តោះ! ទៅ​មើល​ម្ចាស់​ពាន​រង្វាន់ The Voice ទាំង​ពី​រដូវ​កាល​​​របស់​ថៃ​វិញ​ម្ដង

  • 2014-11-18 17:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រលង​ចម្រៀង The Voice Cambodia ទើប​បញ្ចប់​រដូវ​កាល​ទី១​ របស់​ខ្លួន ក្រោយ​ពី​បេក្ខភាព ៤​រូប បាន​ប្រកួត​ប្រជែង​សំឡេង​គ្នា​យ៉ាង​ស្វិតស្វាញ​ក្នុង​ជុំ​ផ្ដាច់​ព្រ័ត្រ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ចុង​បញ្ចប់​ បេក្ខជន​មក​ពី​ខេត្ត​កំពង់ស្ពឺ ប៊ុត សីហា គឺ​ជា​ម្ចាស់​ជយលាភី​រដូវ​កាល​ដំបូង ក្រោយ​មាន​​ការ​បោះ​ឆ្នោត​គាំ​ទ្រ​ច្រើន​ជាង​គេ។ ឥឡូវ​នេះ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត ទៅ​មើល​ម្ចាស់​ជយលាភី The Voice Thailand ម្ដង ដែល​រហូត​មក​ដល់​ពេល​នេះ បាន​បញ្ចប់​ទៅ​ពីរ​រដូវ​កាល​ហើយ។

 

១. រដូវ​កាល​ទី១ (ម្ចាស់​ជយលាភី Thanon Chamroen)

 

រូបកណ្តាលគេ គឺ​ជាម្ចាស់​ពាន​រង្វាន់ The Voice Thailand រដូវ​កាល​ទី​១

 

កម្មវិធី The Voice Thailand រដូវ​កាល​ទី១ បាន​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ Channel 3 តាំង​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១២ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​ដដែល។ ម្ចាស់​ជយលាភី​រដូវ​កាល​ដំបូង គឺ​បេក្ខជន​ជា​សិស្ស​មក​ពី​ខេត្ត​ភូកេត Thanon Chamroen។ នៅ​វគ្គ​ដំបូង​គេ “The Blind Audition” បេក្ខភាព​វ័យ ១៦​ឆ្នាំ​នេះ ទទួល​បាន​ការ​បង្វិល​កៅអី​ពី​សំណាក់ coach តែ​ម្នាក់​គត់។ ទោះ​យ៉ាង​ណា ចាប់​តាំង​ពី​ពេល​នោះ​មក Chamroen បាន​ហ្វឹក​ហាត់​បង្កើន​សមត្ថភាព រហូត​ឈាន​ដល់​វគ្គ​ចុង​ក្រោយ។

 

នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ Chamroen បាន​បក​ស្រាយ​បទ​ញាក់​ក្នុង​ពេល​ច្រៀង​ទោល ដែល​អង្រួន​ចិត្ត​ប្រិយមិត្ត​ឲ្យ​សប្បាយ​រីករាយ​ទៅតាម​ចង្វាក់​ភ្លេង។ បន្ទាប់​ពី​ការ​បោះ​ឆ្នោត តាមរយៈ​ការ​ផ្ញើ​សារ និង​ដោនឡូត​បទ​ចម្រៀង លទ្ធផល​ចុង​ក្រោយ​បង្ហាញ​ថា Chamroen បាន​យក​ឈ្នះ​សំឡេង​ឆ្នោត​គូ​ប្រជែង ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ The Voice Thailand រដូវ​កាល​ទី​១។

 

​ក្នុង​នាម​ជា​ម្ចាស់​ជយលាភី Thanon Chamroen បាន​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជា​លុយ​សុទ្ធ ១​លាន​បាត (ប្រហែល ៣០៥០០​ដុល្លារ) និង​រថយន្ត Toyota Prius មួយ​គ្រឿង ព្រម​ទាំង​ចុះ​កុង​ត្រា​ថត​បទ​ចម្រៀង ៣​ឆ្នាំ ដែល​នឹង​​ទទួល​បាន​ប្រាក់​ចំណូល ៤,៥​លាន​បាត​បន្ថែម​ទៀត។ ​

 

សូម​ទស្សនា​បទ​ចម្រៀង ដែល​ម្ចាស់​ជយលាភី​លើក​យក​មក​បក​ស្រាយ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ៖

 

http://youtu.be/b4YXgmCas7Q

 

១. រដូវ​កាល​ទី២ (ម្ចាស់​ជយលាភី Songkran Rangsan)

 

 រូបកណ្តាលគេ គឺ​ជាម្ចាស់​ពាន​រង្វាន់ The Voice Thailand រដូវ​កាល​ទី​២

 

កម្មវិធី The Voice Thailand រដូវ​កាល​ទី២ បាន​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ Channel 3 តាំង​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៣ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​ដដែល។ ម្ចាស់​ជយលាភី​រដូវ​កាល​ទី​២ គឺ​បេក្ខជន​មក​ពី​ខេត្ត​នគររាជ​សីមា Songkran Rangsan។

 

នៅ​វគ្គ​ដំបូង​គេ “The Blind Audition” បេក្ខភាព​វ័យ ២៣​ឆ្នាំ​នេះ ទទួល​បាន​ការ​បង្វិល​កៅអី​ពី​សំណាក់ coach តែ​ម្នាក់​គត់​ដូច​ម្ចាស់​ជយលាភី​រដូវ​កាល​ទី១ ដែរ។ ទោះ​យ៉ាង​ណា ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​ជាប់​ជា​បន្តបន្ទាប់​រហូត​ដល់​វគ្គ​ចុង​ក្រោយ។

 

នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ បេក្ខជន​អតីត​ជា​អ្នក​លក់​ប្រហិត​ចៀន បាន​បក​ស្រាយ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា ដាក់​អារម្មណ៍​ជ្រាល​ជ្រៅ​ស្រែក​បាន​យ៉ាង​ល្អ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ទះ​ដៃ​​អបអរ​សាទរ។ បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត ដែល​មាន​លក្ខន្តិកៈ​ដូច​រដូវ​កាល​ទី១ លោក Rangsan ក៏​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ The Voice Thailand រដូវ​កាល​ទី២។

 

ក្នុង​នាម​ជា​ម្ចាស់​ជយលាភី​រដូវ​កាល​ទី ២ លោក Rangsan ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​លុយ​សុទ្ធ ១​លាន​បាត(ប្រហែល ៣០៥០០​ដុល្លារ) និង​រថយន្ត Toyota Prius មួយ​គ្រឿង ព្រម​ទាំង​ចុះ​កុង​ត្រា​ថត​បទ​ចម្រៀង ៣​ឆ្នាំ ដែល​នឹង​​ទទួល​បាន​ប្រាក់​ចំណូល ៤,៥​លាន​បាត​បន្ថែម​ទៀត ដូច​ម្ចាស់​ជយលាភី​រដូវ​កាល​ទី១ ដែរ។ ​​

 

សូម​ទស្សនា​បទ​ចម្រៀង ដែល​ម្ចាស់​ជយលាភី​លើក​យក​មក​បក​ស្រាយ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ៖

 

http://youtu.be/OStVONpb7_8

 

ចុចអាន៖ កម្មវិធី The Voice នៅ​អាស៊ាន មាន​ក្នុង​ប្រទេស​ណា​ខ្លះ?

 

ប្រភព៖ nationmultimedia, bangkok.coconuts, thevoicethailand

ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម