មិន​ចង់​ខាត​ច្រើន​ពេល​លក់​ទូរសព្ទ​ចេញ កុំ​រំលង ៦ ចំណុច​នេះ​ឲ្យ​សោះ

  • 2019-08-05 01:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​គ្រប់​អតិថិជន​ទាំង​អស់​នៅ​ពេល​យក​ទូរសព្ទ​ទៅ​លក់​ក្នុង​គោលបំណង​ណា​មួយ​ឬ​ចង់​វ៉ៃ​ចេញ​ឡើង​សេរ៊ី ពិត​ណាស់​ប្រាកដ​ជា​ចង់​ទទួល​បាន​នូវ​តម្លៃ​ថ្លៃ​ពី​អ្នក​ទិញ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ច្រើន​តែ​រំលង​នូវ​ចំណុច​ខ្វះ​ខាត ងាយ​ស្រួល​ឲ្យ​អ្នក​ទិញ​បន្ទាប​តម្លៃ​ទូរសព្ទ​ទាំង​នោះ។

Sabay ណែនាំ ៦ ចំណុច ​ពិសេស​សម្រាប់​អ្នក​ទិញ​ទូរសព្ទ​ថ្មីថ្មោង​គួរ​ស្វែងយល់ ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មិន​សូវ​ខាត​ច្រើន​នៅ​ពេល​មាន​បំណង​ចង់​លក់​ចេញ​ក្នុង​ថ្ងៃ​ខាង​មុខ៖

គួរ​ប្រើប្រាស់ Case

មុន​ចាប់​ប្រើប្រាស់​ស្មាតហ្វូន​ដែល​អ្នក​បាន​ទិញ​ថ្មី គួរ​លៃលក​ទិញ​សំបក​ការពារ (Case) ​ដែល​អាច​ការពារ​គែម​ព័ទ្ធ​ជុំវិញ​តួ​ម៉ាស៊ីន​កុំ​ឲ្យ​ឆ្កូត​ឬ​ជាប់​ស្នាម​មិន​ល្អ​ណា​មួយ ហើយ​ប្រសិន​អាច​មាន​ថវិកា​គ្រប់គ្រាន់​ទិញ​ដល់ Case ការពារ​ធ្លាក់​ទៀត​នោះ​គឺ​កាន់​តែ​ល្អ។

ត្រូវ​បិទ Screen ការពារ

Screen ការពារ​គឺ​ជា​ផ្នែក​សំខាន់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​រូប​ដែល​មិន​ត្រូវ​រំលង ត្បិត​អី​ក្រុមហ៊ុន​កំពូល​ភាគ​ច្រើន​តែង​បង្អួត​ដល់​គុណភាព​អេក្រង់​ស្មាតហ្វូន​ពួក​គេ​ថា​មាន​ភាព​រឹងមាំ​កម្រិត​ណា​ក៏​ដោយ។ ជា​ធម្មតា​អ្នក​មិន​អាច​ជៀស​ផុត​ពី​ភាព​ឆ្កូត​ជាមួយ​សោ​ផ្ទះ ឬ​សោ​រថយន្ត និង​របស់របរ​ណា​មួយ​ដោយ​ចៃដន្យ។ ចំណុច​ផ្នែក​អេក្រង់​គឺ​សំខាន់​បំផុត​ដែល​អ្នក​ទិញ​តែងតែ​មើល ​មុន​ឲ្យ​តម្លៃ​ម៉ាស៊ីន​របស់​អ្នក។

ត្រូវ​នាំ​យក​ប្រអប់​និង​គ្រឿង​សាក​ផ្សេងៗ​ទៅ​ជាមួយ

ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ទិញ​ទុក​ចិត្ត​លើ​អ្នក​ខ្លាំង​បំផុត នៅ​ពេល​អ្នក​បាន​នាំ​យក​ប្រអប់​គ្រប់​គ្រឿង​មិន​ថា​ឆ្នាំង​សាក កាស​ទៅ​ជាមួយ ហើយ​បើ​គ្រឿង​ទាំង​នោះ​សុទ្ធ​តែ Original ទៀត​នោះ អ្នក​ទិញ​ក៏​មិន​ខ្លាច​នឹង​ឲ្យ​ថ្លៃ​នោះ​ដែរ។

ជូត​សម្អាត​ឲ្យ​បាន​ល្អ

មិន​ថា​ផ្នែក​តួ​ម៉ាស៊ីន អេក្រង់ ឬ​ប្រអប់​គ្រឿង​អ្វី​ទាំង​អស់ អ្នក​គួរ​ប្រើប្រាស់​កូន​ក្រណាត់​តូចៗ​ជូត​សម្អាត​ឲ្យ​បាន​ស្អាត បញ្ចៀស​នូវ​ធូលី​ដី​ឬ​ស្នាម​កខ្វក់​ដើម្បី​ទាក់​ចិត្ត​អ្នក​ទិញ​មួយ​ផ្នែក​ធំ​ផ្សេង​ទៀត។

ជួសជុល​ជា​មុន​ក្នុង​ករណី​ចាំ​បាច់

ប្រសិន​ដឹង​ថា​ផ្នែក​ណា​មួយ​មាន​បញ្ហា​ហើយ សោត​យ៉ាង​ដូច​ជា​ថ្ម​មិន​កាន់ ឧបករណ៍​សំឡេង​ខូច ឬ​ផ្នែក​ណា​ផ្សេង​ទៀត អ្នក​ផ្ទាល់​គួរ​យក​ទៅ​ជួសជុល​ដោយ​ខ្លួន​ឯង​ឲ្យ​ស្អាត​រួច​ស្រេច សឹម​យក​មក​លក់។ ចំណុច​នេះ​ប្រសិន​អ្នក​យក​ម៉ាស៊ីន​ទាំង​មាន​បញ្ហា​ទៅ​លក់​ឲ្យ​នរណា​ម្នាក់ នោះ​គេ​នឹង​ឆាប់​បន្ទាប​តម្លៃ ហើយ​ប្រភេទ​ម៉ាស៊ីន​នេះ​ក៏​ពិបាក​រក​ម្ចាស់​ថ្មី​ផង​ដែរ។

Reset ម៉ាស៊ីន​ថ្មី

ម៉ាស៊ីន​ប្រើ​យូរ​មិន​ធ្លាប់​បាន​ Reset ​ប្រាកដ​ជា​មាន​ដំណើរការ​យឺត បែប​នេះ​អ្នក​គួរ​ Reset ចោល​មុន​យក​ទៅ​លក់​ចេញ ប៉ុន្តែ​ត្រូវ​រក្សា​ទុក​ឯកសារ​មួយ​ចំនួន​ប្រសិន​ជា​ចាំ​បាច់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា