ក្រោយ Apple ចាយអស់ ១ ពាន់លានដុល្លារ iPhone ស៊េរី ២០២០ អាចនឹងមាន 5G ទាំងអស់

  • 2019-07-29 02:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ខែ​មិថុនា អ្នក​វិភាគ​ល្បី​ឈ្មោះ Ming-Chi Kuo បាន​និយាយ​ថា​ Apple អាច​នឹង​ប្រកាស​ចេញ​ iPhone ចំនួន​បី​ម៉ូដែល​នៅ​ឆ្នាំ ២០២០ ដែល​មាន​ពីរ​ម៉ូដែល​អាច​ទ្រាំទ្រ​​ប្រព័ន្ធ 5G។

នៅ​ពេល​នេះ​ អ្នក​វិភាគ​ខាង​លើ​បាន​ចេញ​ផ្សាយ​កំណត់​ត្រា​ថ្មី​និយាយ​​ថា iPhone ឆ្នាំ ២០២០ ទាំង​បី​នឹង​អាច​ទ្រាំទ្រ​ប្រព័ន្ធ 5G បាន​ទាំង​អស់។ iPhone ឆ្នាំ ២០២០ ក៏​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ច្រើន​​ផង​ដែរ បើ​ប្រៀប​នឹង​បច្ចុប្បន្ន ដោយ​មាន​ទំហំ​អេក្រង់ ៦,៧ អ៊ីញ ៥,៤ អ៊ីញ និង ៦,១ អ៊ីញ។

លោក Kuo និយាយ​ថា​ការ​ទិញ​យក​ជំនួញ​ផលិត Modem របស់ Intel មាន​ន័យ​ថា Apple មាន​ធនធាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​ទ្រាំទ្រ​ការ​បំពាក់​ប្រព័ន្ធ 5G លើ iPhone ច្រើន​ម៉ូដែល​បាន​លឿន​ជាង​មុន។ 5G គឺ​ជា​មុខងារ​ដែល iPhone ​ត្រូវ​មាន​មួយ ដោយ​សារ​នៅ​ ៦ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០ ​រំពឹង​ថា​នឹង​លេច​វត្តមាន​​ស្មាតហ្វូន Android 5G តម្លៃ ៣៥០ ដុល្លារ ហើយ Apple ត្រូវ​តែ​ធ្វើ​ការ​ប្រកួត​ប្រជែង។

iPhone ច្បាស់​ជា​នឹង​មាន​តម្លៃ​ខ្ពស់​ ហើយ​ការ​បន្ថែម​ប្រព័ន្ធ 5G នឹង​អាច​ជា​ចំណុច​ទាក់ទាញ​សំខាន់​ឲ្យ​អតិថិជន​ពិចារណា។ iPhone ឆ្នាំ ២០២០ ក៏​រំពឹង​ថា​នឹង​ប្រើ​អេក្រង់ OLED ទាំង​បី​ម៉ូដែល​តែ​ម្ដង មិន​ដូច​ iPhone ឆ្នាំ ២០១៨ និង ២០១៩ ដែល​មាន​មួយ​ម៉ូដែល​​នៅ​ប្រើ​អេក្រង់ LCD នៅ​ឡើយ៕​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម