នៅលើ Laptop ចាំបាច់ត្រូវតែរកអ្វីបិទបាំងកាមេរ៉ា Webcam ឬអត់?

  • 2019-07-16 01:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់កុំព្យូទ័រយួរដៃសេរ៊ីទំនើបរាល់ម៉ូឌែល សុទ្ធសឹងមានបំពាក់កាមេរ៉ា Webcam មកស្រាប់ ងាយស្រួលក្នុងការឆ្លើយឆ្លង Video Call ជាមួយនរណាម្នាក់មិនខុសពីស្មាតហ្វូននោះឡើយ។ តើកូនកាមេរ៉ាតូចមួយគ្រាប់នោះ អាចបង្កផលប៉ះពាល់នូវឯកជនភាពរបស់អ្នកដែរឬទេ?

គ្រប់គ្នាបានចាប់អារម្មណ៍លើប្រធានបទនេះខ្លាំង ខណៈកាលពីប៉ុន្មានឆ្នាំមុនរូបមួយសន្លឹករបស់លោក Mark Zuckerberg ដែលថតជាប់ទីតាំងតុការិយាល័យរបស់លោក គេឃើញមានកុំព្យូទ័រដែលស្ថាបនិករូបនេះប្រើប្រាស់មានបិទស្កុតលើផ្នែកកាមេរ៉ា Webcam ហើយបង្កើតជាចម្ងល់និងការព្រួយបារម្ភខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ទូទៅចាប់តាំងពីពេលនោះមក។

+តើ Webcam ធ្លាប់បង្កើតបញ្ហាដល់អ្នកប្រើដែរទេ?

ចម្លើយគឺពិតជាអាចទៅរួច ដោយ Hacker អាចប្រើប្រាស់មធ្យោបាយពីរ មួយតាមរយៈការបញ្ជាដោយដំណើរការ RATs និងទីពីរលុកលុយចូលបញ្ជាដំណើរការកាមេរ៉ារបស់អ្នកតាមរយៈ Virus ដែលបង្កប់ក្នុង Software ណាមួយដែលដាក់ឲ្យទាញយក។

ជនរងគ្រោះដែលជាបវរកញ្ញា Miss Teen USA មួយរូបឈ្មោះ Cassidy Wolf ធ្លាប់ប្រទះបញ្ហានេះ ដោយ Hacker បានលួចថតយករូបភាពរបស់នាងដោយសម្ងាត់ ហើយមិនឲ្យលោតសូម្បីតែភ្លើងនៅពេលបើកឲ្យកាមេរ៉ាដំណើរការ។ ក្រោយមក Hacker បានគំរាមដល់នារីរូបនេះ នៅតម្រូវការដែលពួកគេចង់បានជាថ្នូរលើការមិនចែកចាយរូបភាពនោះទៅលើប្រព័ន្ធអ៊ីនធឺណិត។

+ចុះអ្នកគួរបិទបាំង Webcam លើ Laptop ដែរទេ?

តាមការណែនាំពីអ្នកជំនាញ និយាយឲ្យស្រួលស្តាប់គឺអ្នកគួរតែធ្វើ ដោយវាមិនទាមទារពេលវេលាយូរឬរបស់របរណាវែងឆ្ងាយនោះឡើយ។ ដោយត្រឹមកូនស្កុតឬក្រដាស Note មានសារធាតុស្អិត មកបិទជាប់លើទីតាំងកាមេរ៉ា Webcam ជាការស្រេច។ នេះជាការផ្តល់ទំនុកចិត្តនិងការយល់ឃើញដ៏ល្អមួយពីអ្នកជំនាញ ដែលអ្នករាល់គ្នាមិនគួររំលង៕

អានអត្ថបទ:

ប្រភព៖ Cyclonis | Southern Phone   ប្រែ​សម្រួល៖ កៅ រក្សា