បច្ចេកទេស​បង្កើត​សត្វ​ឲ្យ​ដូច​ពិតៗក្នុងរឿង "Lion King” ពិតជាមិនស្រួលទេ

  • 2019-08-26 08:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគយន្ត Lion King ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​ផលិត​ឡើង​វិញ​​ចេញ​ពី​ខ្សែ​ភាពយន្ត​គំនូរជីវចល​ដែល​​មាន​ឈ្មោះ​ដូច​គ្នា និង​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ១៩៩៤។ ការ​ផលិត​ភាពយន្ត​នេះ​ឡើង គឺ​​ត្រូវ​ឆ្លងកាត់​​ដំណាក់​កាល​ធំៗ​ចំនួន ៤ ៖

១. ដំណាក់​កាល​ពី​មួយ ៖ នៅ​ប្រទេស​កេនយ៉ា​

នៅ​ដើម​ឆ្នាំ ២០១៧ សមាជិក​សំខាន់ៗ​នៃ​ក្រុម​ការងារ​ បាន​ចាប់​ផ្ដើម​​ធ្វើ​ដំណើរ​ទៅ​កាន់​​ទ្វីប​អាហ្វ្រិក​​រយៈពេល​ ២ សប្ដាហ៍ ដើម្បី​ស្វែង​យល់​អំពី​បរិស្ថាន​ធម្មជាតិ រួម​ជា​មួយ​នឹង​សត្វ​ផង​ដែរ។ អំឡុង​ដំណើរ​នេះ ក្រុម​បាន​ប្រមូល​យក​ទិន្នន័យ​លម្អិត​នៃ​សត្វ​នីមួយៗ​ដែល​បាន​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ប្រភេទ​​គំនូរជីវចល​កាល​ពី​ឆ្នាំ ១៩៩៤។

ពួក​គេ​បាន​ទៅ​កាន់​ឧទ្យានជាតិ​ជា​ច្រើន ​នៅ​ក្នុង​ប្រទេស​កេនយ៉ា ដោយ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​ និង​រថយន្ត​ពិសេស។ ក្រុម​ការងារ​ដឹក​ជញ្ជូន​ឧបករណ៍​ថត​ទំនើប​មួយ មាន​ទម្ងន់​ក្បែរ​ ១ តោន ដើម្បី​ថត​យក​វីដេអូ​មាន​ទំហំ​សរុប​ដល់​ ១២ TB និង​រូបភាព​ ២៤០ ០០០ សន្លឹក។ ទិន្នន័យ​ទាំង​នេះ​ប្រមូល​យក​ទុក​សម្រាប់​ជា​ឯកសារ​យោង​ ក្នុង​ការ​បង្កើត​តំបន់ Pride Lands ដែល​ជា​តំបន់​សំខាន់​មួយ​ក្នុង​ខ្សែ​ភាពយន្ត។

២. ដំណាក់​កាល​ទី ២ ៖ ការ​បង្កើត​បរិស្ថាន​​សិប្បនិម្មិត​សម្រាប់​ទីតាំង Serengeti

ក្រុម​ការងារ​បាន​ប្រើ​នូវ Unity ដែល​ជា​ឧបករណ៍​មួយ​​ជំនាញ​ក្នុង​ការ​ផលិត​វីដេអូ​ហ្គេម​ល្បីៗ​នា​ពេល​បច្ចុប្បន្ន។ មាន​ហ្គេម​រាប់​រយ​ផលិត​ឡើង​ដោយ​ប្រើ​ Unity មាន​ដូច​ជា​ Pokémon Go, Crossy Road និង​ Wasteland។

ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​ប្រមូល​បាន ក្រុម​វិស្វករ​បាន​ចាប់​ផ្ដើម​សរសេរ​ប្រូក្រាម​ បង្កើត​នូវ​ប្រព័ន្ធ​អេកូ​សិប្បនិម្មិត​ ដោយ​មាន​ការ​​​រើស​យក​នូវ​ដើម​ឈើ និង​សត្វ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ឲ្យ​ដូច​នឹង​ភាពយន្ត​ដើម និង​តាម​បំណង​របស់​អ្នក​ដឹក​នាំ Favreau។

លោក Ben Grossman អ្នក​ដឹក​នាំ​ផ្នែក​សង្វាក់​ផលិតកម្ម​សិប្បនិម្មិត​ បាន​និយាយ​ថា​ដំណើរ​ការ​នេះ​មិន​ត្រឹម​ទាក់ទង​នឹង​ផ្នែក​ក្រាហ្វិក​កុំព្យូទ័រ​នោះ ប៉ុន្តែ​ក៏​ពឹង​លើ​ AI ផង​ដែរ។ នៅ​ពេល​ម៉ូដែល 3D នៃ​សត្វ​មួយ​បាន​បង្កើត​រួច វិស្វករ​ត្រូវ​បង្រៀន​ AI ឲ្យ​​អាច​អភិវឌ្ឍន៍​ម៉ូដែល​នោះ​ទៅ​តាម​ស្ថានភាព​ផ្សេងៗ​គ្នា ដូច​ជា​ពេល​សត្វ​ឃ្លាន ឬ​រងា​ជា​ដើម។

៣. ដំណាក់​កាល​ទី​បី ៖ ថត​ជា​មួយ​បច្ចេកវិទ្យា​សិប្បនិម្មិត

​​​​​​ក្រោយ​ពី​បង្កើត​ប្រព័ន្ធ​អេកូ​រួច គេ​ក៏​បង្កើត​នូវ​ស្ទូឌីយោ​ថត​មួយ​ដែល​មាន​ឈ្មោះ​ Volume។ Volume គឺ​ជា​ពាក្យ​​តំណាង​ឲ្យ​ ប្រព័ន្ធ​អេកូ​សិប្បិនិម្មិត (Virtual Ecosystem), Motion Sensor និង Real-Time Image Decoder។ ការ​រួម​បញ្ចូល​គ្នា​នេះ អាច​ឲ្យ​គេ​ផលិត​បាន​នូវ​​ប្លង់​សិប្បនិម្មិត​ដូច​ពិតៗ​យ៉ាង​អ៊ីចឹង។

៤. ដំណាក់​កាល​​ចុង​ក្រោយ

ក្រោយ​ពី​បញ្ចប់​ដំណើរ​ការ​ថត​រួច ក្រុម​ការងារ​ចាប់​​ដាក់​បញ្ចូល​គ្នា​នូវ​ប្លង់​នីមួយ។ វិធីសាស្ត្រ​នៃ​ការ​ Render ​​​​​ប្លង់​នៃ​ភាពយន្ត​នេះ មិន​ខុស​ពី​ការ​ផលិត​របស់​ភាពយន្ត​នា​ពេល​កន្លង​មក​នោះ​ទេ។ យ៉ាងណាក្ដី​រូបភាព​ក្នុង​ខ្សែ​ភាពយន្ត​ Lion King ឆ្នាំ ២០១៩ គឺ​ឈាន​ដល់​ចំណុច​កំពូល​មួយ ប្រៀប​ដូច​ទិដ្ឋភាព​ពិតៗ​អ៊ីចឹង។ CNN បាន​លើក​ឡើង​ថា​ចំណុច​កំពូល​នេះ គឺ​បាន​មក​ពី​រូបភាព​ដែល​មាន​គុណភាព​ច្បាស់ និង​ប្រភព​វីដេអូ​ដែល​ក្រុម​ការងារ​បាន​ប្រមូល​យក​យ៉ាង​លំបាក។

​​​​​​ដោយ​សារ​​ភាព​រស់​រវើក​របស់​​ភាពយន្ត ទើប​ធ្វើ​ឲ្យ Lion King ក្លាយ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទីពីរ ប្រចាំ​ឆ្នាំ ២០១៩ នេះ (រក​បាន​ ១,៥ ពាន់​លាន​ដុល្លារ) នៅ​ពី​ក្រោយ Avengers: Endgame៕

ចុចអាន ៖ បង្ហាញបច្ចេកទេសថតប្លង់ Cap vs. Cap ក្នុងរឿង Avengers: Endgame (វីដេអូ)

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង