ទើប​​ដាក់​ឲ្យ​ប្រើ​ថ្មីៗ ត្រូវ Hacker ធ្វើ​ស៊ី​អស់ ៥០ ម៉ឺន​ដុល្លារ​

  • 2019-07-07 03:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ផ្សារ​ 7-Eleven នៅ​ជប៉ុន បាន​ផ្អាក​​ដំណើរ​ការ​មុខងារ​​ដែល​ទើប​ដាក់​ឲ្យ​​ប្រើ​​ថ្មីៗ​ទូទាត់​សាច់​ប្រាក់​តាម​ទូរសព្ទ​លើ​កម្មវិធី 7Pay ក្រោយ​ពី​មាន​ចន្លោះ​ប្រហោង​មួយ​អាច​ឲ្យ​ Hacker ​ដក​យក​លុយ​ពី​អ្នក​ប្រើ​ប្រាស់​រាប់​រយ​នាក់។

​ក្រុមហ៊ុន​បាន​បញ្ចេញ​មុខងារ​ថ្មី​នេះ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ស្កេន​​កូដ​ជា​មួយ​កម្មវិធី និង​បង់​ប្រាក់​​ជា​មួយ​​កាត​ដែល​ភ្ជាប់​ជា​មួយ​កម្មវិធី។ យ៉ាង​ណា​ក្ដី​ ក្រុមហ៊ុន​ទទួល​បាន​​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​បន្ទាប់ មាន​អតិថិជន​ប្រទះ​ឃើញ​ការ​គិត​លុយ​លើ​ឥវ៉ាន់​ដែល​ពួក​គេ​មិន​បាន​ទិញ។

ការ​ចុះ​ផ្សាយ​របស់​ Yahoo News Japan បាន​អះអាង​ថា​កម្មវិធី​ 7Pay មាន​ចន្លោះ​ប្រហោង។ Hacker គ្រាន់​តែ​ដឹង​អំពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត, អ៊ីមែល និង​លេខ​ទូរសព្ទ​របស់​អតិថិជន រួច​ផ្ញើ​ការ​ Request សុំ Reset លេខ​សម្ងាត់​ទៅ​កាន់​អ៊ីមែល​ផ្សេង​ណា​មួយ។ កម្មវិធី​នេះ​ថែម​ទាំង​កំណត់​មក​ស្រេច​នូវ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​​ចំ ១ មករា ២០១៩ ដែល​អ្នក​ប្រើ​ប្រាស់​មិន​បាន​ចាប់​ភ្លឹក​ ធ្វើ​ឲ្យ​ការ​លួច​ចូល​គណនី​កាន់​តែ​មាន​ភាព​​ងាយ​ស្រួល។

ដោយ​សារ​ចន្លោះ​ប្រហោង​នេះ មាន​គណនី​ចំនួន​ប្រមាណ ៩០០ ត្រូវ​បាន​វាយ​ប្រហារ​ និង​គិត​លុយ​អស់​ប្រមាណ​ ៥៥ លាន​យេន (ប្រមាណ ៥០០ ០០០ ដុល្លារ)។ ក្រុមហ៊ុន​ 7-Eleven ជប៉ុន​និយាយ​ថា​បាន​ផ្អាក​ដំណើរ​ការ​មុខងារ​នេះ និង​លែង​ទទួល​ចុះ​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​ទៀត​ហើយ។ ក្រុមហ៊ុន​ក៏​នឹង​សង​ជំងឺ​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​រងគ្រោះ​ផង​ដែរ។

ក្នុង​រឿង​រ៉ាវ​នេះ សមត្ថកិច្ច​ជប៉ុន​បាន​ចាប់​ខ្លួន​បុគ្គល​ពីរ​នាក់ ដែល​ប៉ុនប៉ង​ប្រើ​ប្រាស់​គណនី​ដែល​បាន​ Hack ហើយ​ជឿ​ជាក់​ថា​ពួក​គេ​អាច​ជាប់​ទាក់ទង​នឹង​ក្រុម​ឧក្រិដ្ឋជន​ចិន​ ដែល​លួច​អត្តសញ្ញាណ​លើ​អ៊ីនធឺណិត៕​​​​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី