ថា​មែន​ៗ​ ឡុង​ សុភី​ ឡើងសងសឹក រឿង​ សោភ័ណ្ឌ​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៦៩​គីឡូក្រាម​

  • 2019-08-26 05:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​បំផុត​អ្នក​ប្រដាល់​លេង​ជង្គង់​ ឡុង​ សុភី​ បាន​ឡើង​ទៅ​ជួប​សត្រូវ​ចាស់​ រឿង​ សោភ័ណ្ឌ​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​ ហើយ​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​ រ៉េមបូ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​នៅ​ CNC។​

ឡុង សុភី និង​ រឿង​ សោភ័ណ្ឌ

កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ ខាង​លើ​នេះ​នៅ​តែ​បង្ហាញ​ទម្រង់​ប្រកួត​បាន​ល្អ​ ជា​ពិសេស​លទ្ធផល​ឈ្នះ​ជា​ហូរហែ​នា​ការ​ប្រកួត​មិត្តភាព​កន្លង​មក​ ហើយ​ជា​ឱកាស​ពិសេស​មួយ​ទៀត​នោះ​ គឺ​អាច​ឈ្នះ​ពិន្ទុ​ថៃ​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ ដើម្បី​បន្ត​ដំណើរ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

សុភី​ ធ្លាប់​ឈឺ​ចាប់​រួច​ហើយ​ដោយ​សារ​ រឿង​ សោភ័ណ្ឌ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​ត្រូវ​សន្លប់​ក្រោម​កណ្ដាប់ដៃ​គ្មាន​មេត្តា​ អស់​ឱកាស​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់។​ ការ​ប៉ះ​គ្មាន​ជា​ថ្មី​នេះ​អាច​ជា​ឱកាស​សងសឹក​វិញ​ហើយ​ ប៉ុន្តែ​សងសឹក​បាន​ឬ​មិន​បាន​មាន​តែ​ចាំ​ទស្សនា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត។​

កីឡាករ ឡុង សុភី

រំលឹក​ដែរ​ថា ​ខ្សែក្រវាត់​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ ទម្ងន់​ ៦៩​គីឡូក្រាម​របស់​ CNC​ បាន​រក​ឃើញ​បេក្ខភាព​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​បន្ទាប់​ពី​ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Kongthailand​ ខណៈ​ ឡុង​ សុភី​ ឈ្នះ​ពិន្ទូ​ Rembo​ កាល​ពី​ថ្ងៃ​សៅរ៍​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​អាច​នឹង​ធ្វើ​ឡើង​នៅ​២សប្ដាហ៍​ខាង​មុខ។​ ចំពោះ​ម្ចាស់​ខ្សែក្រវាត់​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១៦​លាន​រៀល​ ស្មើ​៤០០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​