ឡាន SUV ចំនួន ១០ កម្លាំងខ្លាំងដាច់គេប្រចាំឆ្នាំ ២០១៩

  • 2019-07-09 03:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​រថយន្ត​ប្រភេទ SUV កម្លាំង​ខ្លាំង​ដាច់​គេ​ទាំង ១០ គិត​ត្រឹម​បច្ចុប្បន្ន​នេះ ភាគ​ច្រើន​គឺ​ជា​រថយន្ត​មក​ពី​ប្រទេស​អាល្លឺម៉ង់។ ចង់​ដឹង​មាន​រថយន្ត​ម៉ូដែល​ណា​ខ្លះ តាម​ដាន​ដូច​ត​ទៅ ៖

  • Rolls-Royce Cullinan កម្លាំង ៥៦៣ សេះ (តម្លៃ ៣២៥ ០០០ ដុល្លារ)

រថយន្ត SUV ដំបូង​របស់ Rolls-Royce មាន​បំពាក់​ដោយ​ម៉ាស៊ីន​ Twin-Turbocharged ចំណុះ ៦,៧៥ លីត្រ មាន​ចំនួន ១២ ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន​ដល់​៥៦៣ សេះ និង​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ ៥,១ វិនាទី។ កម្លាំង​របស់​ Cullinan មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​មែន ប៉ុន្តែ​ប្រណីតភាព​វិញ​គឺ​ដាច់​គេ​តែ​ម្ដង។

  • BMW X6 M កម្លាំង ៥៦៧ សេះ (តម្លៃ ១០៧ ០០០ ដុល្លារ)

ជា​ប្រភេទ​រថយន្ត​កម្លាំង​ដែល​មក​ពី​ផ្នែក M Sport រថយន្ត​ម៉ូដែល X6 M នេះ​ប្រើ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤ លីត្រ មាន ៨ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន​ ៥៦៧ សេះ និង​បង្កើត​សន្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុងពេល ៤,២ វិនាទី។ រថយន្ត​​នេះ​ប្រើ​ប្រេង​សាំង​ជា​មធ្យម ១១,១ លីត្រ /១០០ គ.ម ជា​បរិមាណ​មួយ​តិច​បំផុត​សម្រាប់​រថយន្ត​កម្លាំង​ខ្លាំង។

  • Range Rover Sport SVR កម្លាំង ៥៧៥ សេះ (តម្លៃ ១១៤ ៥០០ ដុល្លារ)

រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រភេទ Supercharged ចំណុះ ៥,០ លីត្រ មាន ៨ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ៥៧៥ សេះ និង​បង្កើន​សន្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៤,៥ វិនាទី។ វា​ជា​រថយន្ត​ Land Rover ដែល​មាន​ល្បឿន​លឿន និង​កម្លាំង​ជាង​គេ អាច​បញ្ចប់​ការ​បើកបរ​នៅ​​កម្មវិធី​ប្រណាំង​​Nurburgring ដោយ​ប្រើ​ពេល​ត្រឹម ៨ នាទី ១៤ វិនាទី។

  • Mercedes-AMG GLS 63 កម្លាំង ៥៧៧ សេះ (តម្លៃ ១២៥ ៣០០ ដុល្លារ)

មិន​ត្រឹម​មាន​ផ្នែក​ខាង​ក្នុង​ពោរពេញ​ដោយ​ប្រណីតភាព​នោះ​ទេ រថយន្ត​ ៧ កៅអី​​របស់ Mercedes-Benz នេះ​ក៏​មាន​កម្លាំង​ខ្លាំង​ក្លា​ផង​ដែរ ដោយ​ទទួល​បាន​កម្លាំង ៥៧៧ សេះ ពី​ម៉ាស៊ីន​ប្រភេទ Twin-Turbo ចំណុះ ៥,៥ លីត្រ មាន ៨ ស៊ីឡាំង ប្រើ​ពេល​តែ ៤,៦ វិនាទី​ អាច​ជាន់​ដល់ ១០០ គ.ម/ម៉។

  • Mercedes-AMG GLE 63 S កម្លាំង ៥៧៧ សេះ (តម្លៃ ១១៤ ០០០ ដុល្លារ)

​វា​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ដូច​ជា​ម៉ូដែល​ខាង​លើ​ដែរ គឺ​ Twin-Turbo ចំណុះ ៥,៥ លីត្រ មាន ៨ ស៊ីឡាំង ប៉ុន្តែ​ដោយ​សារ​មាន​មាឌ​តូច ហេតុ​នេះ​​ទើប​ការ​ជាន់​ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​តែ​ ៤,២ វិនាទី​ប៉ុណ្ណោះ។

  • Mercedes-AMG G63 កម្លាំង ៥៧៧ សេះ (តម្លៃ ១៤៨ ៥០០ ដុល្លារ)

G63 AMG ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​​អធិរាជ​​នៃ​ដង​ផ្លូវ ដោយ​សារ​តែ​វា​មាន​សមត្ថភាព​ខ្លាំង​លើ​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ និង​មាន​រូបរាង​អង់អាច​ទៀត​ផង។ ម៉ាស៊ីន​រថយន្ត​នេះ​គឺ​ជា​​ប្រភេទ Twin-Turbo ចំណុះ ៤,០ លីត្រ មាន ៨ ស៊ីឡាំង កម្លាំង ៥៧៧ សេះ អាច​ស្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៤,៤ វិនាទី។

  • Maserati Levante Trofeo កម្លាំង ៥៨២ សេះ (តម្លៃ ១៧១ ៥០០ ដុល្លារ)

មិន​ត្រឹម​តែ​ជា​ម៉ូដែល​ខ្លាំង​ជាង​គេ​ក្នុង​ត្រកូល Levante នោះ​ទេ ម៉ូដែល Trofeo នេះ​ក៏​ជា​រថយន្ត​កម្លាំង​ខ្លាំង​ជាង​គេ​ដែល​ Maserati ​ផលិត​បាន​ផង​ដែរ។ នេះ​ក៏​ដោយ​សារ​វា​មាន​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ចំនួន ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៥៨២ សេះ និង​ស្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៤,១ វិនាទី។

  • Bentley Bentayga Speed កម្លាំង ៦២៦ សេះ (តម្លៃ ២៦០ ០០០ ដុល្លារ)

Bentayga Speed គឺ​ជា​សមាជិក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​គ្រួសារ​ Bentayga ជា​មួយ​ម៉ាស៊ីន​ Twin-Turbo ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំង ផលិត​កម្លាំង​បាន ៦២៦ សេះ។ ស្ទុះ​ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​តែ ៣,៦ វិនាទី និង​មាន​ល្បឿន​អតិបរមា ៣០៥,៨ គ.ម/ម៉ ក្លាយ​ជា​រថយន្ត​ SUV ផលិត​លក់​លើ​ទីផ្សារ​ដែល​ល្បឿន​លឿន​ជាង​គេ។

  • Lamborghini Urus កម្លាំង ៦៤១ សេះ (តម្លៃ ២០០ ០០០ ដុល្លារ)

ម៉ូដែល Urus នេះ​ធ្លាប់​ឈរ​លើ​តំណែង​កំពូល​ខាង​ផ្នែក​ល្បឿន​ជា​មួយ​កំណត់​ត្រា ៣០៤,៩ គ.ម/ម៉ មុន​ត្រូវ​​ Bentley Bentayga Speed ដណ្ដើម​តំណែង​បាន។ រថយន្ត​​គោ​ជល់​នេះ​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ចំនួន ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន ៦៤១ សេះ។

  • Jeep Grand Cherokee Trackhawk កម្លាំង ៧០៧ សេះ (តម្លៃ ៨៨ ២០០ ដុល្លារ)

អាមេរិក​មាន​អ្នក​តំណាង​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​បញ្ជី​នេះ គឺ​​រថយន្ត​​ Jeep Grand Cherokee Trackhawk ឈរ​នៅ​តំណែង​កំពូល ជា​មួយ​កម្លាំង ៧០៧ សេះ ដែល​ផលិត​ដោយ​ម៉ាស៊ីន Hellcat Supercharged ចំណុះ ៦,២ លីត្រ ចំនួន ៨ ស៊ីឡាំង។ វា​មាន​ទម្ងន់ ២ ៤០៤ គីឡូក្រាម និង​ប្រើ​ពេល ៣,៥ វិនាទី​​ដើម្បី​ស្ទុះ​ដល់ ១០០ គ.ម/ម៉៕​​

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង