iPhone ជំនាន់​ក្រោយ​អាច​នឹង​ប្រើ​កាមេរ៉ា 3D ៣ គ្រាប់ និង​ប្រើ​ USB-C

  • 2019-07-08 06:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​របាយការណ៍​របស់​សារព័ត៌មាន Bloomberg បាន​អះ​អាង​ថា​ទូរសព្ទ​របស់ Apple គឺ iPhone ស៊េរី​ថ្មី​ដែល​នឹង​ចេញ​នា​ចុង​ឆ្នាំ ២០១៩ នេះ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ដោយ​ប្រើប្រាស់ Hardware ថ្មី ដែល​ក្នុង​នោះ​ការ​កែ​ប្រែ​កាមេរ៉ា​ និង​រន្ធ​សាក ក៏​នឹង​កើត​មាន​ឡើង​ផង​ដែរ។

ដោយ​លើក​ឡើង​ថា​ខ្លួន​បាន​ទទួល​ព័ត៌មាន​ពី​មនុស្ស​ដែល​ទាក់​ទង​ក្នុង​គម្រោង​ការ​នេះ Bloomberg បាន​ប្រាប់​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រើប្រាស់​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៣ គ្រាប់ ជំនួស​ឲ្យ​កាមេរ៉ា​ភ្លោះ ២ គ្រាប់​ដែល​ខ្លួន​កំពុង​មាន​នា​ពេល​សព្វថ្ងៃ​នេះ។ Lens ទី ៣ ដែល​គេ​នឹង​បំពាក់​ក្នុង iPhone ឆ្នាំ ២០១៩ នេះ អាច​នឹង​ជា​ប្រភេទ Lens ពង្រីក អាច Zoom បាន​ឆ្ងាយ​ល្អ​ដោយ​រក្សា​គុណភាព​រូប មិន​ឲ្យ​បែក ហើយ​វា​ក៏​ថត​បាន​ទូលាយ​ជាង​មុន​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត iPhone ក្នុង​ឆ្នាំ​នេះ ឬ​ក៏ iPhone ២០២០ អាច​នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​ជា​ប្រភេទ 3D ដោយ​ឥឡូវ​នេះ iPhone មាន​បច្ចេកវិទ្យា​នេះ​តែ​លើ​កាមេរ៉ា​ខាង​មុខ​តែ​ប៉ុណ្ណោះ ដែល​វា​ដំណើរ​ការ​ជាមួយ Laser និង Infrared ដែល​មាន Sensor ចាំ​ទទួល​ និង​វិភាគ​ផ្ទៃ​រូបភាព​ជា​ទម្រង់ 3D ដែល​វា​ត្រូវ​បាន​ហៅ​ថា Face ID សម្រាប់​មុខងារ​សុវត្ថិភាព​របស់ iPhone។

ប្រសិន​បើ​កាមេរ៉ា​ខាង​ក្រោយ​របស់ iPhone ជំនាន់​ថ្មី​ឡើង​ដល់ ៣ គ្រាប់ មាន Laser និង​បច្ចេកវិទ្យា 3D នោះ iPhone នឹង​មាន​បច្ចេកវិទ្យា AR ឈាន​មុខ​គេ​បំផុត​ថត​ដោយ​កាមេរ៉ា​ក្រោយ​នេះ។

Apple ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​នឹង​កំពុង​សាក​ល្បង​ទូរសព្ទ​ថ្មី​របស់​ខ្លួន​ជាមួយ​នឹង​រន្ធ​សាក​ប្រភេទ USB-C ផង​ដែរ។ ការ​ផ្លាស់​ប្ដូរ​នេះ នឹង​ក្លាយ​ជា​រឿង​ក៏​ធំ​បំផុត​មួយ​របស់ Apple ដោយ​សារ​តែ iPhone តាំង​ពី​ជំនាន់ iPhone 5 មក​ប្រើប្រាស់​រន្ធ Lightning ហើយ​សូម្បី​តែ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​របស់​ខ្លួន​ដូច​ជា iPad (លើក​លែង iPad Pro ឆ្នាំ ២០១៨) និង AirPods ក៏​ប្រើ​រន្ធ Lightning ចាស់​នេះ​ដែរ។

បើ​សិន​ជា​មាន​ការ​ផ្លាស់​ប្ដូរ​មក​ប្រើ USB-C មែន​នោះ iPhone អាច​នឹង​គាំ​ទ្រ​ជាមួយ​នឹង​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​ច្រើន ក្រៅ​តែ​ពី​ម៉ាក​របស់​ខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុន Apple មិន​បាន​ចេញ​មុខ​មក​បញ្ជាក់​ពី​ពាក្យ​ចចាមអារ៉ាម​នេះ ថា​ពិត​ ឬ​មិន​ពិត​នោះ​ឡើយ។

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រក្សា