នៅថៃមានរោងចក្រផលិតរថយន្តម៉ាកល្បីៗណាខ្លះ?
- 2019-06-16 07:01:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថៃមានរោងចក្រផលិតរថយន្តម៉ាកល្បីៗណាខ្លះ?
ចន្លោះមិនឃើញ
គិតត្រឹមឆ្នាំ ២០១៥ សហគ្រាសយានយន្តនៃប្រទេសថៃបានក្លាយជាសហគ្រាសធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ជាប់ជាសហគ្រាសធំលំដាប់ទី ១២ ក្នុងពិភពលោក។ ទិន្នផលផលិតយានយន្តពីមួយឆ្នាំៗមានដល់ជិត ២ លានគ្រឿងគឺច្រើនជាងចក្រភពអង់គ្លេស, អ៊ីតាលី, ទួរគី និង សាធារណរដ្ឋឆេកទៅទៀត។ តទៅនេះនឹងបង្ហាញពីទីតាំងរបស់រោងចក្រផលិតរថយន្តធំៗក្នុងបណ្ដាខេត្តនាប្រទេសថៃ៖
@ BMW (ខេត្តរ៉ាក់យង)
រោងចក្ររបស់ BMW បានសាងសង់ឡើងនៅឆ្នាំ ២០០០ ដែលសង់លើផ្ទៃដីប្រហែល ៧៥ ០០០ ម៉ែត្រការ៉េនៅរ៉ាក់យងដែលជាខេត្តជាប់សមុទ្រ។ ការបណ្ដាក់ទុននេះត្រូវចំណាយទឹកប្រាក់ប្រមាណ ២,៦ ពាន់លានបាត (ប្រហែល ៧៥ លានដុល្លារ)។
@ Ford (ខេត្តរ៉ាក់យង)
នៅឆ្នាំ ១៩៩៥ ក្រុមហ៊ុន Ford និង Mazda បណ្ដាក់ទុនរួមគ្នាបើករោងចក្រផលិតយានយន្តឈ្មោះ AutoAlliance Thailand ដែលបានចាប់ផ្ដើមផលិតរថយន្ត Mazda B-Series នៅខែឧសភា ឆ្នាំ ១៩៩៨ លើទឹកដីនៃខេត្តរ៉ាក់យង។ បច្ចុប្បន្នសង្វាក់ផលិតរបស់រោងចក្ររួមសម្ព័ន្ធនេះមានផលិតរថយន្ត Ford Ranger, Ford Everest, Ford Fiesta, Mazda 3 និង Ford EcoSport។
@ General Motors (ខេត្តរ៉ាក់យង)
General Motors បានបង្កើតរោងចក្រនៅប្រទេសថៃតាំងពីឆ្នាំ ១៩៧០ ប៉ុន្តែបានផ្អាកដំណើរការជាច្រើនឆ្នាំព្រោះសង្គ្រាមវៀតណាម។ យ៉ាងណាក្ដីនៅឆ្នាំ ២០០០ ក្រុមហ៊ុននេះបានត្រឡប់មកវិញដោយបានផលិតរថយន្តម៉ាក Opel, Daewoo និង Holden។
@ Honda (ក្រុងអយុធ្យា)
រថយន្ត Honda បានចាប់ផ្ដើមដំឡើងនៅប្រទេសថៃនាឆ្នាំ ១៩៨៤ ដោយក្រុមហ៊ុនមួយឈ្មោះថា Banghan General ដោយមានអាជ្ញាប័ណ្ណស្របច្បាប់ រហូតដល់ឆ្នាំ ១៩៩២ ទើប Honda បង្កើតរោងចក្រផ្ទាល់ខ្លួន។
@ Isuzu (ខេត្តសាមុទប្រាកាន និង ខេត្តឆាឆឹងសៅ)
រថយន្ត Isuzu បានចាប់ផ្ដើមផលិតនៅប្រទេសថៃក្នុងឆ្នាំ ១៩៦៣ ដោយមានរោងចក្រនៅក្នុងខេត្តសាមុទប្រាកាន។ នៅឆ្នាំ ២០១២ក្រុមហ៊ុន Isuzu ក៏បានបើករោងចក្រទីពីរមានតម្លៃ ២១១ លានដុល្លារដែលមានទីតាំងនៅឆាឆឹងសៅ បន្ទាប់ពីតម្រូវការក្នុងស្រុក និង ក្រៅស្រុកមានការកើនឡើង។
@ Mercedes-Benz (ខេត្តសាមុទប្រាកាន)
រថយន្ត Mercedes-Benz មានរោងចក្រនៅក្នុងខេត្តសាមុទប្រាកាន ដែលបង្កើតឡើងដោយក្រុមហ៊ុន Thonburi Automotive Assembly Plant តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្ត Mercedes-Benz ជាច្រើនស៊េរីបានផលិតឡើងនៅសង្វាក់ផលិតកម្មនេះរួមមាន A-Class, C, E និង S-Class។
@ MG (ខេត្តរ៉ាក់យង)
ក្រុមហ៊ុន SAIC Motor-CP បានសង់រោងចក្រផលិតរថយន្តម៉ាក MG ដែលមានតម្លៃប្រមាណ ២៦០ លានដុល្លារនៅខេត្តរ៉ាក់យង ដោយចាប់ដំណើរការនៅខែមិថុនា ឆ្នាំ ២០១៤។ នៅខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមហ៊ុននេះបានទិញដីមួយកន្លែងទៀតនៅខេត្តឈុនបុរីទុកសម្រាប់សង់រោងចក្រទីពីរដែលមានទំហំ ៧ សែនម៉ែត្រការ៉េ ដោយនឹងចំណាយទឹកប្រាក់ប្រមាណ ៨៦៧ លានដុល្លារ ទៅ ១,១៥ ពាន់លានដុល្លារ។
@ Mitsubishi (ខេត្តឈុនបុរី)
Mitsubishi បានចាប់ផ្ដើមការផលិតរថយន្តនៅប្រទេសថៃនៅឆ្នាំ ១៩៦៦ ក្នុងនាមជាក្រុមហ៊ុន Mitsubishi Motors (Thailand) ហើយនៅឆ្នាំ ១៩៨៨ MMTh បានក្លាយជាក្រុមហ៊ុនរថយន្តដំបូងរបស់ថៃដែលបាននាំចេញរថយន្តទៅក្រៅប្រទេសដំបូងគេ។
@ Nissan (ខេត្តសាមុទប្រាកាន)
Nissan ជាក្រុមហ៊ុនរថយន្តជប៉ុនដំបូងដែលបានសាងសង់រោងចក្រនៅប្រទេសថៃក្នុងឆ្នាំ ១៩៦២ ដោយជាការបណ្ដាក់ទុនរួមជាមួយក្រុមហ៊ុន Siam Motors។
@ Toyota (ខេត្តសាមុទប្រាកាន និង ខេត្តឆាឆឹងសៅ)
Toyota Motor Thailand បានបង្កើតឡើងនៅឆ្នាំ ១៩៦២ ដោយបច្ចុប្បន្ននេះមានរោងចក្របីកន្លែងក្នុងខេត្តចំនួន ២ នៅប្រទេសថៃ។ រោងចក្រនៅខេត្តសាមុទប្រាកានជាកន្លែងផលិតរថយន្តប្រភេទ Pick-Up។ ចំណែករោងចក្រពីរនៅខេត្តឆាឆឹងសៅទុកសម្រាប់ផលិតរថយន្តប្រភេទធម្មតា។ រោងចក្រទាំងបីរួមបញ្ចូលគ្នាអាចផលិតរថយន្តបាន ៧៦០ ០០០ គ្រឿងក្នុងមួយឆ្នាំៗ៕