ក្រុមហ៊ុនរថយន្តធំជាងគេរបស់ចិន គ្រោងបើករោងចក្រផលិតនៅវៀតណាម
- 2019-07-31 02:36:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរថយន្តធំជាងគេរបស់ចិន គ្រោងបើករោងចក្រផលិតនៅវៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តធំជាងគេរបស់ចិន SAIC និងក្រុមហ៊ុនរថយន្ត Tan Chong Group របស់ម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងអនុសារណៈយោគយល់ដើម្បីពង្រីកជំនួញរបស់ខ្លួនក្នុងប្រទេសវៀតណាម។ ជាក់ស្ដែងទៅ ភាគីទាំងពីរចង់សហការគ្នាចែកចាយ, ជួញដូរ និងនាំចូលរថយន្ត រួមទាំងមានបំណងសង់រោងចក្រផលិតរថយន្តនៅវៀតណាម នាពេលខាងមុខទៀតផង។
អ្នកតំណាងក្រុមហ៊ុន Tan Chong បាននិយាយថា ៖ "ផែនការបានចាប់ផ្ដើមក្លាយជាការពិតហើយ។ Tan Chong មានឱកាសពង្រីកមុខជំនួញរបស់ខ្លួន នៅក្នុងសហគ្រាសយានយន្តវៀតណាម”។
ពេលនេះមិនទាន់មានដំណឹងថារថយន្តរបស់ក្រុមហ៊ុន SAIC ម៉ូដែលណាមួយ ទំនងជាត្រូវលក់ និងចែកចាយដោយ Tan Chong នោះទេ។ គួរដឹងថា SAIC កាន់កាប់នូវម៉ាករថយន្តជាច្រើនដូចជា Maxus, MG និង Roewe ជាដើម។
SAIC អាចរករថយន្តបានចំនួន ៧,០៥ លានគ្រឿងនៅឆ្នាំ ២០១៨ ដែលអាចគ្រងតំណែងជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកធំជាងគេនៅចិន។ រថយន្តដែលលក់បាននៅចិនក្នុងឆ្នាំ ២០១៨ មានប្រមាណ ២៨ លានគ្រឿង។
ក្រៅពីមានរោងចក្រចំនួន ៦ នៅចិនដីគោក SAIC ក៏មានរោងចក្រផលិតនៅចក្រភពអង់គ្លេស ថៃ និងឥណ្ឌា។ ក្រុមហ៊ុននេះក៏មានសហការគ្នាជាមួយ General Motors (អាមេរិក) និង Volkswagen AG (អាល្លឺម៉ង់) ផលិតរថយន្តលក់នៅចិនផងដែរ។
ចំណែក Tan Chong វិញគឺជាក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលនៅម៉ាឡេស៊ី ធ្វើប្រតិបត្តិការផ្នែកផលិតយានយន្ត, ចែកចាយរថយន្ត និងជួញដូររថយន្ត។ ក្រុមហ៊ុននេះមានរោងចក្រផលិតនៅវៀតណាម ថៃ និងមីយ៉ាន់ម៉ា រួមទាំងទទួលបានសិទ្ធចែកចាយរថយន្តនៅប្រទេសឡាវ និងកម្ពុជាផងដែរ៕
ចុចអាន៖