ចំណូល Huawei កើនឡើង ២៣% ទោះ​​បី​ត្រូវ​អាមេរិក​ក្រឡុកមួយភ្លែត

  • 2019-07-31 03:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei អាច​រក​ចំណូល​បាន​ ៣២,២ ពាន់​លាន​ដុល្លារ នៅ​​ចន្លោះ​ខែ​មេសា ដល់​មិថុនា ដែល​មាន​ការ​កើន​ឡើង​ ២៣% ធៀប​នឹង​ត្រីមាស​​ដដែល​ឆ្នាំ​មុន​ ទោះ​បី​ជា​​ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​មួយ​រយៈ​ កាត់​ផ្ដាច់​មិន​ឲ្យ​រក​ស៊ី​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ក្ដី។

គិត​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ Huawei អាច​លក់​ស្មាតហ្វូន​បាន​ ១១៨ លាន​គ្រឿង ដែល​មាន​ការ​កើន​ឡើង ២៤% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ មុន​ជំនួញ​ផលិតផល​អេឡិចត្រូនិក​របស់ Huawei អាច​រក​ចំណូល​បាន​ ៣២,១ ពាន់​លាន​ដុល្លារ​ ចំណែក​ជំនួញ​ទូរគមនាគមន៍​អាច​រក​ចំណូល​បាន​ ២១,៣ ពាន់លាន​ដុល្លារ នៅ​រយៈពេល ៦ ខែ​ដើម​ឆ្នាំ ២០១៩ នេះ។

តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង ស្រប​ពេល​ដែល​ក្រុមហ៊ុន​វិភាគ​ទីផ្សារ Canalys បាន​ចេញ​ផ្សាយ​របាយការណ៍​ដែល​បង្ហាញ​ថា​ Huawei បាន​ពង្រីក​អំណាច​របស់​ខ្លួន​​នៅ​ទីផ្សារ​ប្រទេស​ចិន​​នា​ត្រីមាស​ទី ២។ ទោះ​បី​ជា​ទីផ្សារ​ស្មាតហ្វូន​នៅ​ចិន​ធ្លាក់​ចុះ ៦% មែន ប៉ុន្តែ​ចំនួន​លក់​ និង​ទំហំ​ទីផ្សារ Huawei មាន​ការ​កើន​ឡើង ៣១% ឯណោះ៕​​​​​​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង