សាក​ភ្លើង​ទូរសព្ទទុក​ចោល មួយ​យប់​ទល់​ភ្លឺ ជា​ទង្វើ​ត្រឹម​ត្រូវ​?

  • 2019-06-29 08:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀងរាល់​យប់ មុន​បិទ​ភ្នែក​ចូល​ដេក យុវវ័យ​បច្ចុប្បន្ន​និយម​ចុច​ទូរសព្ទ​បណ្ដើរ សាក​ភ្លើង​បណ្ដើរ មាន​ពេលខ្លះ​ដេក​លក់​ចោល​ទូរសព្ទ ហើយ​ឲ្យ​វា​សាក​ចោល​ពេញ​មួយ​យប់​ទល់​ភ្លឺ​ក៏​មាន​ដែរ រហូត​មាន​អ្នកខ្លះ​ធ្វើ​សកម្មភាព​ដដែលៗ​នេះ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទៀត​ផង។ តើ​ទង្វើ​នេះ ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ទេ? តោះ! មក​អាន​ការ​បកស្រាយ​បែប​បច្ចេកទេស​ពី​អ្នក​ជំនាញ។

រូប​តំណាង​

លោក Edo Campos វិស្វករ​ផ្នែក​ផលិត​ថាមពល​ថ្ម​ប្រចាំ​នៅ​ក្រុមហ៊ុន Anker ដែល​ជា​ម៉ាក PowerBanks ដ៏​ល្បី​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖ **សព្វថ្ងៃ​ឧបករណ៍​ឆ្លាតវៃ​ស្ទើរ​តែ​ទាំង​អស់ ពួក​វា​ពិត​ជា​ឆ្លាតៗ​មែន។** លោក​សំដៅ​ទៅ​ដំណើរការ​ផ្នែក​ខាង​ក្នុង​របស់​វា ជាក់ស្តែង​ដូចជា ស្មាតហ្វូន​បច្ចុប្បន្ន គេ​ផលិត​មក​មាន​បន្ថែម​ស្រទាប់​ការពារ និង​កម្រិត​ថាមពល​ថ្ម​ច្បាស់លាស់ ទោះ​ជា​អ្នក​សាក​ភ្លើង​ដាក់​ចោល​រហូត​ពេញ ក៏​ពួក​វា​លែង​សាក​បន្ថែម​ដែរ។

លោក Edo Campos

ឧទាហរណ៍៖ បើ​អ្នក​ប្រើប្រាស់​ឆ្នាំង​សាក​ដើម(Original) របស់​ក្រុមហ៊ុន​ទូរសព្ទ​ដែល​អ្នក​ទិញ នៅ​ពេល​ដែល​អ្នក​សាក​ពេញ 100% នោះ​ស្រទាប់​ឬ​បន្ទះ​ការពារ​នៅ​ខាង​ក្នុង វា​នឹង​បញ្ចប់​ចរន្ត ហើយ​ការ​សាក​ក៏​រលត់​ដោយ​ស្វ័យ​ប្រវត្តិ។

ជាទូទៅ ប្រភេទ​ថ្ម​ដែល​បំពាក់​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​ទាំង iPhone ឬ Android Phone ភាគ​ច្រើន​ជា​ប្រភេទថ្ម Lithium-ion (Li-ion)។ Li-ion ជា​ប្រភេទ​ថ្ម​ជំនាន់​ថ្មី​ដែល​មាន​សមត្ថភាព​អាច​សាក​បាន​លឿន​ជាង​ជំនាន់​ចាស់(ជំនាន់​ចាស់​គេ​ប្រើ​ថ្ម rechargeable)។ ថ្ម Li-ion រួម​ជាមួយ​នឹង​ការ​បំពាក់​បច្ចេកវិទ្យា​លើ​ខ្សែ​សាក​ដែល​បញ្ជូន​ថាមពល​បាន​លឿន​ដូច​គ្នា​ផង​នោះ ធ្វើ​ឲ្យ​ស្មាតហ្វូន​អ្នក​ចំណាយ​ពេល​តែ​កន្លះម៉ោង អាច​សាក​បាន​ដល់ 50% ឬ 80% ផង​ក៏​មាន​ដែរ។

ថ្ម​ប្រភេទ​ថ្មី​នេះ អ្នក​មិន​ចាំបាច់​ត្រូវ​សាក​រហូត​ដល់​ពេញ 100% ទើប​អាច​ប្រើ​បាន​នោះ​ទេ ពោល​គឺ សាក​បាន​ប៉ុណ្ណា វា​នឹង​បញ្ឈប់​ចរន្ត​ត្រឹម​នោះ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ថ្ម​ខូច​ដែរ ទោះ​ជា​ដោត​ចោល​មួយ​យប់​ទល់​ភ្លឺ​ក៏​ដោយ។ លោក John Bradshaw អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ជា​អ្នក​ជំនាញ​ផ្នែក​ថាមពល​ប្រចាំ​នៅ​ក្រុមហ៊ុន Cadex Electronics បញ្ជាក់​៖

លោក John Bradshaw

លោក Bradshaw បន្ត​ថា ពិត​ហើយ! ទាំង​គេ​ទាំង​ខ្ញុំ​ពេល​កាន់​ទូរសព្ទ​ម្ដងៗ​ចុច​បើក​មុខងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ដូចជា លេង​ឆាត ប្រើប្រាស់​កម្មវិធី លេង​ហ្គេម មើល​វីដេអូ ឬ​ស្ដាប់​ចម្រៀង​ជាដើម។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ថ្ម​ទូរសព្ទ​មិន​អាច​ទ្រាំ​បាន​ដល់​ពេញ​មួយថ្ងៃ ទាមទារ​ឲ្យ​អ្នក​ប្រើ​ត្រូវ​សាក​ភ្លើង​ច្រើន​ដង​ក្នុង​មួយថ្ងៃ រហូត​ហៀរ​ដល់​យប់ និង​ដល់​ទល់​ភ្លឺ​ទៀត​ផង។

ឯ​លោក Campos ក៏​បន្ថែម​ពី​លើ​នេះ​ថា បើ​អ្នក​ក្រឡេក​មើល​អតីតកាល ដែល​មិន​ទាន់​ជឿន​លឿន​ដូច​សព្វថ្ងៃ ស្ថាប័ន​ផលិត​ទូរសព្ទ​បាន​រចនា​រូបរាង​ទូរសព្ទ​មាន​សន្ទះ​ខាងក្រោយ អាច​ដោះ​ចេញ​បាន តួ​យ៉ាង​ដូច​ជា Nokia, Samsung, Motorola, LG ជា​ដើម។ ប្រភេទ​ថ្ម​ដែល​គេ​ប្រើ​ប្រាស់​ភាគ​ច្រើន​ជា​ប្រភេទ​ថ្ម Rechargeable (អាច​ដោះ​យក​មក​សាក​ភ្លើង​បាន)។ ជា​ហេតុ​ធ្វើ​ឲ្យ​ថ្ម​បាត់បង់​ថាមពល​ខ្លះ នៅ​ពេល​អ្នក​ដោះ​ចុះ​ឡើង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ខ្លាច​រអា​នោះ​គឺ វា​គ្មាន​ស្រទាប់​ការពារ​ចរន្ត​ដូច​រៀបរាប់​ខាង​លើ​នោះ​ទេ ប្រការ​នេះ​ហើយ​ដែល​​អាច​បណ្ដាល​ឲ្យ​ថ្ម​ទូរសព្ទ​ហើម​ប៉ោង ឬ​អាច​ផ្ទុះ អំឡុង​ពេល​សាក​ភ្លើង​ទៀត​ផង។

ចុះ​បើ​មាន​ការ​អះអាង​បែប​នេះ ហេតុ​អ្វី​ក៏​មាន​ករណី​ផ្ទុះ​ថ្ម​ស្មាតហ្វូន​ដែល​ជា​ប្រភេទ​ថ្ម Li-ion?

ចម្លើយ​ពី​អ្នក​ជំនាញ​បកស្រាយ​ថា វា​មក​ពី​កត្តា​អ្នក​ប្រើប្រាស់។ ឯ​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត អាច​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​មិន​បាន​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ក្នុង​ពេល​​តេស្ត​សាកល្បង មុន​ចេញ​លក់​លើ​ទីផ្សារ។

រូប​តំណាង

ឥឡូវ​ងាក​មក​ប្រធានបទ​វិញ ការ​សាក​ភ្លើង​ទូរសព្ទ​ទុក​ចោល មួយ​យប់​ទល់​ភ្លឺ វា​ជា​ទម្លាប់​របស់​អ្នក​ប្រើប្រាស់ ដែល​អ្នក​ជំនាញ​បញ្ជាក់ថា ​ជាទង្វើមិន​ត្រឹម​ត្រូវ​។ ខាងក្រោមនេះជា វិធី​ខ្លះៗប្រសិន​បើ​ចង់​កែទម្លាប់​សាក​ភ្លើង​ទុក​ចោល​នេះបានខ្លះ៖

  • កុំ​ទុក​ឲ្យ​ទូរសព្ទ​អស់​ភ្លើង​រហូត​ដល់ 0% បាន​សាក​ភ្លើង
  • បើ​ឃើញ​ថ្ម​នៅ​សល់​ត្រឹម 35% ប្រញាប់​សាក​ឲ្យ​ពេញ
  • កុំ​ប្រើប្រាស់​ឆ្នាំង​សាក​​ក្លែង​ក្លាយ ឬ​​ជា​របស់​​គ្មាន​ធានា​ពី​ក្រុម​ហ៊ុន​​​នាំ​ចូល​
  • បើ​ទូរសព្ទ​ក្តៅ​ខ្លាំង ត្រូវ​ទុក​ឲ្យ​ត្រជាក់​ចាំ​សាក​ភ្លើង
  • ហាម​សាក​ភ្លើង​ពេល​ទូរសព្ទ​កំពុង​ក្ដៅ​ខ្លាំង
  • ត្រូវ​រក​កន្លែង​​សាកទូរសព្ទឲ្យ​សម​រម្យ ដោយ​ដាក់​នៅ​លើ​តុ​ក្បែរ​ក្បាល​ដំណេក(ហាម​ដាក់​នៅ​លើ​ភួយ​ឬ​ខ្នើយ អាច​បណ្ដាល​ឲ្យ​ឆេះ ករណី​ទូរសព្ទ​ក្តៅ​ខ្លាំង​)៕

អត្ថបទទាក់ទង៖

ប្រភព៖ Time   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម