Apple មិនដំឡើងថ្លៃ iPhone ហើយបណ្ដាក់ទុនការផលិត iPhone នៅវៀតណាមជំនួស

  • 2019-08-06 02:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​ល្បី​ឈ្មោះ Ming-Chi Kuo បាន​បញ្ចេញ​កំណត់ត្រា​សំខាន់​ថ្មី ដែល​និយាយ​អំពី​សង្វាក់​ផលិតកម្ម​ Apple និង​ការ​ជះ​ឥទ្ធិពល​​ជុំ​វិញ​ការ​ដំឡើង​ពន្ធ​​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ។

កាល​ពី​សប្ដាហ៍​មុន​​ លោក ត្រាំ បាន​ប្រកាស​ថា​សហរដ្ឋអាមេរិក​នឹង​យក​ពន្ធ ១០% លើ​មុខ​ទំនិញ​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា។ ត្បិត​ថា​ពេល​នេះ គេ​មិន​ច្បាស់​ថា​នឹង​មាន​រួម​បញ្ចូល​ផលិតផល Apple ឬ​អត់ ប៉ុន្តែ​អ្នក​វិភាគ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ ហើយ​តម្លៃ​ហ៊ុន​ Apple បាន​ធ្លាក់​ចុះ ក្រោយ​ចេញ​ដំណឹង​នេះ។

មក​ត្រឡប់​មក​លោក Ming-Chi Kuo វិញ លោក​បាន​សរសេរ​ថា​ Apple ទំនង​ជា​បាន​ធ្វើ​ការ​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​កំណត់​ពន្ធ​នេះ ហើយ​លោក​ព្យាករណ៍​ថា​ Apple នឹង​​រ៉ាប់រង​នូវ​​​ផល​ប៉ះពាល់​ពី​ការ​ដាក់​ពន្ធ​នេះ ក្នុង​រយៈពេល​ខ្លី​មួយ។ មាន​ន័យ​ថា​តម្លៃ​នៃ​ផលិតផល​ Apple ​សម្រាប់​លក់​លើ​ទីផ្សារ​អាមេរិក នឹង​មិន​មាន​ការ​​ឡើង​ថ្លៃ​នោះ​ទេ ទោះ​បី​មាន​ការ​យក​ពន្ធ​ក្ដី។

សម្រាប់​រយៈពេល​យូរ​អង្វែង​វិញ អ្នក​វិភាគ​ជើង​ចាស់​រូប​នេះ គិត​ថា​​​សង្វាក់​ផលិតកម្ម​ផលិតផល​ Apple នៅ​​​រោងចក្រ​ក្រៅ​ប្រទេស​ចិន​ អាច​នឹង​បំពេញ​តម្រូវ​ការ​​ដល់​ទីផ្សារ​អាមេរិក​បាន​ ក្នុង​រយៈពេល ២ ឆ្នាំ​បន្ទាប់។ ការ​គិត​នេះ ផ្អែក​លើ​ការ​គួប​ផ្សំ​​នៃ​ "កម្រិត​នៃ​ការ​ផលិត" និង​ទីផ្សារ Apple នៅ​អាមេរិក។ "ប្រសិន​បើ​ទំហំ​ទីផ្សារ Apple នៅ​អាមេរិក​មាន​ការ​ថយ​ចុះ ហើយ​ចំនួន​ផលិត​កើន​ឡើង ការ​ពង្រីក​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ក្រៅ​ប្រទេស​ចិន អាច​បំពេញ​តម្រូវ​ការ​ទីផ្សារ​អាមេរិក​បាន​យ៉ាង​ងាយ​ស្រួល”។

ចំពោះ​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ក្រៅ​ប្រទេស​ចិន​នេះ លោក Ming-Chi Kuo បាន​សំដៅ​ដល់​សង្វាក់​ផលិតកម្ម​នៅ​រោងចក្រ​ Foxconn ដែល​មាន​ទីតាំង​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឥណ្ឌា រួម​ជា​មួយ​រោងចក្រ​ Wistron ដែល​​មាន​ទីតាំង​នៅ​ឥណ្ឌា ដែល​ជា​រោងចក្រ​ផលិត iPhone។ AirPods ក៏​បាន​ចាប់​ផ្ដើម​ផលិត​នៅ​រោងចក្រ​ក្រៅ​ប្រទេស​ចិន​ដែរ ពោល​គឺ​រោងចក្រ​ Luxshare ICT និង Goertek ដែល​មាន​ទីតាំង​នៅ​វៀតណាម៕​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី