រុស្ស៊ីប្រើធម៌ក្ដៅចាប់ខ្លួនបាតុករជាង ១ពាន់នាក់ ដែលតវ៉ាប្រឆាំងនឹងការបោះឆ្នោត
- 2019-07-28 03:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីប្រើធម៌ក្ដៅចាប់ខ្លួនបាតុករជាង ១ពាន់នាក់ ដែលតវ៉ាប្រឆាំងនឹងការបោះឆ្នោត
ចន្លោះមិនឃើញ
ប៉ូលិសរុស្ស៊ីកាលពីថ្ងៃសៅរ៍បានបង្ក្រាបលើពួកបាតុករយ៉ាងចាស់ដៃនៅកណ្តាលក្រុងមូស្គូ ដោយបានវាយមនុស្សខ្លះនិងចាប់ខ្លួនអ្នកប្រឆាំងតវ៉ាដល់ទៅជាង១.០០០នាក់ដោយសារពួកគេជួបជុំតវ៉ាប្រឆាំងនឹងការផាត់ចេញបេក្ខជនប្រឆាំងពីការបោះឆ្នោតក្រុមប្រឹក្សាក្រុងមូស្គូ។
ប៉ូលិសបានក៏បានសំរុកចូលស្ថានីយទូរទស្សន៍មួយដែលកំពុងផ្សាយហេតុការណ៍តវ៉ាប្រឆាំងនិងការបង្ក្រាបពីសំណាក់ប៉ូលិស។ ប៉ូលិសបានប្រវាយប្រតប់ជាមួយអ្នកប្រឆាំងតវ៉ា នៅជុំវិញការិយាល័យអភិបាលក្រុង ដោយខ្លះស្ទុះសំដៅទៅហ្វូងមនុស្សជាមួយដៃកាន់ដំបង។បណ្តាទីភ្នាក់ងារសារព័ត៌មានរដ្ឋ រួមមាន Tass និង RIA-Novosti បានរាយការណ៍តាមប៉ូលិសដែលថា មនុស្ស១.០៧៤នាក់ត្រូវបានចាប់ឃាត់ខ្លួនក្នុងការប្រឆាំងតវ៉ាអស់ពេលប្រមាណ៧ម៉ោង។
ក្រៅពីចាប់ខ្លួនបាតុករក្មេងៗភាគច្រើន សកម្មជនប្រឆាំងជាច្រើនដែលចង់ឈរឈ្មោះសំរាប់ក្រុមប្រឹក្សាក្រុងក៏ត្រូវបានចាប់ខ្លួននៅទូទាំងទីក្រុងមុនការប្រឆាំងតវ៉ាចាប់ផ្តើម។Alexei Navalny មេដឹកនាំប្រឆាំងដ៏លេចធ្លោរបស់រុស្ស៊ី ត្រូវបានកាត់ទោសកាលពីថ្ងៃពុធអោយជាប់គុក៣០ថ្ងៃ ដោយសារតែលោកបានអំពាវនាវអោយមានបាតុកម្មគ្មានការអនុញ្ញាត។ ក្រុមប្រឹក្សាក្រុង ដែលមានអាសនៈ៤៥ ទទួលខុសត្រូវសំរាប់ថវិកាក្រុងដ៏ច្រើនសន្ធឹក និងឥឡូវវាត្រូវគ្រប់គ្រងដោយគណបក្សកាន់អំណាច។អាសនៈទាំងអស់នៃក្រុមប្រឹក្សានេះ ត្រូវដាក់អោយបោះឆ្នោតនៅថ្ងៃ៨កញ្ញា សំរាប់អាណត្តិ៥ឆ្នាំ។
អាជ្ញាធរបោះឆ្នោតបានហាមឃាត់បេក្ខជនប្រឆាំងខ្លះមិនអោយឈរឈ្មោះសំរាប់ការបោះឆ្នោតនេះដោយសំអាងថាពួកគេមិនប្រមូលបានហត្ថលេខាគ្រប់គ្រាន់សំរាប់ការតែងតាំងពួកគេជាបេក្ខជន ជាហេតុនាំអោយផ្ទុះការតវ៉ាប្រឆាំងអស់ពេលជាច្រើនថ្ងៃមកហើយ មុនការប៉ះទង្គិចកាលពីថ្ងៃសៅរ៍៕