មុន​ត​អ៉ីនធឺណិត​ដាក់​តាម​ផ្ទះ ត្រូវ​ដឹង​ចំណុច​ទាំង​នេះ​​ជាមុន​សិន​

  • 2017-09-01 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ស៊ីម​តាម​ឧបករណ៍​ស្មាតហ្វូន​ឬ​ថេបប្លែត ​ប្រិយមិត្ត​ខ្លះ​មាន​គំនិត​គិត​ចង់​ត​ប្រព័ន្ធ​អ៊ីនធឺណិត​ Wireless ដាក់​ក្នុង​ផ្ទះ ដែល​អាច​ជួយ​សន្សំសំចៃ​ថវិកា​បាន​មួយ​ផ្នែក​ធំ។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ចំណុច​នោះ Sabay ណែនាំ​ឲ្យ​ស្គាល់​នូវ​ឧបករណ៍ Router ​និង​ប្រភេទ​អ៊ីនធឺណិត​ដែល​អ្នក​ត្រូវ​ប្រើ​ជា​មុន​សិន។

+Router:

Router ជា​ឧបករណ៍​អេឡិចត្រូនិក​ទំហំ​តូច​មួយ ដែល​អាច​ត​ភ្ជាប់​បណ្ដាញ​កុំព្យូទ័រ​ច្រើន​មក​ចូល​ឧបករណ៍​តែ​មួយ​តាម​រយៈ​ប្រព័ន្ធ Wireless។ មុន​នឹង​ត​អ៊ីនធឺណិត​ជាមួយ​ក្រុមហ៊ុន​ណា​មួយ ពួក​គេ​នឹង​ទាមទារ​ឲ្យ​អ្នក​មាន​ដុំ​ Router ជា​មុន​សិន ករណី​បើ​អ្នក​មាន​ខ្លួន​ឯង​ក៏​បាន​ឬ​ទិញ​ពី​ពួក​គេ​ផ្ទាល់​ក៏​បាន។ តាម​ដែល​ដឹង​តម្លៃ​ដុំ Router ធន់​កណ្ដាល​នា​ពេល​បច្ចុប្បន្ន​ថ្លៃ​ចន្លោះ​ពី ២៥ ទៅ ៤០ ដុល្លារ។

+ប្រភេទ​អ៊ីនធឺណិត:

នៅ​ពេល​ដែល​អ្នក​ទៅ​ដល់​ក្រុមហ៊ុន​អ៊ីនធឺណិត​គេ​នឹង​ណែនាំ​ឲ្យ​អ្នក​ជ្រើសរើស​រវាង​ការ​ភ្ជាប់​ប្រភេទ ADSL និង Fiber Optic។ ទៀតសោត​ក្នុង​ជម្រើស​នីមួយៗ​មាន​គម្រោង​តាម​កញ្ចប់​ផ្សេង​ទៀត ផ្អែក​លើ​ទំហំ​ Bandwidth (http://news.sabay.com.kh/article/961880) ដែល​យើង​ចង់​បាន ដោយ​ឯកតា​របស់​វា​គិត​ជា Mpbs (Megabit Per Seconds)។ ចុះ​អ្វី​ទៅ​ជា ADSL និង Fiber Internet?

  • ADSL:​ ​​មាន​ពាក្យ​ពេញ​ Asymmetric Digital Subscriber Line ដោយ​ជា​ប្រភេទ​នៃ​បច្ចេកវិទ្យា​បញ្ជូន​អ៊ីនធឺណិត​ឆ្លង​កាត់​តាម​រយៈ​ខ្សែ​កាប​ទូរសព្ទ​ពី​ទីតាំង​ដែល​នៅ​ជិត​តំបន់​អ្នក​បំផុត ទៅ​កាន់​ការិយាល័យ​ឬ​គេហដ្ឋាន​ដែល​អ្នក​ស្នាក់​នៅ។ តំណ​ភ្ជាប់​ត្រូវ​ប្រើប្រាស់​ខ្សែ​ស្ពាន់ ចំណែក​ឯ​ល្បឿន​របស់​វា​មិន​រក្សា​ស្ថិរភាព​បាន​ល្អ​ឡើយ ខណៈ​ច្រើន​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​សារ​អាកាសធាតុ​មិន​អំណោយផល និយាយ​ទៅ​ក៏​មិន​ខុស​ពី​ការ​ស្ទះ​ចរាចរណ៍​នៅ​លើ​ដង​វិថី​ដែរ។ ល្បឿន​ខ្ពស់​បំផុត​នៃ ADSL អាច​ឡើង​ដល់ 40Mbps។​

  • Fiber Internet: ចាត់​ទុក​ជា​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​និង​រក្សា​ស្ថិរភាព​បាន​ល្អ។ គេ​ប្រើប្រាស់​ខ្សែ​ Fiber Optic ដើម្បី​បញ្ជូន​ទិន្នន័យ​អ៊ីនធឺណិត ហើយ​មិន​ជះ​ឥទ្ធិពល​នៃ​ចម្ងាយ​ជិត​ឬ​ឆ្ងាយ​ពី​ទីតាំង​ភ្ជាប់​ធំ​ដូច​ ADSL ឡើយ។ ប៉ុន្តែ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​មាន​តម្លៃ​ថ្លៃ​ជាង​ច្រើន បើ​ធៀប​នឹង​ប្រភេទ​ភ្ជាប់​នៃ ADSL ធម្មតា។ ល្បឿន​ខ្ពស់​បំផុត​នៃ Fiber Internet អាច​ឡើង​ដល់ 200Mbps។

+ភាព​ខុស​គ្នា​នៃ​ ADSL និង Fiber Internet:

​- ល្បឿន​ទាញ​យក (Download) ប្រភេទ ADSL យឺត​ជាង Fiber Internet ដោយ​ទោះ​បី​ជ្រើសរើស​ប្រើ​ទំហំ Bandwidth ស្មើ​គ្នា​ក្ដី

  • ស្ថិរភាព​ល្បឿន​ Fiber ធ្វើ​បាន​ល្អ​ជាង ADSL
  • បើ​កាល​ណា​មាន​ភ្លៀង​រន្ទះ​ធំ ល្បឿន ADSL នឹង​ឡើង​ចុះ​ខុស​ប្រក្រតី ប៉ុន្តែ Fiber នៅ​ធ្វើ​បាន​ល្អ​ដដែល
  • ខ្សែ​ Fiber Optic អាច​អូស​ឆ្លង​កាត់​ទឹក​បាន
  • តម្លៃ​នៃ​ការ​ភ្ជាប់​ ADSL ធូរ​ថ្លៃ​ជាង Fiber Internet

+តើ​អ្នក​គួរ​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ណា?

បើ​អ្នក​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ឬ​ក្រុមហ៊ុន​តូចៗ អ្នក​មិន​ចាំ​បាច់​ជ្រើសរើស​ដល់​អ៊ីនធឺណិត​ Fiber ឡើយ ដោយ​ភ្ជាប់​ត្រឹម ADSL បាន​ហើយ ករណី​បើ​ចង់​ទទួល​បាន​ល្បឿន​លឿន ក៏​រើស​យក​ទំហំ Bandwidth ដែល​ខ្ពស់​ផ្អែក​តាម​តម្លៃ។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​ក្រុមហ៊ុន​ធំ ឬ​បើក​អាជីវកម្ម​ហាង​លក់​អ្វី​មួយ ដែល​ត្រូវ​ចែកចាយ​អ៊ីនធឺណិត​ទៅ​កាន់​អតិថិជន​ច្រើន​គ្នា យល់​ល្អ​អ្នក​គួរ​ប្រើប្រាស់ Fiber Internet ដោយ​អត្ថប្រយោជន៍​គឺ​អាច​ឲ្យ​យើង​ធ្វើ​ការ​បាន​រហ័ស​និង​ម្យ៉ាង​ទៀត​មិន​ឲ្យ​អតិថិជន​សៅហ្មង​ចិត្ត​ជាមួយ​ល្បឿន​អ៊ីនធឺណិត​នៃ​ក្រុមហ៊ុន​ឬ​ទីតាំង​អ្នក៕

ចុច​អាន​បន្ត៖

ប្រភព៖ lifewire | rsaweb.co   ប្រែសម្រួល៖ កៅ រក្សា