្នុង​ស្រុក​ហើយ ទើប​លោក​​ពង្រីក​វា​ជា​អន្តរជាតិ ដែល​នេះ​គេ​ហៅថា ​Think Global, Act local។

លោក​ក៏​បាន​និយាយ​លើកទឹកចិត្ត​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​មហិច្ឆតា​ចង់​​ចាប់​ផ្តើម​ជំនួញ​ឲ្យ​ជោគជ័យ​ថា ទម្រាំ​មាន​ថ្ងៃ​នេះ​លោក​ក៏​ជួប​​បរាជ័យ​ច្រើន​រាប់​មិន​អស់​ដែរ ហើយ​លោក​បាន​ចាត់​ទុក​វា​ជា​មេរៀន​ដែល​ត្រូវ​រៀន​សូត្រ យក​មក​បង្កើត​អ្វី​ថ្មី ទោះ​ពេល​ខ្លះ​វា​លំបាក ត្រូវ​ចាំ​ថា ​មាន​តែ​ការ​លំបាក​ប៉ុណ្ណោះ ទើប​ធ្វើ​មនុស្ស​ចេះ​ប្រឹង ហើយ​លទ្ធផល​ដែល​ទទួល​បាន នឹង​កាន់​តែ​មាន​តម្លៃ។

លោក​បន្ត​ថា៖ «ប្រសិន​បើ​ចង់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​វិនិយោគិន​បរទេស ឬ​វិនិយោគ​គិន​ក្នុង​ស្រុក​ ​ដាក់​ទុន​រក​ស៊ី​ជាមួយ មិន​ថា​ក្នុង​វិស័យ​ណា​ក៏​ដោយ អ្នក​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​​គំនិត​សុទិដ្ឋិនិយម ​ហ៊ាន​ចំណាយ​កម្លាំង​បង្កើត​ឲ្យ​មាន​ផលិតផល​ផ្ទាល់​ខ្លួន ជាជាង​ធ្វើ​តាម​គេ ឬ ចម្លង​គេ​ និង​ត្រូវ​ធ្វើ​ចេះ​ធ្វើ​គម្រោង​អាជីវកម្ម​ឲ្យ​ច្បាស់​លាស់​ជា​មុន​សិន»៕

អត្ថបទ៖ លីដា