ដឹង​វិធី​ទាំង​នេះ​ ជួយ​អ្នក​ស្វែងរក​នរណា​ខ្លះ​លួច​ប្រើ Wifi និង​វិធី​ការពារ​ខ្លួន​

  • 2017-11-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ប្រើប្រាស់​ស្ទើរ​តែ​គ្រប់​ផ្ទះ​ក្នុង​ការ​ប្រើ​ទៅ​តាម​គោល​បំណង​​ផ្សេង​ៗ​​ទាំង​​ការ​​កំសាន្ត និង​ការងារ​ក្នុង​តម្លៃ​មួយ​សមរម្យ ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​ចង់​ប្រើ​របស់​ឥត​គិត​ថ្លៃ ដោយ​អាច​ប្រើ​វិធី​ផ្សេងៗ ដូច​ជា​ទាយ​លេខ​សំងាត់, ចូល​ប្រើ​លើ Wifi ដែល​មិន​ប្រើ​លេខ​សំងាត់ ឬ​ប្រើ​កម្មវិធី​បំបែក​លេខ​សំងាត់​ចូល​ប្រើ​។ ការ​លួច​ប្រើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ៊ីនធឺណិត​អ្នក​ប្រើ​យឺត ដោយសារ​ភាគច្រើន​អ្នក​លួច​ប្រើ​គឺ​ទាញ​យក​ឯកសារ​ធំ​ៗដូចជា​រឿង ឬ​កម្មវិធី ឬ​ហ្គេម​។ 

ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​វិធី​ខាងក្រោម ក្នុង​ការ​ពិនិត្យ​មើល​ថា​នរណា​ម្នាក់​កំពុង​លួច​ប្រើ​អ៊ីនធឺណិត​អ្នក​៖

- ធ្វើ​ម៉េច​ដឹង​ថា​មាន​អ្នក​លួច​ប្រើ​

មាន​វិធី​ជា​ច្រើន​អ្នក​ដទៃ​អាច​លួច​ប្រើ Wifi អ្នក ប៉ុន្តែ​ភាគច្រើន​គឺ​អ្នក​នៅ​ជិតៗ គ្រាន់​តែ​​ចុច​លើ​ឈ្មោះ Wifi ពេល Connection អាច​ប្រើ​បាន​។ នេះ​អាច​កើតឡើង​ពេល​អ្នក​មិន​បាន​ប្រើ​លេខ​សំងាត់ Wifi។ យ៉ាង​ណា​មិញ ពេល​ខ្លះ​នៅ​តែ​មាន​នរណា​ម្នាក់​ប្រើ​កម្មវិធី​ដើម្បី​បំបែក​លេខ​សំងាត់​ចូល​ប្រើ Wifi អ្នក ប៉ុន្តែ​មិន​សូវ​ជា​មាន​ច្រើន​នោះ​ទេ​។ 

អ្នក​អាច​សម្គាល់​បាន​លើ​ល្បឿន​ប្រើប្រាស់​យឺត​ជាង​មុន ដោយ​ធម្មតា​អ្នក​ប្រើ​ពី​មុន​មិន​សូវ​យឺត​ជាមួយ​នឹង​ឧបករណ៍​អ្នក​មាន ក្រោយ​មក​មាន​លក្ខណៈ​យឺត​ច្រើន​។ ក្នុង​ករណី​យឺត​បែប​នេះ ទី​មួយ​អ្នក​អាច​សាកសួរ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ពី​ល្បឿន ទី​ពីរ​អ្នក​អាច​សាកសួរ​មាន​នរណា​ម្នាក់​ប្រើ​កម្មវិធី ទាញ​យក​ឯកសារ​ដូចជា Internet Download Manager ឬ UTorrent និង​ទី​បី​អ្នក​អាច​ពិនិត្យ​មើល​លើ​ឧបករណ៍​ភ្ជាប់​នឹង​បណ្ដាញ​អ្នក​ក្រែង​មាន​លើស​ចំនួន​ឧបករណ៍ ដែល​ជា​សញ្ញា​មាន​អ្នក​លួច​ប្រើ Wifi អ្នក។ 

ប្រសិនបើ​ពួកគាត់​គ្រាន់​តែ​ចង់​ប្រើ​ដោយ​មិន​អស់​លុយ​ក្នុង​ការ​បើក​នូវ​អ៊ីមែល ឬ​បើក​បណ្ដាញ​សង្គម ប្រហែល​ជា​មិន​អី​ទេ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មាន​បំណង​មិន​ល្អ ដោយ​អាច​ទាញ​នូវ​ទិន្នន័យ​ពី​គេហទំព័រ​អ្នក​បាន​ចូល​មើល, ចូល​ប្រើ Device លើ​បណ្ដាញ​អ្នក ឬ​ចម្លង​មេរោគ​ទៅ​កាន់​កុំព្យូទ័រ និង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ​។ ដូច្នេះ​ចង់​មិន​ចង់ អ្នក​គួរ​សម្គាល់​មើល ពេល​អ្នក​ដឹង​ថា​អ៊ីនធឺណិត​អ្នក​យឺត​។

កំណត់​ប្រសិនបើ​នរណា​កំពុង​លួច​ប្រើ Wifi

១ ប្រើ​កម្មវិធី​

មាន​កម្មវិធី​ជា​ច្រើន​អ្នក​អាច​ប្រើ​បាន​ក្នុង​ការ​ស្វែងរក​នូវ​ឧបករណ៍​ដែល​ភ្ជាប់​បណ្ដាញ Wifi អ្នក​៖

- Wi-Fi Inspector៖ កម្មវិធី​អាច​មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ប៉ុន្តែ​អាច​ផ្តល់​នូវ​ព័ត៌មាន​ពី​គ្រប់​ឧបករណ៍​ភ្ជាប់​លើ​បណ្ដាញ​អ្នក​រួម​មាន ឈ្មោះ​ឧបករណ៍, IP Address និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​។ អ្នក​អាច​រក្សា​នូវ​បញ្ជី​នោះ​ទុក និង​សម្គាល់​មើល​ក្រែង​មាន​ឧបករណ៍​ក្រៅ​ចូល​ប្រើ​។ [**ដោនឡូត​នៅ​ទីនេះ​**

- F-Secure Router Checker៖ F-Secure ប្រើ​លើ​គេហទំព័រ ដែល​ល្អ​ប្រសិនបើ​អ្នក​មិន​ចង់​ទាញ​យក​កម្មវិធី​។ វា​ធ្វើការ​ត្រួត​ពិនិត្យ​មើល​នូវ​សញ្ញា​ដែល​នរណា​ម្នាក់​កំពុង​ប្រើ​នូវ​វិធីសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​លួច​ប្រើ​អ៊ីនធឺណិត​។

- Wireless Network Watcher៖ កម្មវិធី​នេះ​រចនា​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​ប្រើ Windows និង MacOS សម្រាប់​ត្រួត​ពិនិត្យ​លើ​សកម្មភាព​ដែល​សង្ស័យ​លើ Wireless នូវ​រាល់​ឧបករណ៍​បាន​ភ្ជាប់​។ វា​មាន​លក្ខណៈ​ស្រដៀង​នឹង Wi-Fi Inspector តែ​ប្រើ​បាន​ទូលំទូលាយ​ជាង ក្នុង​ករណី​អ្នក​មិន​ចង់​ប្រើ​កម្មវិធី​របស់ Google។

- Fing៖ អាច​ប្រើ​បាន​លើ iOS ដែល​អាច​ឲ្យ​អ្នក​ឃើញ​ភ្លាមៗ​នូវ​ឧបករណ៍​ដែល​បាន​ភ្ជាប់ មាន​ប្រភេទ​ឧបករណ៍​, MAC address និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​។ អ្នក​ក៏​អាច​ត្រួត​ពិនិត្យ​លក្ខណៈ​នៃ​ការ​ភ្ជាប់ Wi-Fi ក្នុង​ការ​សម្គាល់​មើល​នរណា​ម្នាក់​កំពុង​លួច​ចូល​ប្រើ​បណ្ដាញ​អ្នក​។

២ ចូល​មើល Administrator logs

ប្រសិនបើ​អ្នក​សង្ស័យ​ថា​មាន​នរណា​ម្នាក់​កំពុង​លួច​ប្រើ Wi-Fi អ្នក​អាច​ចូល​ទៅ​ទំព័រ Administration របស់ Router តាម​រយៈ​កម្មវិធី Browser ណា​មួយ ដោយ​ក្នុង​ប្រអប់ Address bar វាយ​នូវ 192.168.1.1 ឬ 192.168.2.1 រួច​បញ្ចូល​លេខ​សំងាត់​។ ពេល​អ្នក​ចូល​ដល់​ទំព័រ Admin រួច អ្នក​ត្រូវការ​ចូល​ទៅ​ទំព័រ​បង្ហាញ​បញ្ជី Media Access Control (MAC) addresses ដែល​បាន​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ​អ្នក​។ ចំពោះ​ទីតាំង​ទំព័រ​នេះ​អាច​ខុស​គ្នា​ទៅ​តាម​ប្រភេទ Router ប៉ុន្តែ​ភាគច្រើន​នៅ​ក្រោម Wireless configuration, wireless status ឬ​ក្នុង DHCP client។ អ្នក​អាច​រាប់​ចំនួន​ឧបករណ៍​ក្នុង​បញ្ជី​ដែល​បាន​ភ្ជាប់​នឹង​អ៊ីនធឺណិត​អ្នក​។ ប្រសិនបើ​អ្នក​ឃើញ​មាន MAC address ចំនួន ៦ តែ​ឧបករណ៍​អ្នក​ប្រើ​នៅ​ផ្ទះ​មាន​តែ​បួន នោះ​បញ្ជាក់​ថា​មាន​អ្នក​លួច​ប្រើ​អ៊ីនធឺណិត​អ្នក​ហើយ ព្រោះ​ឧបករណ៍​មួយ​មាន MAC address តែ​មួយ​ប៉ុណ្ណោះ​។

៣ ប្រើ Wireless encryption ដើម្បី​ការពារ​បន្ថែម​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​លេខ​សំងាត់​លើ​បណ្ដាញ​អ្នក គួរ​បន្ថែម​វា​។ ប្រសិនបើ​អ្នក​នៅ​ប្រើ​ឈ្មោះ និង​លេខសំងាត់​មាន​ស្រាប់​លើ Router គួរ​ផ្លាស់ប្ដូរ​។ អ្នក​អាច​ធ្វើ​បាន​ពី​ទំព័រ Admin លើ Router អ្នក។ ក្នុង​ការ​ផ្លាស់ប្ដូរ​លេខ​សំងាត់ ស្វែងរក PSK ឬ Pre Shared Key ក្នុង Security settings។ ការ​ផ្លាស់ប្ដូរ​លេខសំងាត់​នឹង​ផ្តាច់​ចោល​នូវ​គ្រប់​ឧបករណ៍​បាន​ភ្ជាប់​នឹង​បណ្ដាញ​។ ក្នុង​ការ​ផ្លាស់ប្ដូរ​ឈ្មោះ Router ចូល​ទៅ​កាន់ Service Set identifier (SSID) ភាគច្រើន​នៅ Wireless settings។ មួយ​វិញ​ទៀត អ្នក​គួរ​ប្រើ WPA2 ដែល​ជា​ទម្រង់ Encryption បណ្ដាញ Wireless ខ្លាំង​បំផុត​៕

ចុច​អាន​បន្ត​៖

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ ប៊ុន ធឿន