ការលក់ស្មាតហ្វូនថយចុះ Samsung ងាកមកលក់គ្រឿងបន្លាស់ឲ្យក្រុមហ៊ុនចិនវិញ

  • 2019-08-29 03:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តំណែង​កំពូល​របស់ Samsung នៅ​ក្នុង​សហគ្រាស​ស្មាតហ្វូន​នា​ពេល​នេះ កំពុង​រង​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​របស់​ចិន​ជា​ច្រើន។ ក្រុមហ៊ុន​ចិន​បាន​ដណ្ដើម​យក​ចំណែក​ទីផ្សារ​​របស់ Samsung ជា​បន្ត​បន្ទាប់ ហើយ​ចំពោះ Huawei ធ្លាប់​​បាន​បង្ហាញ​មហិច្ឆតា​​យក​តំណែង​កំពូល​ពី Samsung ទៀត​ផង។

​ក្រោម​ការ​ប្រកួត​ប្រជែង​ទាំង​នេះ Samsung ទំនង​ជា​​​ប្រើ​យុទ្ធសាស្ត្រ​​ ធ្វើ​ជា​ដៃ​គូ​ផង និង​គូ​ប្រកួត​ប្រជែង​ផង។ ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក The Korea Times បាន​ឲ្យ​ដឹង​ថា Samsung កំពុង​ពង្រីក​យុទ្ធសាស្ត្រ​​លក់​គ្រឿង​បន្លាស់​ស្មាតហ្វូន​ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​ពិសេស Huawei Xiaomi OPPO និង Vivo។

នេះ​មាន​ន័យ​ថា​ Samsung ដែល​កំពុង​តែ​យ៉ាប់​យឺន​ក្នុង​ការ​ផ្ដួល​គូ​ប្រជែង​លើ​ទីផ្សារ​បើក​ទូលាយ ត្រូវ​ពឹង​ផ្អែក​លើ​ការ​លក់​គ្រឿង​បន្លាស់​ស្មាតហ្វូន​ទៅ​ឲ្យ​គូ​ប្រជែង​ជំនួស​វិញ ដើម្បី​បន្ត​រក្សា​ការ​រីក​លូត​លាស់​របស់​ខ្លួន។

ឧទាហរណ៍​ជាក់​ស្ដែង កាល​ពី​ថ្មីៗ​នេះ Samsung ប្រកាស​ថា​នឹង​លក់​ Sensor រូបភាព ISOCELL Bright GW1 ទៅ​ឲ្យ​ Xiaomi សម្រាប់​ប្រើ​លើ​ស្មាតហ្វូន​ត្រកូល Redmi របស់​ខ្លួន។ Samsung ក៏​នឹង​លក់​ Sensor កម្រិត ១០៨ MP របស់​ខ្លួន​ទៅ​ឲ្យ Xiaomi ហើយ OPPO ក៏​គ្រោង​នឹង​ចាប់​ផ្ដើម​ប្រើ​ Sensor Samsung ផង​ដែរ។

Huawei ក៏​បាន​បញ្ជាក់​ថា​នឹង​បង្កើន​ចំនួន​ទិញ​អេក្រង់ OLED របស់ Samsung ផង​ដែរ។ ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា​ Huawei Mate 30 និង Mate 30 Pro នឹង​ប្រើ​បន្ទះ​អេក្រង់ Samsung ជា​លើក​ដំបូង​សម្រាប់​ត្រកូល Mate។ បុគ្គលិក​​ជាន់​ខ្ពស់​របស់ Samsung មិន​ព្រម​បញ្ជាក់​ ឬ​ប្រកែក​នឹង​ចចាមអារ៉ាម​នេះ​ទេ ប៉ុន្តែ​និយាយ​ថា​ក្រុមហ៊ុន​ខ្លួន​បាន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ឲ្យ​ក្រុមហ៊ុន​ចិន រាប់​ឆ្នាំ​មក​ហើយ។

ការ​ប្រកាស​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​កាល​ពី​ថ្មីៗ​នេះ Samsung បាន​លើក​ឡើង​អំពី​ចំនួន​លក់​ខ្សោយ​​របស់​ត្រកូល Galaxy S10 និង​ការ​ថយ​ចុះ​នូវ​​តម្រូវ​ការ​ផលិតផល​តម្លៃ​ថ្លៃ។ ជា​មួយ​ចំណុច​នេះ វា​សម​ហេតុផល​ដែល​ក្រុមហ៊ុន​​ប្ដូរ​ពី​ពឹង​ផ្អែក​លើ​ការ​លក់​ស្មាតហ្វូន​របស់​ខ្លួន ងាក​មក​ជួយ​គូ​ប្រជែង​វិញ​​ដើម្បី​រក​ប្រាក់​ចំណេញ៕​​​​

ចុចអាន ៖ បង្ហាញមុខហើយ ស្មាតហ្វូកាមេរ៉ាទំហំ 64MP ដំបូងគេក្នុងលោក

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង