ក្រមុំ​តែង​ខ្លួន​ អ៊ុំ​ ចំរើន​ សុំ​ចិត្ត​មហាជន​ឲ្យ​ជួយ​ព្យាបាល​ជង្គង់​សង្ឃឹម​បាន​ឡើង​វ៉ៃ​វិញ​

  • 2019-08-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​តែងតែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សើច​សប្បាយ​ពេល​រំលឹក​គុណ​គ្រូ​មុន​ពេល​ប្រកួត​ អ៊ុំ​ ចំរើន​ មាន​របួស​ជង្គង់​ជាង​១​ឆ្នាំ​ហើយ​នោះ​ ឥលូវ​កំពុង​ខ្វះខាត​ថវិកា​វះកាត់​ដើម្បី​បាន​ឱកាស​វិល​ចូល​សង្វៀន​ប្រដាល់​វិញ។​

កីឡាករ អ៊ុំ ចំរើន

អ៊ុំ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ បញ្ហា​របួស​ជង្គង់​ឆ្វេង​នេះ​គឺ​ឈឺ​រយៈពេល​ជាង​១ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ខ្លួន​មិន​បាន​ផ្សព្វផ្សាយ​ ឬ​បង្ហោះ​លើ​ហ្វេសបុក​ឲ្យ​អ្នកគាំទ្រ​ដឹង​នោះ​ឡើយ​ ពោល​នៅ​ទ្រាំ​ព្យាបាល​ពី​ពេទ្យ​មួយ​ទៅ​ពេទ្យ​មួយ​តាម​លទ្ធភាព​របស់​ខ្លួន។​ ការ​ព្យាបាល​នេះ​បាន​ត្រឹម​ធូរស្រាល​ប៉ុណ្ណោះ​ មិន​អាច​ចូល​ហ្វឹកហាត់​នោះ​ឡើយ ​គឺ​នៅ​តែ​ឈឺ​នៅ​តែ​ក្រឡាច់​ក្បាល​ជង្គង់​ដដែល។​

កីឡាករ អ៊ុំ ចំរើន

បន្ទាប់​ពី​បាន​ចូល​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​សហភាព​សូវៀត​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ជំងឺ​ជង្គង់​របស់​គេ​ត្រូវ​តែ​វះកាត់​ទើប​អាច​វិល​ចូល​ប្រកួត​វិញ​បាន​ ដូច្នេះ​ អ៊ុំ​ ចំរើន​ និង​ភរិយា​សម្រេច​ថា​នឹង​វះកាត់​ហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​ រហស្សនាម​ ក្រមុំ​តែងខ្លួន​រូប​នេះ​បន្ថែម​ទៀត​ថា​ ថ្លៃ​វះកាត់​ និង​ស្នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​នោះ​ចំណាយ​ប្រហែល​ជាង​១០០០​ដុល្លារ។​

កូន​សិស្ស​លោក​គ្រូ​ ញ៉ូវ​ ម៉ាក់​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ ប្រសិន​បើ​ការ​វះ​កាត់​នេះ​បាន​ជោគជ័យ​ហើយ​នោះ​ នៅ​ពេល​ជាង​សះស្បើយ​នឹង​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ ដើម្បី​កំដរ​អារម្មណ៍​អ្នក​និយម​គាំទ្រ​ប្រដាល់​ជា​បន្តទៀត។​ ចំរើន​ ក៏​សំណូមពរ​ដល់​មហាជន​ ដែល​មាន​ស្ដានចិត្ត​ចង់​ជួយ​ជា​ថវិកា​ក្នុង​ការ​វះកាត់​នេះ​អាច​ទំនាក់ទំនង​មក​កាន់​លោក​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​ 093 71 55 04​ ឬ​តាម​ក្រុម​ការងារ​ Sabay News Sport។​

អ៊ុំ ចំរើន ពេលនៅប្រកួត

រំលឹក​ដែរ​ថា​ អ៊ុំ​ ចំរើន​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​តាឡីដំរីមានរិទ្ធ​ ក្នុង​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​ អ្នក​ប្រដាល់​រូប​នេះ​ជា​ម្ចាស់​ខ្សែក្រវាត់​គោជល់​ គូបូតា​ និង​ពាន​រង្វាន់​មួយ​ចំនួន​ទៀត។​ ការ​ប្រកួត​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​គេ​មាន​របួស​នោះ​គឺ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ជា​មួយ​កីឡាករ​ថៃ​ ភិត​ ម៉ានី​ អំឡុង​ខែ​ឧសភា​ ២០១៨៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី