ឡានធម្មតាមួយផលិតចំណាយតែប៉ុន្មានម៉ោងទេ ប៉ុន្តែ Rolls-Royce វិញរាប់ខែ
- 2019-07-09 04:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានធម្មតាមួយផលិតចំណាយតែប៉ុន្មានម៉ោងទេ ប៉ុន្តែ Rolls-Royce វិញរាប់ខែ
ចន្លោះមិនឃើញ
ដើម្បីផលិតរថយន្តបានមួយគ្រឿងដូចជារថយន្តម៉ាក Toyota ជាដើមគឺត្រូវប្រើពេលប្រមាណ ១៣ ម៉ោងប៉ុណ្ណោះ។ ដោយឡែកចំពោះរថយន្ត Rolls-Royce វិញទម្រាំផលិតបានមួយគ្រឿងៗប្រើពេលរាប់ខែឯណោះ។
ចម្លើយដ៏ខ្លីសម្រាប់សំនួរថាហេតុអ្វីបានជាផលិត Rolls-Royce ប្រើពេលយូរដល់រាប់ខែ នេះក៏ព្រោះថាស្ទើរតែកិច្ចការទាំងអស់ធ្វើឡើងដោយដៃមនុស្សសុទ្ធសាធ។ កិច្ចការមួយដែលគេប្រើរ៉ូបូតជំនួសឲ្យដៃមនុស្សនោះគឺការលាបថ្នាំរថយន្ត ព្រោះរ៉ូបូតអាចលាបថ្នាំបានស្មើសាច់ជាង។
យ៉ាងណាក្ដីចំពោះកិច្ចការភាគច្រើនចាប់ពីការដុសខាត់ផ្នែកខាងក្រៅដែលលាបថ្នាំរួច, ការដុសខាត់ផ្នែកឈើខាងក្នុងរថយន្ត និង កិច្ចការជាច្រើនទៀតសុទ្ធតែជាស្នាដៃរបស់មនុស្សពិតៗ។ ដើម្បីមានជំនាញច្បាស់លាស់ខាងផ្នែកផលិតនេះ ម្នាក់ៗត្រូវចំណាយពេលលើការអនុវត្តជាមធ្យម ៣ ឆ្នាំ។
ចំពោះរយៈពេលដែលចំណាយលើការផលិតរថយន្ត Rolls-Royce មួយបានគឺមានពេលខុសគ្នាពីមួយគ្រឿងទៅមួយគ្រឿង។ នេះក៏ព្រោះតែអតិថិជនដែលកុម្ម៉ង់ទិញរថយន្ត Rolls-Royce មួយគ្រឿងៗអាចជ្រើសរើសការរចនា ឬ ចំណុចពិសេសតាមចិត្តចង់បាន។ ដូចនេះបើរថយន្តកាន់តែពិសេសចំណាយការផលិតកាន់តែយូរ។
ជាទូទៅរថយន្ត Rolls-Royce ដែលមានចំណុចពិសេសតិចតួចបំផុតប្រើពេលផលិតប្រហែល ៣ ខែកន្លះ។ នៅពេលដែលបូកបន្ថែមលើការដឹកជញ្ជូនដែលចំណាយពេលពី ៧ – ១០ ថ្ងៃ, មួយសប្ដាហ៍បន្ថែមសម្រាប់ការតេស្តគុណភាពពីខាងផ្នែកលក់ រួមទាំងពេលប៉ុន្មានថ្ងៃបន្ថែមទៀតលើការដឹកជញ្ជូនឲ្យអតិថិជន ពេលសរុបអាចឡើងដល់ ៤ ខែ។
ការដែលរថយន្ត Rolls-Royce ផលិតឡើងដោយស្នាដៃមនុស្សពិតៗ មិនដូចក្រុមហ៊ុនរថយន្តដទៃដែលផលិតដោយប្រើរ៉ូបូតនេះហើយ ជាចំណុចមួយដែលធ្វើឲ្យរថយន្តនេះមានតម្លៃថ្លៃកប់ពពក៕
ចុចអាន៖
ញាក់សាច់! អង់គ្លេសមានសេវាជួល Rolls-Royce ជិះមួយម៉ោង ២១៥ ដុល្លារ
Rolls-Royce យករថយន្តអតីតតារាចម្រៀងដ៏ល្បីបង្ហាញជាសាធារណៈនៅអង់គ្លេស